ក្នុងរបាយការណ៍ក៏បានលើកបង្ហាញពីករណីមិនប្រក្រតីមួយចំនួនរបស់អាជ្ញាធរដែនដី ដែលបានយកដីព្រៃសហគមន៍របស់ប្រជាពលរដ្ឋទៅលក់ឲ្យឈ្មួញ ឬបណ្ដោយឲ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចខ្លះឈូសឆាយរំលោភយកដីប្រជាពលរដ្ឋ បើទោះបីជាក្រុមនិស្សិតបានវាស់វែងឲ្យប្រជាពលរដ្ឋរួចហើយក៏ដោយ។ ចំណែកអាជ្ញាធរខេត្តនិយាយថា គេមិនបានដឹងអំពីរបាយការណ៍នេះទេ។
ក្រុមនិស្សិតស្ម័គ្រចិត្តចុះវាស់វែងដីធ្លីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រុមទី១២០ ប្រចាំស្រុកនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ បានធ្វើរបាយការណ៍សរសេរដោយដៃចំនួន ៨ទំព័រក្រដាសរ៉ាម រៀបរាប់ពីភាពមិនប្រក្រតីមួយចំនួនក្នុងបញ្ហាទំនាស់ដីធ្លីដែលបង្កឡើងដោយអាជ្ញាធរដែនដី និងអាជ្ញាធរជំនាញ។
ប្រធានក្រុមនិស្សិតស្ម័គ្រចិត្តចុះវាស់វែងដីធ្លីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រុមទី១២០ ដែលបានធ្វើការវាស់វែងដីនៅក្នុងស្រុកក្រគរ គឺលោក ខៀវ បញ្ញាវឌ្ឍន៍ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ធ្នូ ថា លោកបានជូនរបាយការណ៍នេះផ្ទាល់ដៃដល់លោក ហ៊ុន ម៉ានិត ប្រធានក្រុមនិស្សិតស្ម័គ្រចិត្តចុះវាស់វែងដីធ្លី ដែលជាកូនប្រុសរបស់ប្រមុខរាជរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសង្ឃឹមថា របាយការណ៍នេះនឹងបានដឹងឮដល់លោកនាយករដ្ឋមន្ត្រី។
លោក ខៀវ បញ្ញាវឌ្ឍន៍៖ «ខ្ញុំគិតថាចំណុចទាំងនោះ គឺមានភាពមិនប្រក្រតី និងមានអាថ៌កំបាំងអ្វីមួយដែលធ្វើឲ្យប្រជាពលរដ្ឋរងភាពអយុត្តិធម៌ ទើបខ្ញុំធ្វើរបាយការណ៍នេះជូនឯកឧត្តម ហ៊ុន ម៉ានិត ឲ្យលោកជ្រាប ដើម្បីឲ្យលោកមានវិធានការ»។
ក្នុងរបាយការណ៍ប្រធានក្រុមនិស្សិតស្ម័គ្រចិត្តក្រុមទី១២០ លោក ខៀវ បញ្ញាវឌ្ឍន៍ បានបញ្ជាក់លំអិតអំពីផលប៉ះពាល់នានាដែលកើតចេញពីដីសម្បទានរបស់ក្រុមហ៊ុន មកលើប្រជាពលរដ្ឋ ដោយបានបញ្ជាក់ថា អាជ្ញាធរដែនដីមិនត្រឹមតែមិនជួយដោះស្រាយផលប៉ះពាល់នេះទេ តែថែមទាំងបំភិតបំភ័យប្រជាពលរដ្ឋ ដើម្បីផ្ដល់ជាប្រយោជន៍ចំពោះក្រុមហ៊ុនទៀតផង។
ជាមួយគ្នានេះដែរ លោក ខៀវ បញ្ញាវឌ្ឍន៍ បានសម្ដែងការងឿងឆ្ងល់ និងខកចិត្តយ៉ាងខ្លាំងចំពោះអាជ្ញាធរដែនដី និងអាជ្ញាធរជំនាញដែលបានដកហូតយកសលាកបត្រវាស់វែង ដែលក្រុមនិស្សិតបានផ្ដល់ជូនប្រជាពលរដ្ឋនៅឯភូមិក្រឡាញ់ ឃុំក្បាលត្រាច រួចហើយនោះ។
លោក ខៀវ បញ្ញាវឌ្ឍន៍៖ «ឯកឧត្តម កែវ រតនៈ គាត់បានចុះមកមើលផ្ទាល់ហើយ គឺដីទាំងអស់ហ្នឹងមិនប៉ះពាល់ដីសហគមន៍ទេ ហើយមូលហេតុអីដែលអាជ្ញាធរឃុំស្រុកហ្នឹង កាក់សលាកបត្រគេ ខ្ញុំឆ្ងល់ដែររឿងហ្នឹង ហើយគេថាដីហ្នឹងពាក់ព័ន្ធដីសហគមន៍ទៀត នោះខ្ញុំអត់យល់តែម្ដង»។
អភិបាលខេត្តពោធិ៍សាត់ គឺលោក ខូយ សុខា មានប្រសាសន៍នៅរសៀលថ្ងៃទី២៩ ធ្នូ ថា លោកពុំបានដឹងអំពីរបាយការណ៍របស់ក្រុមនិស្សិតនេះទេ។
កាលពីថ្ងៃទី១៤ ធ្នូ ប្រជាពលរដ្ឋជាង ៦០គ្រួសារ បានប្រតិកម្មចំពោះអាជ្ញាធរដែនដីដែលបានដកហូតយកសលាកបត្រដីដែលក្រុមយុវជនបានវាស់វែង និងផ្ដល់សលាកបត្រឲ្យពួកគាត់រួចហើយ។ បុរសអ្នកភូមិឈ្មោះ ម៉ាត់ រ៉ាយូ អាយុ ៥២ឆ្នាំ ជាតំណាងប្រជាពលរដ្ឋនៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ គាត់បានឲ្យដឹងថា នេះប្រជាពលរដ្ឋបានកាន់កាប់ និងអាស្រ័យផលតាំងពីឆ្នាំ១៩៩៧។ ក្រុមនិស្សិតក៏បានវាស់វែងចេញសលាកបត្រឲ្យរួចហើយ តែឥឡូវអាជ្ញាធរដែនដីបែរជាដកហូតសលាកបត្រមិនប្រគល់ប័ណ្ណកម្មសិទ្ធិឲ្យគាត់ទេ។
ប៉ុន្តែ លោក ចេង ឡៃ ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកបានបន្ទោសថា នេះជាកំហុសផ្នែកបច្ចេកទេសក្នុងការវាស់វែងរបស់ក្រុមនិស្សិត៖ «អ្នកវាស់វែងមិនបានមើលផែនទីប្រើប្រាស់ដីរបស់ស្រុក និងខេត្ត។ ដល់អ៊ីចឹង គាត់វាស់វែងជ្រុលចូលទៅក្នុងដីរបស់សហគមន៍ ព្រោះដីសហគមន៍អត់មានបង្គោលព្រំទេ។ ដល់ពេលដែលយើងយកមកផ្ទៀងផ្ទាត់នៅឯខេត្ត ទើបឃើញថាចូលដីព្រៃសហគមន៍»។
យ៉ាងនេះក្ដី ប្រធានក្រុមនិស្សិតទី១២០ យុវនិស្សិត ខៀវ បញ្ញាវឌ្ឍន៍ បានសរសេរក្នុងរបាយការណ៍ផ្ញើជូនលោក ហ៊ុន ម៉ានិត ជាប្រធានក្រុមនិស្សិតស្ម័គ្រចិត្តចុះវាស់វែងដីធ្លីទូទាំងប្រទេសថា លោកបានពិនិត្យឃើញថាដីតំបន់នេះ គឺជាដីដែលប្រជាពលរដ្ឋអាស្រ័យផលរួចហើយ ទើបក្រុមនិស្សិតសម្រេចវាស់វែងឲ្យប្រជាពលរដ្ឋ។ និស្សិតរូបនេះបន្តថា ការដកយកសលាកបត្រពីប្រជាពលរដ្ឋវិញនេះ អាចធ្វើឲ្យខកបំណង និងមិនបម្រើឲ្យឆន្ទៈពិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។