មន្ត្រី​កម្ពុជា​រំពឹង​ថា មាន​ប្រទេស ១៥៦ នឹង​ចូលរួម​កិច្ច​ប្រជុំ​អន្តរជាតិ​ស្ដីពី​គ្រាប់​មីន

មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​រំពឹង​ថា មាន​មន្ត្រី​ការទូត និង​អ្នក​ជំនាញ​ការ​ចំនួន ១.០០០ នាក់ មក​ពី​ប្រទេស​ចំនួន ១៥៦ ចូលរួម​បើក​កិច្ចប្រជុំ​អន្តរជាតិ​ស្ដីពី​គ្រាប់​មីន នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០១១ ខាង​មុខ​នេះ។

0:00 / 0:00

ប្រទេស​មហា​អំណាច​ខាង​សព្វាវុធ ដូចជា សហរដ្ឋអាមេរិក ចិន រុស្ស៊ី ចក្រភព​អង់គ្លេស និង​ ប្រទេស​អាល្លឺម៉ង់ គេ​រំពឹង​ថា នឹង​បញ្ជូន​តំណាង​មក​ចូលរួម​ដែរ។

មន្ត្រី​ជាន់​ខ្ពស់​ខាង​បោស​សំអាត​គ្រាប់​មីន នៅ​ប្រទេស​កម្ពុជា បាន​ប្រកាស​ថា កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​អន្តរជាតិ​ធំ​មួយ នៅ​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី ២ ខែ​ធ្នូ ឆ្នាំ ២០១១។

កិច្ចប្រជុំ​នេះ នឹង​ពិនិត្យ​មើល​ឡើង​វិញ​លើ​ប្រទេស​ហត្ថលេខី​នានា រាប់​ទាំង​ប្រទេស​កម្ពុជា​ផង ថា​តើ​បាន​អនុវត្ត​តាម​អនុសញ្ញា​អន្តរជាតិ ស្ដីពី​ការ​លុបបំបាត់​គ្រាប់​មីន បាន​ប្រសិទ្ធភាព​យ៉ាង​ណា។

កិច្ចប្រជុំ​ខាង​មុខ​នោះ គឺ​ធ្វើ​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​ហាមឃាត់​ការ​ប្រើប្រាស់​គ្រាប់មីន។ កិច្ចប្រជុំ​នេះ គេ​បាន​ធ្វើ​ឡើង​នៅ​រៀងរាល់ ៥ ឆ្នាំ​ម្តង ដើម្បី​តាម​ដាន​ការ​អនុវត្ត​តាម​អនុសញ្ញា​អន្តរជាតិ​នេះ ដែល​ត្រូវ​បាន​អនុម័ត នៅ​ឆ្នាំ ១៩៩៧ កន្លង​ទៅ ដែល​គេ​ស្គាល់​ថា អនុសញ្ញា​ក្រុង អូតាវ៉ា (Ottawa) នៃ​ប្រទេស​កាណាដា។

អនុប្រធាន​អាជ្ញាធរ​មីន​កម្ពុជា លោក ប្រាក់ សុខុន និង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​ខាង​មុខ​នេះ គឺ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​កម្ពុជា ដែល​បាន​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​យ៉ាង​ធ្ងន់ធ្ងរ​កន្លង​មក។

លោក ប្រាក់ សុខុន៖ «គឺ​ជា​ឱកាស ដើម្បី​ឲ្យ​យើង​បញ្ជាក់​អះអាង​សា​ជា​ថ្មី​អំពី​ឆន្ទៈ​របស់​កម្ពុជា​យើង ក្នុង​ការ​បញ្ចប់ ក្នុង​លុប​បំបាត់​ឲ្យ​អស់​គ្រាប់​មីន​នៅ​លើ​ទឹកដី​របស់​យើង។ ដោះ​មីន​ឲ្យ​អស់​ពី​ទឹក​ដី ដែល​រង​ផល​ប៉ះពាល់​នេះ ផ្ដល់​សុវត្ថិភាព​ដល់​ប្រជា​ពលរដ្ឋ​យើង និង​ផ្ដល់​ឱកាស ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍ ហើយ​ក៏​ជា​ឱកាស​មួយ​សម្រាប់​កម្ពុជា ចែក​រំលែក​នូវ​បទ​ពិសោធន៍ ដែល​ខ្លួន​មាន នៅ​ក្នុង​វិស័យ​សកម្មភាព​មីន​នេះ»។

នាយក​អង្គភាព​គាំទ្រ​ការ​អនុវត្ត​អនុសញ្ញា​នេះ គឺ​លោក ខេរី ប្រីនកឺត (Kerry Brinkert) មាន​ប្រសាសន៍​ថា នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ឲ្យ​ប្រទេស​នានា នៅ​លើ​ពិភព​លោក រំលឹក​ឡើង​វិញ​ថា តើ​គេ​អនុវត្តន៍​តាម​អនុសញ្ញា​នោះ បាន​ប៉ុណ្ណា​ហើយ។

លោក ខេរី ប្រីនកឺត៖ «វា​ជា​ឱកាស​ដ៏​ល្អ​មួយ​ទៀត ដើម្បី​ចាត់​វិធានការ​បន្ត​ទៀត និង​ការ​បញ្ជាក់​គោល​ជំហរ​ជា​ថ្មី ចំពោះ​ការ​អនុវត្ត​កន្លង​មក នៅ​មិន​ទាន់​បាន​ពេញលេញ​នៅ​ឡើយ»។

កិច្ចប្រជុំ​ខាង​មុខ​នេះ ក៏​នឹង​ពិនិត្យ​លើ​សំណើ​ពី​ប្រទេស​ចំនួន ៤ គឺ​ប្រទេស​អាល់ហ្សេរី ប្រទេស​ស៊ីលី សាធារណរដ្ឋ​ប្រជាធិបតេយ្យ កុងហ្គោ និង​ប្រទេស​អេរីត្រេ ដែល​បាន​ស្នើសុំ​ពន្យារ​ពេល​ការ​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​នោះ​ចំនួន ១០ ឆ្នាំ​ទៀត នៅ​គ្រា​ដែល​ឱសានវាទ​សម្រាប់​ប្រទេស​នេះ នឹង​ផុត​កំណត់​នៅ​ឆ្នាំ ២០១២ ខាង​មុខ។

ប្រទេស​នានា នៅ​តំបន់​អាស៊ាន ដែល​បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​ក្រុង​អូតាវ៉ា​នោះ មាន​ដូច​តទៅ៖ កម្ពុជា ថៃ ហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី និង​ប្រទេស ឥណ្ឌូនេស៊ី។ ចំណែក​ឯ​ប្រទេស ដែល​មិន​ទាន់​បាន​ចុះ​ហត្ថលេខា​នោះ មាន​ដូច​ជា ប្រទេស​វៀតណាម ឡាវ ភូមា និង​ប្រទេស​សឹង្ហបុរី។

ប្រទេស​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​ក្រុង​អូតាវ៉ា នៅ​ឆ្នាំ ១៩៩៧។ ប្រទេស​កម្ពុជា បាន​បោស​សំអាត​គ្រាប់​មីន តាំង​ពី​ឆ្នាំ ១៩៩២ រហូត​ដល់​ពេល​នេះ គឺ​បាន​ចំនួន​ជិត ៧ លាន គ.ម​ក្រឡា​ហើយ។

ប្រទេស​កម្ពុជា គ្រោង​ស្នើសុំ​ពន្យារពេល​ដោះ​មីន​រយៈ​ពេល ១០ ទៀត ចាប់​ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៩ ដែល​នឹង​ត្រូវ​ចំណាយ​ថវិកា​ចំនួន ៤៥៥ លាន​ដុល្លារ​អាមេរិក​ពី​ប្រទេស​ម្ចាស់​ជំនួយ៕