ហេតុការណ៍គ្រោះថ្នាក់ធម្មជាតិដោយសាររន្ទៈបាញ់នេះបានកើតមានឡើងនៅភូមិនិគមក្នុង ឃុំជ្រួយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្តាលឲ្យស្លាប់អ្នកភូមិពីរនាក់នៅកន្លែងផ្សេងគ្នា។
មេឃុំជ្រោយស្តៅ លោក ង៉ែត នឹម បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីនាព្រឹកថ្ងៃអាទិត្យថា មនុស្សទាំងពីរនាក់ដែលទទួលរងគ្រោះនោះម្នាក់ ឈ្មោះ វ៉ន វ៉េត ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវបានរន្ទៈបាញ់ស្លាប់នៅវេលាម៉ោង៣:៣០នាទីល្ងាច ខណៈដែលកំពុងអង្គុយមើលទូរទស្សន៍នៅក្រោមផ្ទះនិងម្នាក់ទៀតឈ្មោះ អែល សុយ ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវបានរន្ទៈបាញ់នៅវេលាម៉ោង៥ល្ងាចខណៈដែលកំពុងបើកបរម៉ាស៊ីនគោយន្តទៅវាលស្រែ។ ជនរងគ្រោះទាំងពីររស់នៅក្នុងភូមិនិគមក្នុង ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ដូចគ្នា។
លោក ង៉ែត នឹម បានឲ្យដឹងថា ៖ «អានេះបើនិយាយពិតទៅម្នាក់នោះវាជ្រកនៅក្រោមផ្ទះ វាបាញ់ទៅឃើញថា ត្រូវសសរហើយនិងទូរទស្សន៍ មូលហេតុទូរទស្សន៍បែបមិនបិទអីមិនដឹង ហ្នឹងបញ្ហាដែលស្លាប់នៅក្រោមផ្ទះ។ មួយទៀតនោះគឺបើកគោយន្ត ដល់របៀបវាយ៉ាងម៉េចវាស្រូបដោយសារដែកហ្នឹងក៏មិនដឹង បាញ់កណ្ដាលផ្លូវមកវិញហើយហ្នឹង»។
មន្ត្រីនៃមន្ទីរធនធានទឹកនិងឧតុនិយម រួមទាំងអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា នេះគឺជាគ្រោះថ្នាក់ដំបូងគេបង្អស់នៅក្នុងខេត្តបាត់ដំបងនាដើមឆ្នាំ២០០៩នេះ។
ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង លោក ឡុង ផលគុណ បានឲ្យដឹងថា កន្លងមកខាងមន្ទីរនិងអង្គការ Jica ជប៉ុន បានសហការគ្នាដោយបានបោះពុម្ពសៀវភៅយល់ដឹងពីគ្រោះថ្នាក់ដោយសាររន្ទៈបាញ់នេះ ហើយសៀវភៅទាំងនោះត្រូវបានផ្តល់ទៅឲ្យអាជ្ញាធរមូលដ្ឋានដើម្បីអប់រំប្រជាពលរដ្ឋឲ្យយល់ដឹង។
លោក ឡុង ផលគុណ បានបញ្ជាក់ថា ៖ «ឲ្យបញ្ជូនឯកសារហ្នឹងទៅអាជ្ញាធរដែនដីគ្រប់ទាំងអស់ហ្នឹងដើម្បីឲ្យគាត់ធ្វើការអប់រំបងប្អូនប្រជាពលរដ្ឋយើងបន្តទៀតអ៊ីចឹងទៅណា៎»។
លោក លាង សុធី ប្រធានការិយាល័យឧតុនិយមនិងជលសាស្ត្រ បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ដោយសាររន្ទៈបាញ់នៅពេលមានមេឃភ្លៀងនេះ ៖ «យើងការពាររន្ទៈហ្នឹងយើងត្រូវដកខ្សែទូរទស្សន៍ កុំប្រើគ្រឿងអគ្គិសនីប៉ុណ្ណឹងឯង ដូចជានៅក្នុងឡាន បើកទ្វារឡានចំហរ ហើយកុំប៉ះចង្កូតវា ក្នុងឡានកាលណាមានរន្ទៈយើងបិទត្រចៀកគ្រាន់ការពារ ហើយកុំឲ្យជ្រកក្រោមដើមឈើអី»។
មេឃុំជ្រោយស្តៅ លោក ង៉ែត នឹម បានបញ្ជាក់ការកត់សម្គាល់របស់លោកថា នៅក្នុងភូមិនិគមក្នុងតាំងពីតៗមករហូតមកដល់ដើមឆ្នាំ២០០៩នេះ យ៉ាងហោចណាស់មានអ្នកភូមិរងគ្រោះថ្នាក់ស្លាប់ដោយសាររន្ទៈបាញ់រហូតដល់៥នាក់ហើយ ៖ «យ៉ាប់ជាងគេគឺភូមិហ្នឹងឯង ភូមិនិគមក្នុង បាញ់ច្រើនជាងគេគឺកន្លែងហ្នឹង»។
គួរបញ្ចាក់ថា សាកសពជនរងគ្រោះដោយសាររន្ទៈបាញ់បច្ចុប្បន្នត្រូវក្រុមគ្រួសារកំពុងរៀបចំធ្វើបុណ្យសពនៅភូមិឃុំខាងលើ។
ចំណែកឯអាជ្ញាធរមូលដ្ឋានបានអះអាងបញ្ជាក់ថា គេនឹងធ្វើរបាយការណ៍ដាក់ជូនទៅកាកបាទក្រហមកម្ពុជាដើម្បីសុំជំនួយឧបត្ថម្ភដល់ក្រុមគ្រួសារសព។
សូមជម្រាបថា តាមឱវាទអ្នកវិទ្យាសាស្រ្តផ្នែកឧតុនិយមនិងធាតុអាកាសនៅបស្ចិមប្រទេស គេរំឭកថា ឲ្យមនុស្សរត់រកទីជម្រកនៅទីទំនាបពេលមានព្យុះភ្លៀងផ្ទុកដោយរន្ទៈ ហើយក្រាបឬអង្គុយបើអាចធ្វើទៅបាន ពោលគឺចៀសវាងនៅកណ្តាលវាលហើយនៅទីខ្ពស់។
ចំណែកគ្រឿងឧបករណ៍ប្រើចរន្តភ្លើងអគ្គិសនីវិញ ដូចជាវិទ្យុ ទូរទស្សន៍ កុំព្យូទ័រជាដើម គេត្រូវដកខ្សែចេញសិនពេលរន្ទៈខ្លាំង បើគ្មានខ្សែភ្ជាប់ដោតចូលក្នុងដីហើយគ្មានសម្ភារៈទប់កំណើនកម្លាំងភ្លើងនៅពេលរន្ទៈបាញ់៕
