ការដឹក​ជញ្ជូន​ឈើ​កើត​មាន​នៅ​រតនគិរី ខណៈ​ដែល​ការឃោសនា​បោះឆ្នោត​កំពុង​ប្រព្រឹត្ត

មន្រ្តី​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​ថា ឈើ​ប្រណីត​ប្រភេទ​គ្រញូង​ប្រមាណ​ពី ៨ ទៅ ១០​ម៉ែត្រ​គូប ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ពី​តំបន់​ទ្រនាប់​នៃ​ឧទ្យានជាតិ​វីរជ័យ​ស្ទើរ​រៀង​រាល់​ថ្ងៃ ចាប់​តាំង​ពី​ពេល​អាជ្ញាធរ​នៅ​តំបន់​នោះ​រវល់​ក្នុង​ការរៀបចំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជាតិ​អាណត្តិ​ទី​៤​នេះ ។

0:00 / 0:00

ប្រភព​មន្រ្តី​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​ឈើ​ត្រូវ​បាន​ឈ្មួញ​ដឹក​ជញ្ជូន​តាម​កាណូត​តូច​ៗ​ចំណុះ​ពី ៣ ទៅ ៤​ម៉ែត្រ​គូប នាំ​ចេញពី​បណ្តា​ភូមិសាស្រ្ត​ឃុំសន្តិភាព ឃុំ​ព្រែកមាស ដែល​អ្នកភូមិ​លួច​ចូលកាប់​ក្នុង​តំបន់​ទ្រនាប់​នៃ​ឧទ្យានជាតិ​វីរជ័យ ហើយ​ឈ្មួញ​ជា​អ្នកប្រមូល​ទិញ​ដោយ​បំពាន​ច្បាប់ ៖ «ពេល​ឃោសនា​បោះឆ្នោត​ហ្នឹង កំពុង​តែ​ខ្លាំង​ហើយ​ឥឡូវ​ហ្នឹង ពី​យប់​មិញ​ដល់​ថ្ងៃ​ហ្នឹង ពីរ​បី​ទូក​ហើយ យប់​ក៏​ដឹក​ថ្ងៃ​ក៏​ដឹក ... ឈើ​គេ​ដឹក​តាម​រទេះ អូស​តាម​គោយន្ត អូស​ចូល​ទន្លេ​ដើម្បី​យក​ដាក់​ទូក ... ក្នុង​មួយ​ទូក​ដាក់​បាន​ពី​៣​ទៅ​៤​ម៉ែត្រ​គូប»

កាលពី​ដើម​ឆ្នាំ​២០០៨ មន្រ្តី​អនុរក្ស​ឧទ្យានជាតិ​វីរជ័យ​ស្នាក់ការ​ប្រចាំ​ស្រុក​សៀមប៉ាង បាន​ផ្តល់​របាយការណ៍​ថា មាន​អ្នកភូមិ​ប្រើប្រាស់​រទេះ​រុញ​ដោយ​មនុស្ស​និង​ប្រើ​កាំបិត​ពូថៅ​ចូលលួច​កាប់​ឈើ​គ្រញូង​ដើម្បី​លក់​ឲ្យ​ឈ្មួញ ។

មេឃុំ​ព្រែកមាស លោក ភួង លន់ មាន​ប្រសាសន៍​បញ្ជាក់​ថា ការចរាចរ​ឈើ​ប្រណីត​តាម​ដងទន្លេ​ពិត​ជា​កើត​មាន ហើយ​ឈើ​មួយ​ចំនួន​នាំចេញ​ពី​តំបន់​ព្រៃ​ជាប់​ព្រំដែន​ប្រទេស​លាវ​ទៀតផង ៖ «វា​មាន​ខ្លះ​ដឹក​ឆ្លង​កាត់​តាម​ដង​ទន្លេ​តូច មាន​ចេញ​ទៅ​សៀមប៉ាង មាន​មក​ពី​ព្រំដែន»

ឆ្លើយ​តប​ចំពោះ​សេចក្តី​អះអាង​ខាងលើ នាយផ្នែក​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​សៀមប៉ាង លោក ខែក យោ មាន​ប្រសាសន៍​ថា លោក​មិន​បាន​ទទួល​របាយការណ៍​នោះ​ទេ ក៏ប៉ុន្តែ​លោក​អះអាង​ថា មាន​ឈើ​ប្រណីត​ប្រមាណ ៣០​ម៉ែត្រ​គូប ដែល​អាជ្ញាធរ​បង្រ្កាប​នៅ​តំបន់​នោះ ត្រូវ​បាន​ដាក់​ឲ្យ​ឈ្មួញ​ដេញ​ថ្លៃ ដូច្នេះ​ការចរាចរ​ឈើ​អាច​ជា​ឈើ​ដែល​ដាក់​ឲ្យ​ដេញ​ថ្លៃ​នោះ ។

លោក ខែក យោ មាន​ប្រសាសន៍​ថា ៖ «ឈើ​ជា​ឈើ​ដែល​គេ​ដេញ​ថ្លៃ​ទេ​ដឹង​? អតិថិជន​ដែល​គេ​ដេញ​ថ្លៃ​បាន គេ​ដឹក​ជញ្ជូន​ចុះ ។ ឈើ​យើង​ចាប់​បាន ៣០-៤០​ម៉ែត្រ​គូប ឥឡូវ​អតិថិជន​ដេញ​ថ្លៃ​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង»

ចំណែក​អភិបាល​ស្រុក​សៀមប៉ាង លោក សាន់ រិទ្ធចំរើន បញ្ជាក់​ដែរ​ថា លោក​ក៏​ទទួល​បាន​ព័ត៌មាន​ដូច​សេចក្តី​រាយការណ៍​នោះ​ដែរ ក៏​ប៉ុន្តែ​លោក​ថា អាជ្ញាធរ​ស្រុក​រវល់​នឹង​កិច្ច​ការពារ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មិន​បាន​ត្រួត​ពិនិត្យ​ករណី​នោះ​ទេ ។

លោក សាន់ រិទ្ធចំរើន មាន​ប្រសាសន៍​ថា ៖ «ប្រហែល​ជា​វា​អាច​ឆ្លៀត​ហើយ ព្រោះ​ចន្លោះ​ពេល​ខ្លះ យើង​អត់​នៅ​ទីរួមស្រុក យើង​ចេញ​ទៅ​នេះ​ទៅ​នោះ»

កាលពី​ឆ្នាំ​២០០៧ ស្រុក​សៀមប៉ាង បើ​តាម​អាជ្ញាធរ​ស្រុក​ឲ្យ​ដឹង​ថា មាន​មូលដ្ឋាន​ធ្វើ​អាជីវកម្ម​ឈើ​ប្រណីត​មាន​តម្លៃ​គ្រញូង បេង នាងនួន កើត​មាន​រាប់សិប​ទីតាំង​និង​ឈើ​រាប់​សិប​ម៉ែត្រ​គូប ត្រូវ​បាន​បង្រ្កាប​និង​រឹបអូស​ក្នុង​ព្រៃ ។

បើ​តាម​មន្រ្តី​មូលដ្ឋាន តាម​បណ្តា​ឃុំ​មាន​ព្រំប្រទល់​ជាប់​តំបន់​ឧទ្យាន​ជាតិ​វីរជ័យ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ព្រៃឈើ​ប្រណី​តនៅ​តំបន់​នោះ​រង​ការកាប់​ធ្វើ​អាជីវកម្ម​អស់​ស្ទើរ​គ្មាន​សល់់ ហើយ បច្ចុប្បន្ន អ្នក​ភូមិ​កំពុង​លួច​ចូល​ទៅ​កាប់​បន្ត​នៅ​តំបន់​ទ្រនាប់​ឧទ្យាន ហើយ​សកម្មភាព​នេះ​កើត​មាន​ជា​បន្ត​បន្ទាប់ មិន​អាច​បង្រ្កាប​បាន​ឡើយ ពីព្រោះ​ឈ្មួញ​សុទ្ធសឹង​បុគ្គល​ជា​មន្ត្រី​មាន​អំណាច​នៅ​មូលដ្ឋាន​ជា​អ្នក​ប្រមូល​ទិញ ៕