មេ​បញ្ជាការ​យោធា​ខ្មែរ​ថៃ​ជួប​ប្រជុំ​គ្នា​នៅ​វត្ត​កែវសិក្ខាគិរីស្វៈរៈ

មេ​បញ្ជាការ​យោធា​ខ្មែរ​ថៃ​ដែល​គ្រប់គ្រង​តំបន់​ជម្លោះ​ជិត​ប្រាសាទ​ព្រះវិហារ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទី​វត្ត​កែវសិក្ខាគិរីស្វៈរៈ​កាលពី​ព្រឹក​ថ្ងៃ​​៥ មេសា ដើម្បី​ស្វែងរក​ការបន្ធូរ​បន្ថយ​ភាព​តានតឹង​ផ្នែក​យោធា​ដែល​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ឡើយ​បន្ទាប់​ពី​មាន​ការប៉ះ​ប្រយុទ្ធ​កាល​ពី​ពេល​ថ្មីៗ​រួច​មក។

0:00 / 0:00

នៅ​ឯ​ទី​វត្ត​កែវសិក្ខាគិរីស្វៈរៈ​ចាប់​ពី​ម៉ោង​១០​ព្រឹក​ថ្ងៃ​អាទិត្យ មេ​បញ្ជាការ​យោធា​ខ្មែរ​នៃ​កងពល​ធំ​លេខ​៣​ដែល​គ្រប់គ្រង​តំបន់​ជម្លោះ លោក​ឧត្តមសេនីយ៍​ទោ ស្រី ឌឹក និង​មេ​បញ្ជាការ​កងពល​លេខ​៦​ស៊ូរ៉ាក់ណារី​របស់​ថៃ លោក​ឧត្តមសេនីយ៍​ត្រី កានុកនេត្រៈថៈវេសាណៈ បាន​ជួប​ជជែក​គ្នា​ជាង​មួយ​ម៉ោង​ជាមួយ​នឹង​ការចូលរួម​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​គ្នា​ផង​ដើម្បី​ស្វែងរក​ការផ្សះផ្សា​និង​បញ្ចៀស​ចេញ​នូវ​ការប៉ះ​ទង្គិច​គ្នា​សា​ជា​ថ្មី។

មេ​បញ្ជាការ​យោធា​ខ្មែរ លោក​ឧត្តមសេនីយ៍​ទោ ស្រី ឌឹក បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​ខិតខំ​ជាមួយ​មេ​បញ្ជាការ​យោធា​ថៃ​ដើម្បី​ធ្វើ​ឲ្យ​ស្ថានការណ៍​វិល​ត្រឡប់​ទៅ​រក​សភាព​ធម្មតា​ដូច​ដើម​វិញ ដែល​លោក​ទាមទារ​កុំ​ឲ្យ​ទាហាន​ថៃ​ចល័ត​មក​ចូល​ក្នុង​ទឹក​ដី​ខ្មែរ​ត​ទៅ​ទៀត ក៏​ប៉ុន្តែ​បញ្ហា​ទាំង​នោះ​វា​ស្ថិត​នៅ​លើ​ភាគី​ថៃ​ផងដែរ។

លោក​ឧត្តមសេនីយ៍​ទោ ស្រី ឌឹក បាន​បញ្ជាក់​ថា ៖ «ឥឡូវ​យើង​ខិតខំ​ជាមួយ​គាត់​ដើម្បី​រៀបចំ​ឲ្យ​មក​នៅ​ក្នុង​ស្ថានភាព​ដើម មិន​ឲ្យ​មាន​បញ្ហា​ការផ្ទុះ​អាវុធ ពីព្រោះ​យើង​នៅ​ម្ខាង​ម្នាក់»

ទោះ​យ៉ាង​ណា​មេ​បញ្ជាការ​កងពល​ទី​៦​ស៊ូរ៉ាក់ណារី​របស់​ថៃ លោក កានុកនេត្រៈថៈវេសាណៈ មិន​បាន​អធិប្បាយ​អ្វី​ទេ​ចំពោះ​ការតាម​សួរ​ពី​ក្រុម​អ្នក​កាសែត ក៏​ប៉ុន្តែ​នៅ​ក្នុង​កិច្ចប្រជុំ​លោក​បាន​យល់ព្រម​ចំពោះ​ការប្រឹងប្រែង​បន្ធូរ​បន្ថយ​ភាព​តានតឹង​ផ្នែក​យោធា​នេះ​ដោយ​ថា​បញ្ហា​ទាំងឡាយ​ត្រូវ​ទុក​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ដោះស្រាយ។

តាម​កង​ទាហាន​ខ្មែរ​ឲ្យ​ដឹង​ថា ស្ថានភាព​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​យោធា​នៅ​តំបន់​វាល​ឥន្ទ្រី​និង​សំបុក​ឃ្មុំ​ជិត​ប្រាសាទ​ព្រះវិហារ​នៅ​មាន​ភាព​តានតឹង​នៅ​ឡើយ។

ពល​ទាហាន​ម្នាក់​របស់​កង​ល្បាត​លេខ​៤០៤​ដែល​កំពុង​អង្គុយ​នៅ​ជិត​លេណដ្ឋាន​ប្រយុទ្ធ​បាន​មាន​ប្រសាសន៍​ថា ថៃ​នៅតែ​បញ្ជូន​កម្លាំង​ចូល​មក ហើយ​កងទ័ព​ទាំង​សងខាង​នៅតែ​ប្រុង​ប្រយ័ត្ន​ទាំង​យប់​ទាំង​ថ្ងៃ ៖ «នៅតែ​ក្បែរ​ណេះ ម៉េច​ម៉ា​អាង​តែ​ប្រាស់​ខ្លួន​ចូល​ដល់​ត្រង់សេ​តែម្ដង។ មាន​ថែម​(ទាហាន) មក​ពី​ម្សិលមិញ។ ថ្ងៃ​ណេះ​អត់​ទាន់​បាន​ស្ដាប់​សភាពការណ៍​ទេ ដូច​រាង​ស្ងាត់ វា​មិន​បញ្ជូន​មក​ទៀត។ ពេល​យប់​គេ​ក៏​ប្រយ័ត្ន យើង​ក៏​ប្រយ័ត្ន គេ​នៅ​២០​ម៉ែត្រ​ពី​យើង ដេក​ប្រយ័ត្ន​រហូត»

មេ​បញ្ជាការ​យោធា​ថៃ​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​និង​មេ​ទ័ព​ជើង​គោក​របស់​ថៃ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​និង​មាន​គម្រោង​ចូល​ជួប​ជាមួយ​នឹង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា។

តាម​កង​ទាហាន​ខ្មែរ​បាន​អះអាង​ថា ការប៉ះ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ​ថៃ​នៅ​តំបន់​ជម្លោះ​ជិត​ប្រាសាទ​ព្រះវិហារ​កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា បណ្តាល​ឲ្យ​ទាហាន​ថៃ​២២​នាក់​ស្លាប់​និង​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ខាង​ក្រោម​ប្រាសាទ​ជាង​២៥០​ខ្នង​ត្រូវ​ឆេះ​ខូចខាត​ដោយសារ​គ្រាប់​ផ្លោង​របស់​កង​ទាហាន​ថៃ​និង​តោ​ថ្ម​មួយ​របស់​ប្រាសាទ​ព្រះវិហារ​បាន​បាក់បែក​ដោយសារ​ត្រូវ​គ្រាប់​កាំភ្លើង​១២,៧​របស់​កង​ទាហាន​ថៃ​ផងដែរ៕