ក្នុងកិច្ចពិភាក្សានោះបានលើកពីបញ្ហាចំនួន ២០វិស័យត្រូវអភិវឌ្ឍ មានជាអាទិ ការផ្ដល់ដីវិនិយោគ សុខាភិបាល អប់រំ សេដ្ឋកិច្ច កសិកម្ម បរិស្ថាន ព្រៃឈើ និងជលផល ជាដើម។
តំណាងអង្គការក្រៅរដ្ឋាភិបាល លោក ឈិត សំអាត បានមានប្រសាសន៍អំពីលទ្ធផល ដែលសង្គមស៊ីវិលបានពិភាក្សា និងប្រុងលើកយកទៅឲ្យប្រទេសម្ចាស់ជំនួយពិចារណា រួមមាន ៖ «គ្រាន់តែជាទស្សនៈមួយ ដែលសង្គមស៊ីវិលយើងយល់ឃើញអំពីការលំបាក អំពីទុក្ខសោកវេទនារបស់ប្រជាជនយើង ហើយយើងនឹងលើកឡើងពីបញ្ហាទាំងអស់នោះ។ យើងនឹងលើកឡើងនូវអនុសាសន៍មួយចំនួន ដើម្បីឲ្យរាជរដ្ឋាភិបាល និងម្ចាស់ជំនួយជួយធ្វើការដោះស្រាយបញ្ហា»។
តំណាងក្រសួង ស្ថាប័នរដ្ឋាភិបាល ដែលបានចូលរួមក្នុងការលើកសំណើជូនម្ចាស់ជំនួយនោះ លោកស្រី អ៊ូ វ័ឌី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីក្នុងប្រទេសកម្ពុជាបានជាង ១លានក្បាលដី និងកំពុងចុះបញ្ជីបន្ថែមច្រើនទៀត។
លោកស្រីបានបន្តថា ៖ «គ្រាន់តែរដ្ឋថា ឲ្យមានកម្មសិទ្ធិហើយ ប៉ុន្តែនៅក្នុងនោះបើមានការដកហូតដី ត្រូវមានការចរចាគ្នាតាមផ្លូវច្បាប់!»។
អង្គការក្រៅរដ្ឋាភិបាលក៏បានបង្ហាញទៅមន្ត្រីរដ្ឋាភិបាល ពីផលប៉ះពាល់នៃការធ្វើទំនប់វារីអគ្គិសនី ដែលនាំឲ្យប៉ះពាល់ដល់ជីវិតមនុស្ស សត្វ និងបរិស្ថាន នៅតំបន់ភាគឦសានប្រទេសផងដែរ។
តំណាងក្រសួងបរិស្ថាន លោក ឌួង សំគៀត អនុប្រធាននាយកដ្ឋានអង្កេត ពិនិត្យការវាយតម្លៃផលប៉ះពាល់បរិស្ថាន បានបញ្ជាក់ពីសំណង់វារីអគ្គិសនីប៉ះពាល់ថា ៖ «ក្នុងនេះគម្រោងរបស់វារីអគ្គិសនីសេសាន២ នឹងធ្វើការផ្លាស់ទីលំនៅរបស់ប្រជាជន។ នៅក្នុងនោះ យើងមានជម្រើសជាច្រើន យើងមិនមែនចេះតែនឹកឃើញថា ចេះតែធ្វើទៅនោះទេ!»។
នាយកប្រតិបត្តិនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោក ឈិត សំអាត បានថ្លែងថា ក្នុងរយៈពេល ១៨ខែម្ដង មានកិច្ចប្រជុំ និងការពិភាក្សាជាន់ខ្ពស់មួយរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ នៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា ដែលនឹងប្រព្រឹត្តទៅនាសប្ដាហ៍ក្រោយ។ កិច្ចប្រជុំនោះសំដៅពិនិត្យមើលសមិទ្ធផល ឬវឌ្ឍនភាព ដែលសម្រេចបានដោយរាជរដ្ឋាភិបាលកម្ពុជាលើការអនុវត្តកំណែទម្រង់នានា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងដើម្បីអនុម័តអាទិភាពអភិវឌ្ឍន៍ក្នុងរយៈពេល ១៨ខែបន្ទាប់ទៀត។
លោកថា ទាំងរាជរដ្ឋាភិបាល សហគមន៍ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ គប្បីធ្វើការរួមគ្នាឆ្ពោះទៅកាន់ការលើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក ដើម្បីការអភិវឌ្ឍកម្ពុជាលើកទី៣ ដែលនឹងប្រជុំនៅថ្ងៃទី២ និងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១០ខាងមុខ៕