កិច្ចប្រជុំនេះគឺមានតំណាងប្រទេសចំនួន ៦ មកចូលរួមប្រជុំ មានដូចជា ប្រទេសកម្ពុជា ប្រទេសចិន (China) ប្រទេសឡាវ (Laos) ប្រទេសមីយ៉ាន់ម៉ា ឬ ភូមា (Myanmar) ប្រទេសថៃ (Thailand) និងប្រទេសវៀតណាម (Vietnam)។
មន្ត្រីនគរបាលជំនាញប្រឆាំងការជួញដូរមនុស្សមកពីប្រទេសចំនួន ៦ នៃមហាអនុតំបន់ទន្លេមេគង្គ បានជួបប្រជុំគ្នានៅទីក្រុងភ្នំពេញ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែជិតស្និត ក្នុងការស៊ើបអង្កេត និងការចាប់ខ្លួនផ្ដន្ទាទោសឧក្រិដ្ឋជនជួញដូរមនុស្ស នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ នៅគ្រាដែលស្ថានការណ៍ជួញដូរមនុស្សនៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភ។
កិច្ចប្រជុំចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១២ គឺស្វែងរកការឯកភាពគ្នាលើយន្តការនៃការបញ្ជូនភស្តុតាង កិច្ចសហប្រតិបត្តិការ និងចែករំលែកព័ត៌មានសំខាន់ ទាក់ទងការបង្ក្រាបការជួញដូរមនុស្សក្នុងតំបន់ឲ្យមានប្រសិទ្ធភាព។
អនុប្រធាននៃក្រុមការងារប្រឆាំងការជួញដូរមនុស្ស លោក អ៊ិត រ៉ាឌី ជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌នៃប្រទេសកម្ពុជា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺមានសារសំខាន់នៅគ្រាដែលកម្ពុជា ជួបការលំបាកក្នុងនាមជាប្រទេសប្រភពនៃការជួញដូរមនុស្ស កន្លែងសំចត និងជាកន្លែងគោលដៅនៃការជួញដូរមនុស្សកន្លងមក។
លោក អ៊ិត រ៉ាឌី៖ «នៅក្នុងរយៈជាច្រើនឆ្នាំកន្លងមកនេះ យើងបានផ្ដន្ទាទោសឧក្រិដ្ឋជនជាច្រើនដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌនៃការជួញដូរមនុស្ស និងបានជួយដល់ជនរងគ្រោះជាច្រើនផងដែរ»។
ទាក់ទងនឹងស្ថានការណ៍បង្ក្រាបការជួញដូរមនុស្សកន្លងមកនេះ មន្ត្រីជំនាញអនុវត្តច្បាប់នៃអង្គការយូ.អ៊ិន.អាយ.អេ.ភី (UNIAP) ឬគំរោងទីភ្នាក់ងារអន្តរជាតិរបស់អង្គការអន្តរជាតិប្រឆាំងការជួញដូរមនុស្ស លោក ជឿរ៉ាត ស្មីត (Gerard Smith) បានមានប្រសាសន៍ថា ការចែករំលែកព័ត៌មានសម្ងាត់រវាងនគរបាល និងនគរបាល ការស៊ើបអង្កេត និងការធ្វើមាតុនិវត្តន៍នៃជនរងគ្រោះមកស្រុកកំណើតវិញ គឺស្នាដៃដ៏ធំធេងនៃការបង្ក្រាបការជួញដូរមនុស្ស។
លោក ជឿរ៉ាត ស្មីត៖ «យើងចាប់ផ្ដើមឃើញសញ្ញានៅក្នុងតំបន់មហាអនុតំបន់ទន្លេមេគង្គ ដែលសមត្ថកិច្ចនគរបាលបានធ្វើការស៊ើបអង្កេតរួមគ្នា និងបានប្រើប្រាស់បច្ចេកទេសដ៏សកម្មដើម្បីស៊ើបអង្កេត និងចាប់ខ្លួនឧក្រិដ្ឋជន។ ការស៊ើបអង្កេតនោះទៀតសោត មានលក្ខណៈពិស្ដារ ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យ»។
អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកឧត្ដមសេនីយ៍ត្រី ជីវ ផល្លី នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ថា ស្ថានការណ៍ជួញដូរមនុស្សនៅឆ្នាំ២០១១ កន្លងទៅនេះ គឺមានសភាពថយចុះជាងឆ្នាំ២០១០ កន្លងទៅ៖ «យើងមានបណ្ដាញព័ត៌មានរបស់យើង ហើយយើងគិតថា យើងបានធ្វើកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ហើយក្នុងនោះក៏មាន អ៊ិន ជី អូ (NGO) ដែរ»។
របាយការណ៍ប្រចាំឆ្នាំ២០១១ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានចេញផ្សាយកន្លងទៅនេះ បាននិយាយថា សហរដ្ឋអាមេរិកបានបង្កើនឋានៈកម្ពុជា មកលំដាប់លេខ២ នៅក្នុងបញ្ជីតាមដានការប្រឆាំងការជួញដូរមនុស្ស ដែលមានន័យថា ជាចំណាត់ថ្នាក់ល្អបង្គួរក្នុងការប្រឆាំងការជួញដូរមនុស្ស។
ប៉ុន្តែរបាយការណ៍បានចាត់ទុកថា ប្រទេសកម្ពុជា នៅតែជាប្រភពនៃការជួញដូរមនុស្ស កន្លែងឆ្លងកាត់ និងជាគោលដៅនៃការជួញដូរមនុស្ស ដូចជាបុរស ស្រ្តី និងកុមារ សំរាប់ការងារដោយបង្ខំ និងជួញដូរផ្លូវភេទជាដើម។
អ្នកទាំងនោះបានធ្វើចំណាកស្រុកទៅប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសដទៃទៀត សំរាប់ការងារនៅតាមរោងចក្រ ការងារនៅតាមផ្ទះ ការងារដោយបង្ខំ ការងារនេសាទ និងការជួញដូរផ្លូវភេទ៕
