អភិបាលខេត្តក្រចេះលោក ខាំ ភឿន មានប្រសាសន៍នៅថ្ងៃទី៨ កញ្ញា ថា ទឹកទន្លេមេគង្គនៅខេត្តក្រចេះ នៅបន្តឡើង ប៉ុន្តែមានល្បឿនយឺត បើធៀបជាមួយល្បឿនទឹកឡើងកាលពីពាក់កណ្ដាលខែសីហាកន្លងមក។
លោក ហេង រ័ត្នម៉ូនីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ បានមានប្រសាសន៍ថា នៅថ្ងៃទី៨ កញ្ញា នេះ ទឹកទន្លេមេគង្គនៅខេត្តក្រចេះមានកម្ពស់ ១៩ម៉ែត្រ៦៣ គឺកើនខ្ពស់ជាងថ្ងៃទី៧ កញ្ញា ចំនួន ០,១១ម៉ែត្រ។
កម្រិតកម្ពស់ទឹកប្រកាសអាសន្ននៅខេត្តក្រចេះ គឺមានកាលណាទឹកមានកម្ពស់ ២២ម៉ែត្រ។
លោក ហេង រ័ត្នម៉ូនីដា បានមានប្រសាសន៍ថា តាមការកត់សម្គាល់លើសន្ទុះល្បឿនទឹកឡើង និងកម្រិតទឹកភ្លៀងសម្រាប់ខេត្តក្រចេះ គឺឆ្នាំនេះ ប្រហែលមិនមានគ្រោះទឹកធំទេ លើកលែងតែមានព្យុះ ឬករណីភ្លៀងកើននៅតំបន់អាងទឹកខាងលើទន្លេមេគង្គ។
លោក វ៉ា ហឿន ប្រធានសហគមន៍នេសាទនៅឃុំសោបលើ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ បានមានប្រសាសន៍ថា ទឹកទន្លេមេគង្គនៅតំបន់ខេត្តក្រចេះ ក្នុងឆ្នាំនេះ ឡើងលឿនមែនទែន ការស្រកចុះទៅវិញ ក៏មានការយឺតដែរ។
របាយការណ៍បូកសរុបការខូចខាតដោយសារគ្រោះទឹកជំនន់របស់ខេត្តក្រចេះ ចេញផ្សាយកាលពីថ្ងៃទី១ កញ្ញា កន្លងទៅ បានឲ្យដឹងជាអាទិ៍ថា គ្រោះទឹកជំនន់នៅក្រចេះបានធ្វើឲ្យខូចខាតសន្ទូង ២១០៨ហិកតារ សំណាប ៧ហិកតារ ដំឡូងមី ១១០ហិកតារ និងដំណាំរួមផ្សំ ៦៨ហិកតារ។ ការលិចទឹកនោះ ប៉ះពាល់ផ្ទះអ្នកស្រុក ២៣៧៩ខ្នងសាលារៀន ៥០កន្លែង វត្ត១១កន្លែង និងកន្លងមកមានស្លាប់មនុស្សចំនួន ២នាក់។ ក្រៅពីនោះ មានខូចខាតផ្លូវលំ ផ្លូវជាតិ បាក់ច្រាំងទន្លេផងដែរ៕