ភាពក្រីក្របានជំរុញឲ្យកូនចៅអ្នកស្រុកនៅជនបទនៃខេត្តក្រុងផ្សេងៗសព្វថ្ងៃនេះ មិនសូវមានលទ្ធភាពសិក្សារៀនសូត្រ ហើយក៏មិនងាយនឹងស្វែងរកការងារធ្វើបានដែរ។ ប្រការនេះហើយទើបគេឃើញមានអង្គការក្រៅរដ្ឋាភិបាលនានានៅកម្ពុជា បានជួយរកវិធីដោះស្រាយបញ្ហានោះ ដូចជាអង្គការបេសកកម្មម៉េតូឌិស កម្ពុជា ជាដើម បានបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជួសជុល ម៉ូតូ និងរថយន្ត ដើម្បីផ្ដល់ឱកាសឲ្យកូនចៅអ្នកស្រុកដែលប្រឈមមុខនឹងការខ្វះខាតមិនអាចបន្តការសិក្សាបានមករៀនយកជំនាញនេះទៅប្រកបការងារផ្គត់ផ្គង់ជីវភាពគ្រួសារ។
លោក លី ពុទ្ធី គ្រូទទួលបន្ទុកផ្នែកយន្តកម្ម (mechanic) របស់អង្គការម៉េតូឌិស ដែលកំពុងបង្ហាត់បង្រៀនជួសជុលម៉ូតូនៅក្នុងសាខាមួយរបស់អង្គការម៉េតូឌីស នៅទីក្រុងភ្នំពេញ។ លោកបានមានប្រសាសន៍ថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដែលអង្គការរបស់លោកផ្ដល់ឲ្យនេះ គឺមិនគិតថ្លៃទេ។ ចំណែកឯការបង្រៀនវិញ ក្នុងមួយវគ្គៗ គឺទទួលសិស្សចាប់ពី ៦នាក់ ទៅ ១២នាក់ ហើយនិងរៀនមានរយៈពេលបីខែ។
លោកបានបញ្ជាក់ទៀតថា ដើម្បីឲ្យសិស្សនៅតំបន់ឆ្ងាយៗអាចមករៀនយកជំនាញនេះបាន គឺអង្គការមានផ្ដល់កន្លែងសម្រាប់ឲ្យសិស្សស្នាក់នៅ ព្រមទាំងជួយផ្គត់ផ្គង់ម្ហូបអាហារប្រចាំថ្ងៃថែមទៀត៖ «សម្រាប់ជំនាញម៉ូតូរយៈពេលបីខែដែលគាត់រៀននៅទីនេះ គឺយើងបង្វឹកបង្វឺនគាត់មួយរយភាគរយ គឺពេញគ្រប់លក្ខណៈទាំងអស់។ គាត់អត់ចាំបាច់ទៅបន្ត ឬក៏ទៅសិក្សាឯណាទៀតទេ គឺគាត់អាចមានសមត្ថភាពចេញទៅបើកមុខរបរដោយខ្លួនឯងមួយរយភាគរយ គឺគាត់អាចធ្វើបានទាំងប្រព័ន្ធភ្លើង ប្រព័ន្ធមេកានិច ម៉ាស៊ីន តួ អីហ្នឹង ទាំងបទពិសោធន៍ យើងចែកឲ្យគាត់។ ជំនាញទាក់ទងនឹងមេកានិចនេះគឺយើងផ្ដល់ឲ្យគាត់ដោយមិនគិតថ្លៃ ហើយយើងមិនប្រកាន់ពូជសាសន៍ មិនប្រកាន់វណ្ណៈ មិនប្រកាន់សាសនា និកាយអីទាំងអស់។ យើងស្វាគមន៍ចំពោះពួកគាត់ដែលមានបំណងចង់មករៀននៅទីនេះ។ ប៉ុន្តែដែលយើងឲ្យឱកាសជាអាទិភាព គឺចំពោះអ្នកដែលក្រមែនទែន»។
ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈផ្នែកជួសជុលម៉ូតូ និងរថយន្តរបស់អង្គការម៉េតូឌិស គេឃើញមានការចាប់អារម្មណ៍ច្រើនពីសំណាក់យុវវ័យកូនចៅអ្នកស្រុកនៅតំបន់ជនបទដាច់ស្រយាលឆ្ងាយៗក្នុងខេត្តផ្សេងៗ។ ការចាប់អារម្មណ៍រៀនយកជំនាញនេះ ពីព្រោះគេយល់ថា អាចជួយឲ្យពួកគេមានមុខរបរចិញ្ចឹមជីវិតបាន។
ក្នុងចំណោមយុវជនប្រមាណ ១០នាក់ដែលកំពុងរៀនជួសជុលទោចក្រយានយន្ត ឬម៉ូតូនៅក្នុងសាខានៃអង្គការម៉េតូឌិស នៅភ្នំពេញ យុវជនមួយរូបឈ្មោះ ហម សំណាង ដែលពិការជើងទាំងសងខាង និងមានស្រុកកំណើតនៅខេត្តស្វាយរៀង បានឲ្យដឹងថា ដោយសារជីវភាពគ្រួសារលំបាកពេក គេបានឈប់រៀនតាំងពីថ្នាក់ទី៩ ហើយក្រោយពីឈប់រៀនមក គេមិនអាចរកការងារអ្វីធ្វើបានឡើយ។
យុវជនរូបនោះបានបន្តថា នៅពេលដែលដឹងថា មានអង្គការគេបើកបង្រៀនជួសជុលម៉ូតូ និងជួសជុលរថយន្តដោយមិនគិតថ្លៃនោះ ធ្វើឲ្យគេមានក្ដីសង្ឃឹម និងចង់រៀនយកមុខជំនាញនេះ៖ «បានជាខ្ញុំចង់រៀនជួសជុលម៉ូតូ គឺដើម្បីមានជំនាញផ្ទាល់ខ្លួនក្នុងការរកចំណូលជួយក្រុមគ្រួសារដែលខ្វះថវិកា ហើយពិបាកក្នុងការរស់នៅ ហើយគឺដើម្បីជួយខ្ញុំមានប្រាក់ក្នុងការរៀនតទៅមុខទៀតបាទ!»។
កត្តាមួយទៀតដែលធ្វើឲ្យយុវវ័យកូនចៅអ្នកស្រុកនៅបណ្ដាខេត្តឆ្ងាយៗចាប់យកជំនាញជួសជុលម៉ូតូ ដោយសារតែបានឃើញថា នៅតាមភូមិស្រុករបស់គេសព្វថ្ងៃនេះមិនសូវមានជាងជួសជុលម៉ូតូទេ ប៉ុន្តែមានអ្នកប្រើប្រាស់ម៉ូតូភាគច្រើន។
បុរសមួយរូបឈ្មោះ សុផល មកពីខេត្តកណ្ដាល ដែលកំពុងរៀនយកជំនាញជួសជុលម៉ូតូនៅអង្គការម៉េតូឌិស បានបញ្ជាក់ថា បើគាត់មានជំនាញនេះគាត់រំពឹងថា អាចរកប្រាក់ចំណូលបានទៅថ្ងៃមុខ៖ «បាទ! បើតាមខ្ញុំគិតមើល គឺស្រុកខ្មែរយើងការប្រើប្រាស់ម៉ូតូគឺច្រើន ហើយម៉ូតូហ្នឹង ធម្មតាអ្នកដែលក្រីក្រ ខ្មែរយើងភាគច្រើនអត់សូវមានលុយ អ៊ីចឹងគឺទិញម៉ូតូកញ្ចាស់ៗ ២០០ ឬ ៣០០ដុល្លារអីហ្នឹង។ អ៊ីចឹងថ្ងៃមុខទៅវាគង់តែខូច ហើយតែខូចវាត្រូវការជាង អ៊ីចឹងយើងហ្នឹងត្រូវយកជំនាញហ្នឹងគឺចំតែម្ដង»។
មន្ត្រីនៃអង្គការម៉េតូឌិស បានបញ្ជាក់ប្រាប់ដែរថា មុននឹងបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញជួសជុលម៉ូតូ និងរថយន្ត គេក៏បានសិក្សាឃើញថា អ្នកប្រើប្រាស់ម៉ូតូនៅកម្ពុជា មានចំនួនច្រើនជាងរថយន្ត ដូច្នេះតម្រូវការជួសជុលម៉ូតូក៏មានច្រើនដែរ។ ប្រការនេះហើយអ្នកដែលរៀនជួសជុលម៉ូតូ ពិសេសអ្នកនៅជនបទគេអាចរកប្រាក់កម្រៃបានទៅតាមរយៈមុខរបរនោះ។
មន្ត្រីដដែលបានឲ្យដឹងទៀតថា សម្រាប់ការរៀនយកជំនាញជួសជុលម៉ូតូ ក្រោយពេលរៀនចប់អង្គការបេសកកម្មម៉េតូឌិស កម្ពុជា នឹងមានផ្ដល់នូវសម្ភារៈខ្លះៗដល់សិស្សសម្រាប់យកទៅប្រកបមុខរបរ ដូចជាឧបករណ៍ ប៉ះ ឬ អ៊ុតកង់ម៉ូតូ និងគ្រឿងសម្រាប់ជួសជុលម៉ូតូមួយចំនួនទៀត។
ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជួសជុលម៉ូតូ និងរថយន្តរបស់អង្គការបេសកកម្មម៉េតូឌិស កម្ពុជា ក្រៅពីមានបើកវគ្គបង្រៀនដោយឥតគិតថ្លៃនៅភ្នំពេញ ក៏មានបើកនៅតាមខេត្តផ្សេងៗទៀត ដូចជានៅខេត្តកំពង់ធំ សៀមរាប មណ្ឌលគិរី រតនគិរី ស្វាយរៀង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រៃវែង និងខេត្តកំពង់ស្ពឺ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
