ពលករ​ម្នាក់​ស្លាប់​នៅ​ក្នុង​ក្រុមហ៊ុន ធី & ភី

ក្រោយ​ពី​មាន​ពលករ​ចំណាក​ស្រុក​ម្នាក់ បាន​លោត​ចេញ​ពី​អគារ​ក្រុមហ៊ុន ធី & ភី ខូអិលធីឌី (T & P Co., Ltd.) នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ដើម​ខែ​មីនា ថ្មីៗ​នេះ ឥឡូវ​នេះ​មាន​ពលករ​ម្នាក់​ទៀត​បាន​ស្លាប់​នៅ​ក្នុង​ក្រុមហ៊ុន​ដដែល​នេះ។

ស្ត្រី​ជា​ពលករ​ចំណាក​ស្រុក​ម្នាក់ ឈ្មោះ ស៊ឹង ស៊ីណា អាយុ ៣៥​ឆ្នាំ បាន​ស្លាប់​នៅ​ក្នុង​ក្រុមហ៊ុន​នាំ​ចេញ​ពលករ​ទៅ​ក្រៅ​ប្រទេស​មួយ ឈ្មោះ ធី & ភី ខូអិលធីឌី (T & P Co., Ltd.) នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​ទី​៥ ខែ​មីនា កន្លង​មក​ថ្មីៗ​នេះ។

សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​បណ្ដោះអាសន្ន​ថា ការ​ស្លាប់​នេះ​អាច​ដោយសារ​គាំង​បេះដូង ប៉ុន្តែ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​នៅ​ឡើយ។

ពលករ ស៊ឹង ស៊ីណា មក​ពី​ខេត្ត​កំពង់ចាម ត្រូវ​បាន​ក្រុមហ៊ុន ធី & ភី បាន​ជ្រើស​មក​បណ្ដុះបណ្ដាល​ចំនួន ៤​ខែ​មក​ហើយ ដើម្បី​នាំ​ចេញ​ទៅ​ធ្វើ​ជា​ពលករ​នៅ​ប្រទេស​ក្រៅ។

ម្ដាយ​របស់​សព​ស្ត្រី​ពលករ​រង​គ្រោះ គឺ​លោកស្រី ភួង រុំ អាយុ ៦៥​ឆ្នាំ នៅ​ក្នុង​ខេត្ត​កំពង់ចាម ដែល​មក​ពិនិត្យ​សាកសព​កូនស្រី​នៅ​ឯ​ក្រុមហ៊ុន​បាន​ថ្លែង​ថា លោកស្រី​សោកស្ដាយ កូន​របស់​លោកស្រី​មិន​ធ្លាប់​មាន​ជំងឺ​បេះដូង​កន្លង​មក​ទេ ៖ «ដឹង​អី នៅ​កន្លែង​គេ​ថា ដេក​ងាប់។ សុំ​ឲ្យ​យក​សព​ដល់​ផ្ទះ សុំ​លុយ​ធ្វើ​បុណ្យ​ធ្វើ​ទាន​ឲ្យ​វា ប៉ុណ្ណឹង​ទេ»

បុគ្គលិក​ក្រុមហ៊ុន ធី & ភី បាន​ព្យាយាម​ហាមឃាត់​មិន​ឲ្យ​ក្រុម​គ្រួសារ​និយាយ​ជាមួយ​អ្នក​កាសែត និង​បាន​គំរាម​អ្នក​កាសែត​មិន​ឲ្យ​ផ្សាយ​ព័ត៌មាន​អំពី​ការ​ស្លាប់​របស់​ស្ត្រី​ដែល​ត្រៀម​ចេញ​ទៅ​ធ្វើ​ជា​ពលករ​នៅ​ក្រៅ​ប្រទេស​នេះ​ទេ ហើយ​ក៏​មិន​ព្រម​ឲ្យ​សម្ភាស​ជាមួយ​ម្ដាយ​របស់​ជន​រង​គ្រោះ​ដែរ។

អនុ​ប្រធាន​ក្រុមហ៊ុន ធី & ភី លោក ឃឹម សុភាព បាន​មាន​ប្រសាសន៍​ដោយ​ខ្លីៗ និង​ប្រយ័ត្នប្រយែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «ខ្ញុំ​បាន​ដឹង​តែ​ប៉ុណ្ណឹង បើ​ចង់​ដឹង​ព័ត៌មាន​លម្អិត​អាច​ទាក់ទង​លេខ​នាយក​ក្រុមហ៊ុន»

ភ្នាក់ងារ​នគរបាល​ម្នាក់​សុំ​មិន​ឲ្យ​ប្រាប់​ឈ្មោះ​ក្នុង​ការ​ផ្សាយ​មាន​ប្រសាសន៍​ថា ការ​ស្លាប់​នេះ គឺ​នៅ​ម៉ោង ២​ជិត​ភ្លឺ យប់​ថ្ងៃ​ទី​៥ ចូល​ថ្ងៃ​ទី​៦ ខែ​មីនា កន្លង​ទៅ ៖ «ជី​ដូន​មួយ​គេ​បាន​ដាស់​នៅ​ពេល​ក្បាល​ព្រលប់​ថា អ្នក​ជំងឺ​ហ្នឹង​ចេះ​តែ​ចុក​ទ្រូង។ ដល់​ពេល​ម៉ោង​២ គេ​ដាស់​នោម​ទៅ គេ​ដឹង​ងាប់»

មន្ត្រី​នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​ក្រសួង​មហាផ្ទៃ លោក​ឧត្ដមសេនីយ៍​ទោ ស្រី សាម៉ាឌី ដែល​បាន​មក​ពិនិត្យ​សាកសព បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​ធ្វើការ​ស៊ើប​អង្កេត និង​កសាង​សំណុំ​រឿង​នេះ។

ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា ដែល​មក​តាមដាន​សំណុំ​រឿង​នេះ​ដែរ បាន​មាន​ប្រសាសន៍​ថា ៖ «បើ​សិន​ជា​ក្នុង​ករណី​ការ​ស្លាប់​នេះ​វា​ជា​ការ​បណ្ដាល​មក​ពី​លក្ខខណ្ឌ​នៃ​ការ​រស់​នៅ ដែល​ក្រុមហ៊ុន​ធ្វើ​ឲ្យ​ពលករ​ស្លាប់ ដោយសារ​តែ​លក្ខខណ្ឌ​នៃ​ការ​រស់​នៅ អ៊ីចឹង​ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​មួយ​ដែល​អាជ្ញាធរ​គួរ​តែ​បើក​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ម៉ត់ចត់»

សាកសព​ស្ត្រី​ពលករ​រូប​នេះ ត្រូវ​បាន​ក្រុមហ៊ុន​ដឹក​ចេញ​ទៅ​ខេត្ត​កំពង់ចាម ជា​ស្រុក​កំណើត នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១១។

កាល​ពី​យប់​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១១ ស្ត្រី​ពលករ​ម្នាក់​ឈ្មោះ ហេង ហាក់ អាយុ ៣១​ឆ្នាំ មក​ពី​ខេត្ត​ពោធិ៍សាត់ បាន​លោត​ចេញ​ពី​អគារ​ក្រុមហ៊ុន ធី & ភី ជាន់​ទី​៣ បណ្ដាល​ឲ្យ​បាក់​ជើង​ទាំង​២ ដោយសារ​តែ​ក្រុមហ៊ុន​មិន​អនុញ្ញាត​ឲ្យ​ទៅ​លេង​ស្រុក​កំណើត ដើម្បី​ជួប​សួរ​សុខ​ទុក្ខ​កូន​របស់​គាត់​រយៈពេល​ជាង ៥​ខែ​មក​ហើយ ទោះ​បី​ជា​បាន​សុំ​ការ​អនុញ្ញាត​ជា​ច្រើន​ដង​កន្លង​មក​ក្តី។

ក្រុម​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​ក្រសួង​មហាផ្ទៃ កំពុងតែ​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ៕