សម​យុទ្ធ​យោធា​ពហុ​សាសន៍​នៅ​កម្ពុជា

លំហាត់​សម​យុទ្ធ​យោធា​ពហុ​សាសន៍ ដែល​គេ​ឲ្យ​ឈ្មោះ​ថា ឆ្មាំ​អង្គរ ឆ្នាំ​២០១០ ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​បាន​ចាប់ផ្ដើម​ជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​ថ្ងៃ​១៧ កក្កដា នៅ​លើ​ទី​លាន​នៃ​សាលា​ហ្វឹកហ្វឺន​កង​កម្លាំង​រក្សា​សន្តិភាព​ពហុ​សាសន៍ អតីត​ទី​លាន​បាញ់​គ្រាប់​ពិត ACO ក្នុង​ខេត្ត​កំពង់ស្ពឺ។
ដោយ សេក បណ្ឌិត
2010-07-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៧-កក្កដា-២០១០: ទិដ្ឋភាព​ថ្ងៃ​ចាប់ផ្ដើម​លំហាត់​សម​យុទ្ធ​យោធា​ពហុ​សាសន៍ នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ
១៧-កក្កដា-២០១០: ទិដ្ឋភាព​ថ្ងៃ​ចាប់ផ្ដើម​លំហាត់​សម​យុទ្ធ​យោធា​ពហុ​សាសន៍ នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ
RFA/Uon Chhin

សម​យុទ្ធ​យោធា​ពហុ​សាសន៍ ឬ​ហៅ​ថា ឆ្មាំ​អង្គរ ឆ្នាំ​២០១០ ដែល​មាន​កង​ទ័ព​ប្រមាណ​ជាង ៧០០​នាក់​មក​ពី ២៦​ប្រទេស​ចូលរួម ក្នុង​នោះ​កង​ទ័ព​កម្ពុជា​មាន​ចំនួន ១៣៥​នាក់​បាន​ចាប់ផ្ដើម​នៅ​ថ្ងៃ​នេះ ដោយ​មាន​វត្តមាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ជា​អធិបតី​បន្ទាប់​ពី​លោក​ទើប​នឹង​ជា​សះស្បើយ​ពី​ជំងឺ។

ប្រទេស​ទាំង ២៦​នោះ រួម​មាន​សហរដ្ឋ​អាមេរិក ចិន អាល្លឺម៉ង់ រុស្ស៊ី បារាំង ថៃ លាវ វៀតណាម និង​កម្ពុជា ជាដើម។

ក្នុង​ការ​អនុវត្ត​លំហាត់​សម​យុទ្ធ​យោធា​នោះ មាន​ការ​ដើរ​ព្យុហយាត្រា លោត​ឆត្រ​យោង ជា​ការ​បង្ហាញ​នៅ​ថ្ងៃ​ចាប់ផ្ដើម​ដំបូង​នេះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចូលរួម​ជា​អធិបតី​នា​ថ្ងៃ​ដំបូង​នៃ​លំហាត់​សម​យុទ្ធ​យោធា​នោះ​ថ្លែង​ថា លំហាត់​សម​យុទ្ធ​យោធា​នេះ​មិន​មាន​គោលដៅ​គំរាម​កំហែង ឬ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ណា​មួយ​មាន​ការ​ព្រួយ​បារម្ភ​នោះ​ទេ។

ក្នុង​ឱកាស​នោះ​ដែរ លោក ហ៊ុន សែន បាន​អបអរ​សាទរ​ចំពោះ​ខួប ៦០​ឆ្នាំ​នៃ​ទំនាក់​ទំនង​ការទូត​កម្ពុជា និង​សហរដ្ឋ​អាមេរិក ហើយ​លោក​សង្ឃឹម​ថា ទំនាក់​ទំនង​នេះ​នឹង​មាន​ការ​រីក​ចម្រើន​ទៅ​មុខ​តាម​ការ​ចង់​បាន​របស់​ប្រទេស​ទាំង​ពីរ។

នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​១៧ កក្កដា​នេះ​ដែរ នៅ​ឯ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក ប្រាក់ សុខុន ប្រធាន​គណៈកម្មការ​ដឹក​នាំ​ដំណើរការ​លំហាត់​សម​យុទ្ធ​យោធា​ពហុ​សាសន៍ ធ្វើ​សន្និសីទ​កាសែត​មួយ​ដែរ ស្តីពី​លទ្ធផល​ថ្ងៃ​ដំបូង​នៃ​ការ​ធ្វើសមយុទ្ធ​យោធា​នេះ។

លោក ប្រាក់ សុខុន បាន​ប្រកាស​ប្រាប់​អ្នក​សារព័ត៌មាន​ថា សម​យុទ្ធ​យោធា​នៅ​ថ្ងៃ​ដំបូង​នេះ​បាន​ជោគជ័យ។ លោក ប្រាក់ សុខុន បន្ថែម​ថា គេ​ចំណាយ​ប្រាក់​អស់​ជាង ៣​លាន​ដុល្លារ ដែល​ជា​ប្រាក់​ជំនួយ​របស់​ប្រទេស​អាមេរិក ដោយ​ចំណាយ​ភាគ​ច្រើន​លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដើម្បី​រៀបចំ​ធ្វើ​សម​យុទ្ធ​យោធា​មួយ​នេះ។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ថា លំហាត់​សម​យុទ្ធ​យោធា​ពហុ​សាសន៍​មាន​គោលដៅ​សហ​ប្រតិបត្តិការ​ការពារ​ជាតិ​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក ក្នុង​ការ​រួម​ចំណែក​ដល់​ប្រតិបត្តិការ​រក្សា​សន្តិភាព​ក្នុង​តំបន់ និង​សកលលោក ក្រោម​បេសកកម្ម​មនុស្សធម៌​របស់​អង្គការ​សហ​ប្រជាជាតិ និង​ការ​ពង្រឹង​សមត្ថភាព​របស់​កង​យោធពល​ខេមរភូមិន្ទ។ លំហាត់​សម​យុទ្ធ​យោធា​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ កក្កដា​ខាង​មុខ​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល