ក្រសួង​អប់រំ​បង្កើត​កម្មវិធី​សិក្សា​ថ្មី​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ដល់​សិស្ស​វិទ្យាល័យ

ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​សេរី ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្កើត​ឯកសារ​ដូចជា គោល​នយោបាយ​សម្រាប់​អភិវឌ្ឍ​កម្មវិធី​សិក្សា​ចំណេះ​ទូទៅ គោល​នយោបាយ និង​យុទ្ធសាស្ត្រ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ ក្នុង​ការ​អប់រំ​នៅ​កម្ពុជា និង​ផែនការ​គោល ស្ដី​ពី​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍​ក្នុង​វិស័យ​អប់រំ​ឆ្នាំ​២០០៩-២០១៣។

0:00 / 0:00

ទាំង​នេះ គឺ​ដើម្បី​ឲ្យ​អ្នក​សិក្សា​មាន​ចំណេះ​ដឹង និង​ឱកាស​គ្រប់គ្រាន់​ក្នុង​ការ​ចូល​រួម​ក្នុង​វិស័យ​នានា ដែល​ទាមទារ​ឲ្យ​មាន​ជំនាញ​បច្ចេកទេស​ផ្សេងៗ ហើយ​ត្រូវ​ការ​ជា​ចាំបាច់​នូវ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា។

នាយកដ្ឋាន​អភិវឌ្ឍន៍​កម្មវិធី​សិក្សា នៃ​ក្រសួង​អប់រំ បាន​ចាប់​ផ្ដើម​រៀបចំ​អភិវឌ្ឍ​កម្មវិធី​សិក្សា​លម្អិត​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ សម្រាប់​ថ្នាក់​ទី​១១ និង​ថ្នាក់​ទី​១២ ផ្ដល់​ឲ្យ​សិស្ស​ដែល​បាន​បញ្ចប់​ការ​អប់រំ​ថ្នាក់​មធ្យម​សិក្សា នូវ​បំណិន​វិជ្ជាជីវៈ​ផ្អែក​លើ​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ ដែល​ជា​តម្រូវ​ការ​ចាំបាច់​សម្រាប់​ទីផ្សារ​ការងារ និង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា​ថ្នាក់​ឧត្ដម​សិក្សា។

នៅ​ក្នុង​គេហទំព័រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហាញ​ថា កម្មវិធី​សិក្សា​លម្អិត​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ សម្រាប់​ថ្នាក់​ទី​១១ និង​ថ្នាក់​ទី​១២ ចងក្រង​ឡើង​សម្រាប់​ជា​ជំនួយ​ដល់​ការ​បង្រៀន និង​រៀន​តាម​បែប​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ ដើម្បី​ទទួល​បាន​បំណិន​បច្ចេកទេស​កុំព្យូទ័រ បំណិន​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង ការ​ត្រិះរិះ​ពិចារណា ព្រម​ទាំង​សម្រេច​ចិត្ត​បាន​ត្រឹមត្រូវ ក្នុង​ការ​ជ្រើសរើស​វិជ្ជាជីវៈ តាម​រយៈ​កម្មវិធី​ការិយាល័យ​ភាសា​ខ្មែរ (Open office) ដោយ​ប្រើប្រាស់​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ។

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​ធ្វើ​ការ​ជាមួយ​យុវជន បាន​សាទរ​ចំពោះ​ការ​បង្កើត​ឲ្យ​មាន​កម្មវិធី​សិក្សា​ថ្មី ដល់​សិស្ស​វិទ្យាល័យ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍​នេះ។

ប្រធាន​អង្គការ​អភិវឌ្ឍន៍​កម្មវិធី​ធនធាន​យុវជន (YRDP) លោក ជាង សុខា មាន​មតិ​ថា ជំនាញ​បច្ចេកវិទ្យា គឺ​ជា​ជំនាញ​មួយ​ចាំបាច់​សម្រាប់​ធ្វើ​ការ​ទំនាក់​ទំនង​គ្នា។ លោក​ថា កម្មវិធី​សិក្សា​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍​នេះ គឺ​ជា​ស្ពាន​មួយ​ក្នុង​ការ​កសាង​នូវ​មូលដ្ឋាន​គ្រឹះ​សម្រាប់​ចំណេះ​ដឹង​របស់​សិស្សានុសិស្ស នៅ​សាលា​ចំណេះ​ទូទៅ។

លោក ជាង សុខា៖ «សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​កម្ពុជា​ហ្នឹង ការ​ដែល​ចាប់​ផ្ដើម​បញ្ជ្រាប​ទាក់ទង​នឹង​ចំណេះ​ដឹង និង​បច្ចេកវិទ្យា​ទៅ​សិស្ស​នៅ​វិទ្យាល័យ​ហ្នឹង ជា​ទស្សនៈ​របស់​ខ្ញុំ។ ខ្ញុំ​គិត​សំខាន់ ជា​រឿង​ដែល​សំខាន់​មែន​ទែន ក្នុង​ការ​កសាង​មូលដ្ឋាន​គ្រឹះ និង​ចំណេះ​ដឹង​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ជំនាញ​នេះ។ ហើយ​កាល​ដែល​គាត់​ទទួល​បាន​នូវ​ចំណេះ​ដឹង អាច​ធ្វើ​ឲ្យ​គាត់​មាន​លទ្ធភាព​កាន់​តែ​ច្រើន​ថែម​ទៀត ក្នុង​ការ​សិក្សា​របស់​គាត់ នៅ​ពេល​ដែល​គាត់​បាន​បញ្ចប់​នូវ​សាលា​ចំណេះ​ទូទៅ​បន្ត​ការ​សិក្សា​ផ្នែក​ជំនាញ ឬ​ក៏​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ ខ្ញុំ​គិត​ថា ជា​រឿង​មួយ​ល្អ»

ឯកសារ​របស់​ក្រសួង​អប់រំ​ដដែល​បាន​បញ្ជាក់​ថា គោល​បំណង​នៃ​កម្មវិធី​សិក្សា​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍​ថ្នាក់​ទី​១១ គឺ​ផ្ដល់​ឲ្យ​សិស្សានុសិស្ស​នូវ​បំណិន​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង ការ​ត្រិះរិះ​ពិចារណា ការ​ដោះស្រាយ​បញ្ហា និង​បំណិន​បច្ចេកវិទ្យា។ រីឯ​គោល​បំណង នៃ​កម្មវិធី​សិក្សា​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍​សម្រាប់​ថ្នាក់​ទី​១២ គឺ​ផ្ដល់​ឲ្យ​សិស្សានុសិស្ស​នូវ​ទស្សនវិស័យ​ច្បាស់​លាស់​អំពី​ការងារ​ផ្សេងៗ ដែល​មាន​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ ព្រមទាំង​គន្លង​វិជ្ជាជីវៈ​ការងារ ដូចជា គន្លង​ការងារ​ដែល​មាន​នៅ​ក្នុង​វិស័យ ការ​ធ្វើ​ផែនការ​ការងារ​គ្រប់គ្រង​គម្រោង ការ​បណ្ដុះ​គំនិត​ពាណិជ្ជកម្ម​ទាក់ទង​នឹង​ការ​លក់​ផលិតផល​កុំព្យូទ័រ ការ​ធ្វើ​ជា​អ្នក​ជំនួយការ​បច្ចេកទេស ការ​ថែទាំ និង​ប្រឹក្សា​យោបល់​ទាក់ទង​នឹង​ឧបករណ៍​កុំព្យូទ័រ​ផ្នែក​រឹង។

អគ្គរាជទូត​សន្តិភាព នៃ​សហព័ន្ធ​សន្តិភាព​សាកលលោក លោក ព្រាប កុល បាន​ថ្លែង​ថា ការ​សិក្សា​បែប​នេះ គឺ​មាន​ផល​ប្រយោជន៍​ទូលំទូលាយ​ណាស់ ដែល​គួរ​តែ​ពង្រីក​ការ​យល់​ដឹង​ដល់​សិស្សានុសិស្ស ក្នុង​សម័យ​បច្ចេកវិទ្យា​កំពុង​រីក​ចម្រើន​នេះ។ លោក​ថា សម្រាប់​ពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា ការ​យល់​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍​នេះ គឺ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។

លោក ព្រាប កុល៖ «ខ្ញុំ​យល់​ថា វា​ជា​ចំណុច​ល្អ ពីព្រោះ​អី​សារព័ត៌មាន ហើយ​ព័ត៌មាន​វិទ្យា សារ​គមនាគមន៍ គឺ​វា​ជា​ច្រក​ទ្វារ​ដើម្បី​ប្រមូល​ព័ត៌មាន និង​ទិន្នន័យ អាច​ឲ្យ​ពួក​គាត់​ស្រាវជ្រាវ​បាន​ទូលំទូលាយ និង​យក​ចំណេះ​ដឹង​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ដើម្បី​យក​មក​ធ្វើ​ការ​គិត​ពិចារណា​រៀន​សូត្រ។ ហើយ​ជា​ចំណុច​ខ្សោយ​កន្លង​មក គឺ​យើង​មិន​សូវ​មាន​ឯកសារ​ទូលំទូលាយ​ឲ្យ​បាន​គ្រប់គ្រាន់​ពី​គ្រប់​មជ្ឈដ្ឋាន ការ​រៀបចំ​បែប​ហ្នឹង ខ្ញុំ​គិត​ថា​ជា​ការ​រីក​ចម្រើន​មួយ​បែប​ទៀត នៅ​ក្នុង​យុគសម័យ​ដែល​គាត់​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ក្នុង​ការ​សិក្សា»

ប៉ុន្តែ​ជា​ចម្ងល់​នោះ​ត្រង់​ថា តើ​គុណភាព​នៃ​ការ​បញ្ជ្រាប​កម្មវិធី​សិក្សា​ថ្មី ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍​នេះ នឹង​មាន​ប្រសិទ្ធភាព​ត្រឹម​កម្រិត​ណា ដល់​សិស្សានុសិស្ស? លោក ជាង សុខា ប្រធាន​អង្គការ​អភិវឌ្ឍន៍​កម្មវិធី​ធនធាន​យុវជន បង្ហាញ​ក្ដី​បារម្ភ​ដូច្នេះ៖ «កន្លង​មក យើង​ធ្វើ​ការ​យើង​តែង​តែ​ធ្វើ​ការ​បញ្ជ្រាប»

ក្នុង​គេហទំព័រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ទៀត​ថា កម្មវិធី​សិក្សា​លម្អិត​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍​សម្រាប់​ថ្នាក់​ទី​១១ មាន​៥​ជំពូក ១៥​មេរៀន បាន​ដាក់​បញ្ចូល​បំណិន​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង បំណិន​បច្ចេកទេស​កុំព្យូទ័រ ការ​ត្រិះរិះ​ពិចារណា និង​គំនិត​ច្បាស់លាស់​អំពី​វិជ្ជាជីវៈ ដែល​ជា​តម្រូវ​ការ​ចាំបាច់​សម្រាប់​ទីផ្សារ​ការងារ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍​ជា​ជំនួយ ក្នុង​ការ​អនុវត្ត​ការងារ​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។ ចំណែក​សម្រាប់​ថ្នាក់​ទី​១២ មាន​៤​ជំពូក ១៥​មេរៀន ដែល​ផ្ដល់​ទស្សនវិស័យ​ច្បាស់លាស់​ក្នុង​ការ​ជួយ​សិស្ស​បន្ត​ការ​សិក្សា​ទៅ​ថ្នាក់​ឧត្ដម​សិក្សា និង​រក​ការងារ​បាន​ល្អ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។