មហា​សន្និបាត​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​លើ​ពិភពលោក​ខួប​លើក​ទី២០

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ស្វះស្វែង​រក​គ្រប់​មធ្យោបាយ ដើម្បី​ការពារ​សិទ្ធិ​ខ្មែរ​កម្ពុជា​ក្រោម រស់​នៅ​លើ​ទឹកដី​កំណើត​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​វៀតណាម ដែល​ពួក​គេ​អះអាង​ថា ខ្មែរ​កម្ពុជា​ក្រោម ទទួល​រង​នូវ​ការ​គាប​សង្កត់ និង​ការ​រើសអើង​ពី​អាជ្ញាធរ​វៀតណាម ដែល​ផ្ទុយ​ពី​សេចក្ដី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ជន​ជាតិ​ដើម​ភាគ​តិច។
ដោយ ទីន ហ្សាការីយ៉ា
2012.11.30
មហា​សន្និបាត​ជន​ជាតិ​ដើម​ភាគ​តិច​ពិភពលោក​លើក​ទី២០ ៣០៥ សកម្មភាព​នៅ​ក្នុង​មហា​សន្និបាត​ជន​ជាតិ​ដើម​ភាគ​តិច​ពិភពលោក​លើក​ទី២០ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាល​ពី​ថ្ងៃ​ទី២៧ និង​ថ្ងៃ​ទី២៨ វិច្ឆិកា។
Photo Provided

តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​លើក​ពី​បញ្ហា​ប្រឈម​ចំនួន​របស់​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​វៀតណាម នៅ​ក្នុង​មហា​សន្និបាត​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​លើ​ពិភពលោក​ខួប​លើក​ទី២០ នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស ដែល​គេ​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សឺណែវ (Genava) ប្រទេស​ស្វីស នៅ​ថ្ងៃ​ទី២៧ និង​ថ្ងៃ​ទី២៨ វិច្ឆិកា។

លោក ថាច់ ង៉ុកថាច់ ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក​មាន​ប្រសាសន៍​ថា នៅ​ក្នុង​មហា​សន្និបាត​ដែល​មាន​តំណាង​ជន​ជាតិ​ដើម​ភាគ​តិច មក​ពី​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក បាន​មក​ចូល​រួម​នោះ គឺ​លោក​បាន​ដាក់​លិខិត​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​នូវ​បញ្ហា​មួយ​ចំនួន​ដែល​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​ជួប​ប្រទះ រួម​មាន​ការ​សិក្សា​អប់រំ សិទ្ធិ​ជំនឿ​សាសនា និង​បញ្ហា​លោក ចៅ ហេន ទទួល​រង​នូវ​ទារុណកម្ម​នៅ​ក្នុង​ពន្ធនាគារ ហើយ​សព្វថ្ងៃ​កំពុង​ឈឺ​ធ្ងន់ ក្រោយ​ពេល​គេ​ដោះលែង​ចេញ​ពី​គុក​វិញ៖ «កូន​សិស្ស​ជន​ជាតិ​វៀតណាម មក​រៀន​នៅ​អាមេរិក ជាង ១ម៉ឺន ៥ពាន់​នាក់ ចំពោះ​ខ្មែរ​ក្រោម គ្មាន។ ដូច្នេះ តុល្យភាព​ចំពោះ​ខ្មែរ​កម្ពុជា​ក្រោម និង​ជន​ជាតិ​ទាំង​អស់​ចំនួន​៥៤ ហ្នឹង»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ខាង​រដ្ឋាភិបាល​វៀតណាម ឲ្យ​ដឹង​កន្លង​មក​ថា រដ្ឋាភិបាល​វៀតណាម បាន​យក​ចិត្ត​ទុក​ដាក់​លើ​ខ្មែរ​កម្ពុជា​ក្រោម ដូច​នឹង​ប្រជាពលរដ្ឋ​វៀតណាម ដែរ ពុំ​មាន​ការ​រើសអើង​អ្វី​ទេ។

លោក ថាច់ ង៉ុកថាច់ បាន​អះអាង​ថា កូន​ចៅ​ខ្មែរ​កម្ពុជា​ក្រោម មិន​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ​ដូច​កូន​ចៅ​វៀតណាម នោះ គឺ​ផ្ទុយ​ពី​សេចក្ដី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ជន​ជាតិ​ភាគ​តិច ដែល​គេ​អនុម័ត​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០០៧ នោះ។

មាត្រា​១១ ចែង​ថា ជន​ជាតិ​ដើម​ភាគ​តិច មាន​សិទ្ធិ​ប្រតិបត្តិ និង​ធ្វើ​ឲ្យ​រស់​ឡើង​វិញ​នូវ​ប្រពៃណី និង​ទំនៀមទម្លាប់​ជា​វប្បធម៌​របស់​ខ្លួន។ សិទ្ធិ​នេះ រួម​មាន សិទ្ធិ​ថែ​រក្សា​ការពារ និង​អភិវឌ្ឍន៍​អ្វីៗ​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​វប្បធម៌​របស់​ខ្លួន ដែល​មាន​ពី​អតីតកាល បច្ចុប្បន្ន និង​អនាគត។

មាត្រា​១៤ ជន​ជាតិ​ដើម​ភាគ​តិច​មាន​សិទ្ធិ​បង្កើត និង​គ្រប់គ្រង​ស្ថាប័ន និង​ប្រព័ន្ធ​អប់រំ​របស់​ខ្លួន​ដោយ​ផ្ទាល់ ការ​អប់រំ​ជា​ភាសា​របស់​ខ្លួន​ផ្ទាល់ ក្នុង​លក្ខណៈ​សមស្រប​នឹង​វិធីសាស្ត្រ​តាម​វប្បធម៌ នៃ​ការ​បង្រៀន និង​រៀន​សូត្រ​របស់​ពួក​គេ។ បុគ្គល​ជន​ជាតិ​ដើម​ភាគ​តិច​គ្រប់​រូប ជា​ពិសេស​កុមារ មាន​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​នៅ​គ្រប់​កម្រិត និង​គ្រប់​រូបភាព​នៃ​ការ​អប់រំ ដោយ​គ្មាន​ការ​រើសអើង​ឡើយ។

លោក ថាច់ ង៉ុកថាច់ បាន​ឲ្យ​ដឹង​ថា អង្គការ​យូនីសែហ្វ (UNICEF) បាន​បង្កើត​សាលា​រៀន​នៅ​ខេត្ត​ព្រះត្រពាំង ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​រៀន​អក្សរ​ខ្មែរ។ លោក​បញ្ជាក់​ថា លោក​បាន​ស្នើសុំ​ឲ្យ​អង្គការ​យូនីសែហ្វ ជួយ​ដល់​ខ្មែរ​កម្ពុជា​ក្រោម​បន្ថែម​ទៀត​លើ​វិស័យ​អប់រំ៖ «អង្គការ​យូនីសែហ្វ ហ្នឹង បាន​ជួយ​ដល់​កូន​ខ្មែរ ១៦៥​នាក់ នៅ​ខេត្ត​ព្រះត្រពាំង បាន​រៀន និង​គម្រោង​ទៀត​គេ​ហ្នឹង បង្កើត​សាលា​ខ្មែរ​នៅ​ខេត្ត​ឃ្លាំង ហើយ​ខ្ញុំ​បាន​ស្នើ​ឲ្យ​ជួយ​បង្កើត​សាលា​ខ្មែរ​នៅ​គ្រប់​ខេត្ត​ទាំង​អស់»

តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​មហា​សន្និបាត​រយៈពេល​ពីរ​ថ្ងៃ​នោះ គេ​ផ្ដោត​សំខាន់​ពី​ការ​អប់រំ​របស់​កូន​ចៅ​របស់​ជន​ដើម​ភាគ​តិច​នៅ​លើ​ពិភពលោក និង​បញ្ហា​ជំនឿ​សាសនា​របស់​ជន​ជាតិ​ដើម​ភាគ​តិច ដែល​កំពុង​តែ​ត្រូវ​បាន​គេ​រឹតត្បិត និង​គំរាម​កំហែង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។