មន្ត្រីសង្ឃខេត្តសៀមរាប ចំនួន ៧អង្គ បាននិមន្តទៅកាន់មុខសាលាដំបូងនៃខេត្តនេះ ដោយព្យាយាមនាំខ្លួនព្រះសង្ឃមួយអង្គ ព្រះនាមព្រះភិក្ខុ លួន សាវ៉ាត ដែលជាតំណាងសហគមន៍ប្រជាពលរដ្ឋឃុំជីក្រែង មិនឲ្យបន្តធ្វើសកម្មភាពដើម្បីរកដំណោះស្រាយរឿងជម្លោះដីស្រែប្រាំង និងទាមទារឲ្យដោះលែងតំណាងប្រជាពលរដ្ឋ ១២នាក់ ដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារនៅឡើយនោះទេ ដោយលើកមូលហេតុថា ជាទង្វើដែលខុសវិន័យសាសនា។ ក៏ប៉ុន្តែការព្យាយាមរបស់មន្ត្រីសង្ឃដើម្បីនាំខ្លួនព្រះសង្ឃមួយអង្គចេញពីសហគមន៍ប្រជាពលរដ្ឋនោះ ត្រូវបរាជ័យ ដោយសារក្រុមអ្នកភូមិជាច្រើនបានការពារ មិនឲ្យសមត្ថកិច្ច និងមន្ត្រីសង្ឃនាំខ្លួនទៅបាន។
ព្រះភិក្ខុ តឹក ប៊ុនឡង មន្ត្រីសង្ឃខេត្តសៀមរាប បានមានព្រះថេរដីកាថា ព្រះភិក្ខុ លួន សាវ៉ាត ដែលនិមន្តចូលរួមសកម្មភាពតវ៉ាដីធ្លីជាមួយប្រជាពលរដ្ឋនោះ គឺជាការធ្វើខុសវិន័យព្រះពុទ្ធសាសនា ដែលវិន័យព្រះសង្ឃមិនឲ្យមកឈរហាលវាល និងនៅកៀកកិតជាប់ញាតិញោមបានទេ។ មន្ត្រីសង្ឃបានមានព្រះថេរដីកាថា បើទោះបីជាមានការបាញ់សម្លាប់ដូចជំនាន់ ប៉ុល ពត យ៉ាងណាក៏ដោយ ក៏ព្រះសង្ឃគ្មានតួនាទីចូលរួមដើម្បីតវ៉ាជ្រៀតជ្រែកការងារគ្រហស្ថទេ។
ប៉ុន្តែព្រះភិក្ខុ លួន សាវ៉ាត តំណាងឲ្យសហគមន៍ប្រជាពលរដ្ឋឃុំជីក្រែង បានមានព្រះថេរដីកាច្រានចោលការចោទប្រកាន់ពីមន្ត្រីសង្ឃថា ព្រះអង្គគ្មានកំហុសអ្វីទេ។
ព្រះភិក្ខុ លួន សាវ៉ាត មានព្រះថេរដីកាដូច្នេះ ៖ «អាត្មាមកតែមួយអង្គឯងទេ។ ...អាត្មាគ្មានទើសអីស្អីទេ ស្បង់ចីវរមាន ហើយដឹងថា បងករុណាត្រូវគ្រាប់ ក្មួយករុណាត្រូវគ្រាប់ ហើយបងប្អូនខ្ញុំករុណារងគ្រោះជាប់គុកជាប់ច្រវាក់ ដូច្នេះខ្ញុំករុណាមានសិទ្ធិ។ ខ្ញុំករុណារស់នៅបានដោយសារចង្ហាន់ញាតិញោមដាក់ប្រគេនករុណា»៕