មេបញ្ជាការកងទ័ពខ្មែរនៃវរ៤៣១ ចំណុះឲ្យកងពលថ្មើរជើងលេខ៤៣ ដែលកំពុងគ្រប់គ្រងនៅតំបន់ព្រលានឥន្ទ្រី លោកវរសេនីយ៍ទោ នូ សារ៉ាត់ បានមានប្រសាសន៍ប្រាប់កាលពីព្រឹកថ្ងៃអង្គារនេះថា កម្លាំងរបស់លោកត្រូវបានបញ្ជូនទៅការពារព្រលានឥន្ទ្រីបន្ថែមទៀត។
មេបញ្ជាការដដែលបានមានប្រសាសន៍ទៀតថា តាមការទទួលព័ត៌មានកាលពីល្ងាចថ្ងៃចន្ទ កងទាហានថៃប្រមាណ១២០នាក់ បានប៉ុនប៉ងវាយយកព្រលានឥន្ទ្រីជាទឹកដីខ្មែរនិងឆ្ពោះមកកាន់កាប់តំបន់ ៥មករា ដែលជាផ្លូវឡើងមកកាន់ប្រាសាទព្រះវិហារ ដែលបណ្ដាលឲ្យផ្ទុះមីនកប់ក្រោមដីចំនួនពីរគ្រាប់។
លោកវរសេនីយ៍ទោ នូ សារ៉ាត់ មានប្រសាសន៍ដូច្នេះថា ៖ «ថ្ងៃនេះនៅចំពោះមុខតំបន់លានឥន្ទ្រីមានភាពស្ងាត់ស្ងៀម គ្រាន់តែមានបញ្ហាមួយគឺវាបំបែកកម្លាំងរបស់វាពីខាងណោះមកខាងមុខបន្តិច។ វារំកិល។ ពីម្សិលមិញ មាន១២០នាក់។ ទិសដៅរបស់វា គឺវាយយកតំបន់ហ្នឹង។ អ៊ីចឹង រាល់ថ្ងៃមានការព្រួយបារម្ភ ខ្លាចគេដណ្ដើមយកតំបន់ហ្នឹងបាន»។
រហូតមកដល់ថ្ងៃអង្គារ ទាហានខ្មែរនៅតំបន់ព្រលានឥន្ទ្រីដែលស្ថិតនៅចម្ងាយប្រមាណ ៣គីឡូម៉ែត្រភាគខាងលិចប្រាសាទព្រះវិហារ បានត្រៀមប្រយុទ្ធយ៉ាងតឹងតែងដោយរាយគ្នាបណ្ដាក់តាមគល់ឈើធំៗយ៉ាងស្ងៀមស្ងាត់និងប្រុងប្រយ័ត្ន។
ព្រឹន្ទបាលឯកនៃកងទាហានមួយរូបដែលកំពុងអង្គុយផ្អែកនឹងដើមឈើ ហើយភ្នែកកំពុងសម្លឹងទៅមុខនិងត្រចៀកប្រឹងស្ដាប់ស្ថានការណ៍ បាននិយាយថា ពួកគេកំពុងមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងទាំងយប់ទាំងថ្ងៃ ដោយទាហានថៃប៉ុនប៉ងវាយដណ្ដើមយកតំបន់នោះជាញឹកញាប់ ៖ «វាស្ថិតក្នុងសភាពការណ៍តឹងតែង។ យាមល្បាតទាំងយប់ទាំងថ្ងៃ ព្រោះថា វា[ទាហាថៃ]មិនដកថយកម្លាំងទេ គឺវាមានតែរុញថែម។ វាសំដៅថា វាលឥន្ទ្រីនេះ ជាដីរបស់វា អ៊ីចឹង កម្លាំងវាដាក់មកប៉ុន្មានដងនេះ គឺវាសំដៅយកទ័ពមកដាក់នៅដីវាលឥន្ទ្រីនេះ»។
តាមទាហានខ្មែរបានឲ្យដឹងថា កងទាហានថៃដែលត្រៀមប្រយុទ្ធកំពុងស្ថិតនៅចម្ងាយប្រមាណ ២០០ម៉ែត្រប៉ុណ្ណោះពីខ្សែត្រៀមខ្មែរ។
មេបញ្ជាការកងពលអន្តរាគមន៍លេខ១២ ដែលគ្រប់គ្រងរួមលើកម្លាំងកងទ័ពខ្មែរ លោកឧត្ដមសេនីយ៍ទោ ស្រី ឌឹក មិនបានធ្វើការអធិប្បាយអំពីសភាពការណ៍ប្រឈមមុខដោយយោធានៅក្បែរតំបន់ប្រាសាទព្រះវិហារនោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា ចាប់ពីថ្ងៃទី៤ តុលា រហូតមកទល់ពេលនេះ មេបញ្ជាការយោធាខ្មែរ-ថៃមិនមានការជួបប្រជុំគ្នាទេ ដោយសារតែមេបញ្ជាការទាហានថៃនិយាយពីផែនទីដែលភាគីថៃបានគូសដោយភាគីថៃម្នាក់ឯង និងមិនគោរពតាមការជជែកគ្នាដែលថាមិនឲ្យមានការចល័តកងទ័ពនោះ។
កាលពីវេលាម៉ោងប្រមាណ ១២និង៣០នាទី នាថ្ងៃអង្គារនេះដែរ កងទាហានខ្មែរបានរាយការណ៍ថា គេបានចាប់ខ្លួនទាហានថៃប្រដាប់ដោយអាវុធម្នាក់នៅក្នុងអង្គភាពកងល្បាតទី៦របស់កងពលទី៦ ដែលបានលបលួចចូលយ៉ាងជ្រៅមកក្នុងទឹកដីខ្មែរ នៅតំបន់ច្រកតាថាវ ដែលស្ថិតនៅចម្ងាយប្រមាណ ៥គីឡូម៉ែត្រ ភាគខាងកើតនៃប្រាសាទព្រះវិហារ និងក្រោយមកត្រូវបានដោះលែងឲ្យត្រឡប់ទៅវិញ៕