សមត្ថកិច្ច​ចម្រុះ​ជាង​១​ម៉ឺន​នាក់​នឹង​ត្រូវ​ដាក់​ការពារ​សន្តិសុខ​នៅ​ថ្ងៃ​ដង្ហែ​ព្រះ​បរម​សព

អគ្គស្នងការ​នគរបាល​ជាតិ លោក​នាយ​ឧត្ដមសេនីយ៍ នេត សាវឿន នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៣ បាន​កោះ​ប្រជុំ​បន្ទាន់​មួយ ដើម្បី​រៀបចំ​ផែនការ​ពង្រឹង​វិធានការ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ឱកាស​ពិធី​ដង្ហែ​ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ និង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​នៅ​ដើម​ខែ​កុម្ភៈ ខាង​មុខ​នេះ។

0:00 / 0:00

អគ្គស្នងការ​នគរបាល​ជាតិ​បាន​សម្រេច​នឹង​ដាក់​ពង្រាយ​កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ មាន​នគរបាល​ជាតិ កង​រាជ​អាវុធហត្ថ​ផ្ទៃ​ប្រទេស និង​យោធា សរុប​ចំនួន​ជាង ១​ម៉ឺន​នាក់ នៅ​តាម​គោលដៅ​សំខាន់ៗ ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ខាង​មុខ​នេះ ប្រកប​ដោយ​ជោគជ័យ។

ការ​សម្រេច​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ឯ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ក្រោយ​ពី​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ចេញ​ផ្សាយ​សារាចរ​មួយ​ចុះ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៣ ផ្ដោត​លើ​ពិធី​ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ។

អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ លោក​ឧត្ដមសេនីយ៍​ឯក គៀត ច័ន្ទថារិទ្ធ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ក្រោយ​ពី​កិច្ច​ប្រជុំ​នោះ​ថា ពិធី​ដង្ហែ​ព្រះ​បរម​សព និង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​នោះ គឺ​ជា​ពិធី​ប្រវត្តិ​សាស្ត្រ ដូច្នេះ​ការ​ពង្រឹង​សន្តិសុខ និង​ការ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ គឺ​ត្រូវ​តែ​ធ្វើ​ដោយ​ម៉ត់ចត់។

លោក គៀត ច័ន្ទថារិទ្ធ៖ «ព្រោះ​យើង​បិទ​តាំង​ពី​គល់​ស្ពាន​ជ្រោយចង្វារ ខាង​ត្បូង​ហ្នឹង មក​ដល់​រង្វង់​មូល​ស្ថាន​ទូត​បារាំង កន្លែង​កាំភ្លើង​កួច​កាណុង​ហ្នឹង ហើយ​យើង​បិទ​តាម​ខាង​កើត​ផ្លូវ​ព្រះមុនីវង្ស រហូត​ដល់​ផ្លូវ​បូកគោ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា បិទ​ចរាចរណ៍​ផ្លូវ​មុនីវង្ស​ទេ​ណា ប៉ុន្តែ​ផ្លូវ​បត់​ហ្នឹង គឺ​យើង​ចាប់​បិទ​ហើយ។ អ៊ីចឹង​យើង​មិន​ឲ្យ​មធ្យោបាយ ជា​ពិសេស​ឡាន​ចូល​ទេ។ ទំហំ​នេះ​ធំ​ណាស់ ពី​បូកគោ​មក​ជលផល មក​ដល់​រដ្ឋ​សភា​នេះ ប៉ុន្តែ​រយៈពេល​តែ​មួយ​ព្រឹក​ទេ អ៊ីចឹង​សូម​មេត្តា...។ ថ្ងៃ​ដង្ហែ​គឺ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ព្រឹក​ថ្ងៃ​ទី​៤ ប្រជាពលរដ្ឋ​ជ្រាប​បញ្ហា​នេះ​ដែរ ហើយ​ក៏​សូម​មេត្តា​អធ្យាស្រ័យ​ដែរ ព្រោះ​យើង​គិតគូរ​សណ្ដាប់ធ្នាប់​រៀប​រយ​នេះ​ធំ​ណាស់»

ប្រជាពលរដ្ឋ​ម្នាក់​នៅ​ខេត្ត​កណ្តាល បាន​និយាយ​ថា លោក​និង​ក្រុម​គ្រួសារ​នឹង​ចូល​រួម​ក្នុង​ពិធី​ដង្ហែ​ព្រះ​បរម​សព និង​ថ្វាយ​ព្រះ​ភ្លើង​ខាង​មុខ​នេះ៖ «ខ្ញុំ​ត្រូវ​តែ​ទៅ​ចូល​រួម​ទោះ​ជា​មាន​ការងារ​មមាញឹក​រត់​ម៉ូតូ​ឌុប​ក្ដី។ រំលឹក​វិញ្ញាណក្ខន្ធ​របស់​គាត់ (ព្រះ​មហា​វីរក្សត្រ ) ពីព្រោះ​គាត់​បាន​ទុក​ស្នាដៃ​ល្អៗ​ដល់​ប្រទេស​កម្ពុជា​យើង និង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ»។

ឯកសារ​ជា​ផ្លូវការ​ចុះ​ហត្ថលេខា​ដោយ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នៅ​វេលា​ម៉ោង ៨​ព្រឹក គឺ​យាង​ព្រះ​​បរម​មញ្ជូសា នៃ​ព្រះ​បរម​សព​តាម​រាជរថ​តូច ចេញ​ពី​ព្រះ​បរម​រាជ​វាំង​ទៅ​តម្កល់​លើ​រាជ​បុស្បុក​នៅ​មុខ​ព្រះ​បរម​រាជវាំង និង​ដង្ហែ​តាម​ដង​ផ្លូវ​សំខាន់​ក្នុង​រាជធានី​ភ្នំពេញ មុន​នឹង​តម្កល់​នៅ​វាល​ព្រះ​មេរុ ហើយ​នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នៅ​វេលា​ម៉ោង ១៨ និង ៣០​នាទី នឹង​ប្រារព្ធ​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​បូជា​ព្រះ​បរម​សព​នៅ​វាល​ព្រះ​មេរុ ពេល​នោះ​នឹង​មាន​ការ​បាញ់​កាំជ្រួច និង​កាំភ្លើង​ធំ​ផង។

នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នៅ​វេលា​ម៉ោង ៧​ព្រឹក ព្រះ​រាជ​ពិធី​រើស​ព្រះ​បរម​អដ្ឋិធាតុ និង​ដង្ហែ​ទៅ​ទន្លេ​ចតុមុខ។ នៅ​វេលា​ម៉ោង ១៧ យាង​ព្រះ​បរម​អដ្ឋិធាតុ​ទៅ​គង់​នៅ​ក្នុង​ព្រះ​កោដ្ឋ​ពេជ្រ រួច​ដង្ហែ​ទៅ​តម្កល់​លើ​ព្រះ​មហា​បញ្ចា ឬ​ព្រះ​ចេតិយ ក្នុង​ព្រះមេរុ។

រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ជា​ថ្ងៃ​ចុង​ក្រោយ នៅ​វេលា​ម៉ោង ១៨ នឹង​យាង​ព្រះ​កោដ្ឋ ព្រះ​បរម​អដ្ឋិធាតុ ចុះ​ពី​ព្រះ​មហា​បញ្ចា ឬ​ព្រះ​ចេតិយ​មក​លើ​ព្រះ​រាជ​រថ ដង្ហែ​ចូល​ព្រះ​បរម​រាជវាំង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។