បក្ស​ប្រឆាំង​ចោទ​ថា​ពលរដ្ឋ​មិន​ហ៊ាន​ទៅ​បោះ​ឆ្នោត​ដោយសារ​មាន​ការ​គំរាម

ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​នៅ​ក្នុង​ខេត្ត​ភាគ​ពាយ័ព្យ​កម្ពុជា ពុំ​បាន​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទេ។ បញ្ហា​នេះ​ត្រូវ​បាន​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​លើក​ឡើង​ថា បណ្ដាល​មក​ពី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ​បាន​បង្ក​ការ​លំបាក​ទាំង​ពេល​មុន​ថ្ងៃ​បោះ​ឆ្នោត​ និង​ក្នុង​ថ្ងៃ​បោះ​ឆ្នោត។

មន្ត្រី​គណបក្ស សម រង្ស៊ី បាន​ចោទ​ប្រកាន់​ថា ក្រុម​អាជ្ញាធរ​មូលដ្ឋាន មាន​ប្រធាន​មណ្ឌល ​មេ​ភូមិ មេ​ឃុំ ​ចៅ​សង្កាត់ និង​អាជ្ញាធរ​ស្រុក​ក្រុង​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ បាន​ចុះ​ធ្វើ​សកម្មភាព​គំរាម​កំហែង​​ប្រជាពលរដ្ឋ​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ។ បញ្ហា​នេះ បក្ស​ប្រឆាំង​មើល​ឃើញ​ថា ជា​ឧបសគ្គ​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​មិន​បាន​ចូល​រួម​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា។

លោក មាន សារិទ្ធិ សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ប៉ោយប៉ែត មក​ពី​គណបក្ស សម រង្ស៊ី បាន​ថ្លែង​ថា គណបក្ស សម រង្ស៊ី និង​រៀបចំ​ពាក្យ​បណ្ដឹង​ប្ដឹង​ទៅ​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត ខេត្ត​បន្ទាយមានជ័យ ជុំវិញ​ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​នៅ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា។

មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ​បន្ថែម​ថា ក្រុម​អាជ្ញាធរ​មូលដ្ឋាន​ទាំង​នោះ​បាន​នាំ​ចុះ​ទៅ​បង្ហាញ​មុខ​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភ័យខ្លាច៖ «ថ្ងៃ​បោះឆ្នោត​ មាន​មេភូមិ ​មេក្រុម​ មេ​ឃុំ ​មាន​អភិបាល​ក្រុង ទៅ​ឈរ​ពី​មុខ​ការិយាល័យ​បោះ​ឆ្នោត​តែ​ម្ដង​ពី​ម៉ោង​ ៧ ​ដល់​ម៉ោង ១០​ព្រឹក និយាយ​រួម​ ស្ទើរ​តែ​គ្រប់​ភូមិ ​ឈរ​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​គូស​ឲ្យ​គណបក្ស​ខ្លួន​តែ​ម្ដង ហើយ​យើង​ប្ដឹង​ទៅ​សិច (CEC) គាត់​ជួយ​មិន​ឈ្នះ​ទេ។ សិច​ហាម និង​ដេញ​ដែរ តែ​ដេញ​មិន​ឈ្នះ​ពេល​ហ្នឹង​បេក្ខជន​ឈរ​ឈ្មោះ​យើង​បាន​ដេញ​ រហូត​ដល់​ប៊ិស​នឹង​វ៉ៃ​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​ប្រជាជន»

លោក គី គឹមសេង ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ទទួល​ស្គាល់​បញ្ហា​នេះ។ លោក​បញ្ជាក់​ថា គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​កំពុង​រង់ចាំ​ដោះស្រាយ​លើ​ពាក្យ​បណ្ដឹង​ដែល​កើត​មាន​នៅ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត។ លោក​សង្កត់​ធ្ងន់​ថា ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​ដែល​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅ​ខេត្ត​បន្ទាយមានជ័យ​ ប៉ុន្តែ​ពួក​គាត់​មិន​បាន​ចូល​រួម​បោះឆ្នោត​ទេ​ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា៖ «អ្នក​ទៅ​បោះឆ្នោត​ទាំង​អស់​ មាន​ចំនួន ២៣៣.០៥៣​នាក់ បាន​បោះ​ឆ្នោត​តែ ៥០,៧៦% ទេ។ ៥១% ធ្លាក់​ដូច​តែ​គ្នា​ មិន​មែន​តែ​ខ្ញុំ​អី​ ទូទាំង​ប្រទេស​ មិន​ដឹង​ធ្វើ​ម៉េច​ប្រជាពលរដ្ឋ​គាត់​មិន​ទៅ»

ការ​ខក​ខាន​មិន​បាន​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នេះ ត្រូវ​បាន​មន្ត្រី​គណបក្ស​ប្រឆាំង​ទម្លាក់​កំហុស​ទៅ​លើ​រូបភាព​គំរាម​កំហែង​របស់​អាជ្ញាធរ​មូលដ្ឋាន។

លោក មានសារិទ្ធិ ចោទ​ថា នៅ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​ដែល​ពុំ​បាន​បោះឆ្នោត​ដោយសារ​ពួកគាត់​ពុំ​មាន​អត្តសញ្ញាណប័ណ្ណ ម្យ៉ាង​វិញ​ទៀត ​ស្មៀន​ឃុំ​ចៅ​សង្កាត់​ពុំ​បាន​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ធ្វើ​អោយ​ពួក​គាត់​បាត់បង់​សិទ្ធិ​បោះ​ឆ្នោត។ ចំណែក​នៅ​ឯ​ខេត្ត​បាត់ដំបង​វិញ ក៏​មាន​ប្រជាពលរដ្ឋ​មិន​បាន​ទៅ​បោះ​ឆ្នោត​ច្រើន​ដូច​គ្នា​ដែរ។

លោក វន ពន ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បញ្ជាក់​ថា មាន​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​ខេត្ត​បាត់ដំបង នៅ​ឆ្នាំ​២០១២ នេះ​ ប៉ុន្តែ​ពួក​គាត់​មិន​បាន​ចូល​រួម​បោះឆ្នោត​ជា​ច្រើន​នាក់​ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា។ ក្នុង​ចំនួន ៦.៧៩ង.២៤៣​នាក់ មាន​ប្រជាពលរដ្ឋ ៥៧,៣២% ទេ ដែល​បាន​នាំ​គ្នា​ទៅ​ចូលរួម​បោះ​ឆ្នោត។

លោក ស៊ុន តឹក ប្រធាន​សម្រប​សម្រួល​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​បាត់ដំបង​ យល់​ឃើញ​ថា ​ប្រជាពលរដ្ឋ​ខ្មែរ​មិន​បាន​ចូលរួម​បោះ​ឆ្នោត​ច្រើន​នាក់ ដូច្នេះ​ធ្វើ​ឲ្យ​មាន​ក្តី​ព្រួយ​បារម្ភ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ៖ «យើង​គិត​ថា បើ​មិន​ទៅ​បោះឆ្នោត​ច្រើន​គ្នា​អ៊ីចឹង វា​អត់​មាន​ការ​បញ្ចេញ​សំឡេង ​បញ្ចេញ​មតិ​របស់ ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ។ អ្នក​ខ្លះ​គាត់​ចង់​បាន​ថ្នាក់​ដឹក​នាំ​រូប​នេះ ​មើល​ទៅ​មិន​ឈ្នះ​គេ​ដដែល​គាត់​អត់​ទៅ ​អា​ហ្នឹង​ជា​ភាព​អយុត្តិធម៌​មួយ​សម្រាប់​ក្រុម​គ្រួសារ​គាត់»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ឃ្លាំ​មើល​ដំណើរ​ការ​បោះឆ្នោត ​បាន​កត់​សម្គាល់​ថា​ ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១២​នេះ ​ខុស​ពី​ឆ្នាំ​បោះឆ្នោត​លើក​មុន។ ប្រជាពលរដ្ឋ​ក្រីក្រ​ភាគ​ច្រើន​បាន​នាំ​គ្នា​ខ្វល់​ខ្វាយ​ពី​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ​ក្នុង​ក្រុម​គ្រួសារ​ជាង​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​រឿង​គណបក្ស​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។