សាលា​ឧទ្ធរណ៍​ផ្តល់​នីតិសម្បទា​ជូន​អ្នកស្រី មូរ សុខហួរ

អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី ត្រូវ​តុលាការ​សាលា​ឧទ្ធរណ៍​ផ្ដល់​នីតិសម្បទា​វិញ​ហើយ នៅ​ថ្ងៃ​ទី​៣ សីហា បន្ទាប់​ពី​អ្នក​តំណាង​រាស្ត្រ​រូប​នេះ ត្រូវ​រដ្ឋសភា​ដក​អភ័យ​ឯកសិទ្ធិ​អស់​រយៈពេល​៣ឆ្នាំ។

0:00 / 0:00

អ្នក​តំណាង​រាស្ត្រ​រូប​នេះ ឲ្យ​ដឹង​ថា អ្នកស្រី​នឹង​ត្រូវ​រដ្ឋសភា​ផ្ដល់​អភ័យ​ឯកសិទ្ធិ​ជូន​វិញ បន្ទាប់​ពី​តុលាការ​ផ្ដល់​នីតិសម្បទា​ឡើង​វិញ។

អ្នកស្រី មូរ សុខហួរ ឲ្យ​ដឹង​ថា អ្នកស្រី​ហាក់​មិន​មាន​ការ​ភ្ញាក់​ផ្អើល​នឹង​ការ​ផ្ដល់​នីតិសម្បទា​របស់​តុលាការ ជូន​អ្នកស្រី​វិញ​នោះ​ឡើយ។

អ្នកស្រី​អះអាង​ថា តាម​ពិត ការ​ដក​អភ័យ​ឯកសិទ្ធិ​របស់​អ្នកស្រី​ដោយ​រដ្ឋសភា​ក្ដី ការ​កាត់​ទោស​របស់​តុលាការ​ឲ្យ​អ្នកស្រី​ចាញ់​ក្ដី រឿង​ទាំង​នេះ​មិន​គួរ​កើត​ឡើង​លើ​អ្នកស្រី​នោះ​ឡើយ តែ​ដោយ​សារ​តុលាការ​មិន​យុត្តិធម៌ និង​មាន​ភាព​លំអៀង​ទៅ​កាន់​អ្នក​មាន​អំណាច​នោះ ដូច្នេះ​ទើប​អ្នកស្រី​ត្រូវ​តុលាការ​កាត់​ទោស​អ្នកស្រី​ឲ្យ​ចាញ់​ក្ដី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ត្រូវ​រដ្ឋសភា​ដក​អភ័យ​ឯកសិទ្ធិ​អ្នកស្រី​អស់​រយៈពេល​៣ឆ្នាំ។

ទោះ​យ៉ាង​ណា អ្នកស្រី​អះអាង​ថា អ្នកស្រី​នឹង​ត្រូវ​រដ្ឋសភា​ផ្ដល់​អភ័យ​ឯកសិទ្ធិ​វិញ បន្ទាប់​ពី​តុលាការ​សាលា​ឧទ្ធរណ៍ បាន​ផ្ដល់​នីតិសម្បទា​ជូន​អ្នកស្រី​បាន​៣០ថ្ងៃ។

ទាក់​ទង​នឹង​ការ​ដក​អភ័យ​ឯកសិទ្ធិ​របស់​អ្នកស្រី មូរ សុខហួរ នា​ពេល​កន្លង​មក​នេះ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ នៅ​កម្ពុជា លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ភាព​មិន​ច្បាស់​លាស់​នៃ​នីតិវិធី​ច្បាប់​ស្ដីពី​ការ​ដក​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ បាន​ផ្ដល់​លទ្ធភាព​ច្រើន​ដល់​តុលាការ​ក្នុង​ការ​ដាក់​ការ​ចោទ​ប្រកាន់​មក​លើ​អ្នក​តំណាង​រាស្ត្រ ហើយ​កត្តា​នេះ ធ្វើ​ឲ្យ​អ្នក​តំណាង​រាស្ត្រ​មាន​សិទ្ធិ​តិចតួច ក្នុង​ការ​បញ្ចេញ​មតិ។

ហេតុ​នេះ លោក​សុំ​ឲ្យ​រដ្ឋសភា​ធ្វើ​យ៉ាង​ណា​អនុម័ត​ច្បាប់​ស្ដីពី​នីតិវិធី ក្នុង​ការ​ដក​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​ជៀសវាង​ការ​យក​រឿង​បន្តិចបន្តួច​ជា​លេស​ផ្នែក​នយោបាយ សម្រាប់​ដាក់​ការ​ចោទ​ប្រកាន់​លើ​អ្នក​តំណាង​រាស្ត្រ​ណា​មួយ​នោះ។

អ្នកស្រី មូរ សុខហួរ បាន​ប្ដឹង​ផ្ដល់​គ្នា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាក់​ទង​នឹង​រឿងរ៉ាវ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយ​នៅ​ដើម​ខែ​មេសា ឆ្នាំ​២០០៩ ថា ស្រី​ជើង​ខ្លាំង ហើយ​ពាក្យ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយ​នេះ ត្រូវ​អ្នកស្រី មូរ សុខ ចាត់​ទុក​ថា លោក ហ៊ុន សែន បាន​និយាយ​សំដៅ​ដល់​អ្នកស្រី។

បន្ទាប់​មក អ្នកស្រី​បាន​ធ្វើ​ពាក្យ​បណ្ដឹង​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​បរិហារកេរ្តិ៍។ ចំណែក​ឯ​ការ​ប្ដឹង​ផ្ដល់​នេះ ត្រូវ​តុលាការ​កាត់​ក្ដី​ឲ្យ​អ្នកស្រី​ចាញ់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​តុលាការ​តម្រូវ​ឲ្យ​អ្នកស្រី​បង់​ប្រាក់​ចំនួន ៤.០០០​ដុល្លារ។

ក្នុង​នោះ ប្រាក់​ចំនួន​ពាក់​កណ្ដាល​ត្រូវ​បង់​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ពាក់​កណ្ដាល​ទៀត​ត្រូវ​បង់​ឲ្យ​រដ្ឋ។ ក្រោយ​ពី​ការ​ចាញ់​ក្ដី​នោះ អ្នកស្រី​បាន​ដាក់​ពាក្យ​សុំ​ឲ្យ​តុលាការ​ផ្ដល់​នីតិសម្បទា​ជូន​អ្នកស្រី​វិញ ប៉ុន្តែ​តុលាការ​ពន្យារ​រហូត​ដល់​ថ្ងៃ​ទី​៣ សីហា ទើប​ផ្ដល់​នីតិសម្បទា​ជូន​អ្នកស្រី​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។