សភាអនុម័តសេចក្ដីព្រាងច្បាប់ប្រឆាំងអំពើពុករលួយ
2010.03.11

ជាមួយគ្នានេះតំណាងរាស្រ្តចំនួន១៦នាក់របស់គណបក្សសមរង្ស៊ី បានដើរចេញពីកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសនោះ ក្រោយពីសំណើសំខាន់ៗសុំឲ្យមានការកែប្រែមាត្រាមួយចំនួន ប៉ុន្តែត្រូវបានសភាបដិសេធ។
សំណើទាំងនោះ គឺបក្សប្រឆាំងបានទទូចសុំឲ្យមានការប្រកាសទ្រព្យសម្បត្តិជាសាធារណៈ និងសមាជិកនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ឯករាជ្យពីគណបក្សនយោបាយ ប្រពន្ធនិងកូនរបស់មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ក៏ត្រូវប្រកាសទ្រព្យសម្បត្តិផងដែរ។
តំណាងរាស្រ្តគណបក្សប្រឆាំងសមរង្ស៊ី បានស្នើឲ្យកែប្រែមាត្រាទី១៦ ជំពូក៣ ដើម្បីឲ្យមានថវិការបស់ស្ថាប័នប្រឆាំងអំពើពុករលួយជាកញ្ចប់ថវិកាឯករាជ្យពីទីស្តីការគណៈរដ្ឋមន្រ្តីនិងសុំឲ្យកែប្រែមាត្រាទី២០ ជំពូក៤ ដើម្បីឲ្យមានការប្រកាសទ្រព្យសម្បត្តិធ្វើទ្បើងជាសាធារណៈ។
លោក យឹម សុវណ្ណ តំណាងរាស្រ្តគណបក្សប្រឆាំងសមរង្ស៊ី បានមានប្រសាសន៍ដោយមិនពេញចិត្តថា ៖ «គណបក្សសមរង្ស៊ីត្រូវតែធ្វើពហិការដើម្បីបង្ហាញទៅមតិជាតិនិងអន្តរជាតិ ជាពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរយើងថា យើងមិនគាំទ្រច្បាប់ប្រឆាំងអំពើពុករលួយដែលគ្រាន់តែធ្វើឡើងសម្រាប់បិទបាំងអំពើពុករលួយតែប៉ុណ្ណោះ»។
នៅមុនការអនុម័តលើសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយនោះ តំណាងរាស្រ្តគណបក្សសមរង្ស៊ី លោក គឹម ស៊ូភារិទ្ធ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំសភាជាតិនៅថៃ្ងព្រហស្បតិ៍ ទី១១ ខែមីនានេះដែរថា ការប្រឆាំងអំពើពុករលួយនឹងមិនអាចទទួលជោគជ័យបានទេ បើសិនណាការប្រកាសទ្រព្យសម្បត្តិនឹងធ្វើទ្បើងដោយសម្ងាត់បំផុត និងមិនបានលើកទឹកចិត្តឲ្យចូលរួមដោយសាធារណៈ។
លោក គឹម ស៊ូភារិទ្ធ មានប្រសាសន៍ថា ៖ «ការប្រកាសទ្រព្យសម្បត្តិលុះត្រាតែយើងធ្វើឲ្យប្រជាពលរដ្ឋដទៃទៀតដឹងឮអំពីអ្វីដែលយើងកំពុងមាន»។
តំណាងរាស្រ្តមា្នក់ទៀតរបស់គណបក្សប្រឆាំងសមរង្ស៊ី លោក ជាម ចន្នី បានមានប្រសាសន៍ថា ការប្រកាសទ្រព្យសម្បត្តិដែលនឹងធ្វើទ្បើងដោយសម្ងាត់បំផុតនិងគ្មានតម្លាភាពនោះ ប្រជាពលរដ្ឋនៅតែមានការមន្ទិលសង្ស័យលើករណីផ្សេងៗ។
លោក ជាម ចន្នី មានប្រសាសន៍ដូច្នេះថា ៖ «ត្រូវមានតម្លាភាព។ ដើម្បីឲ្យមានតម្លាភាពលុះណាតែមានការលាតត្រដាង បើការលាតត្រដាងមិនបានគ្រប់សព្វទេ មិនបានច្បាស់លាស់ទេ តម្លាភាពនៅតែអត់មានភាពស្រពេចស្រពិលនៅតែកើតមាន។ បើយើងប្រកាសជាសាធារណៈបានផលច្រើនណាស់ នរណាក៏ដឹងតែខ្លួនមានប៉ុណ្ណា ក្រប៉ុណ្ណា?»។
ឆ្លើយតបទៅនឹងការថែ្លងរិះគន់ខាងលើនេះ លោក សុខ អាន ជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍បំភ្លឺនិងការពារសេចក្តីព្រាងច្បាប់នេះថា រដ្ឋាភិបាលមានហេតុផលគ្រប់គ្រាន់និងបទពិសោធន៍នានាពីប្រទេសសង្ហបុរី និងទីក្រុងហុងកុង ក្នុងការធ្វើសេចក្តីព្រាងច្បាប់ដូច្នេះ។
លោក សុខ អាន បានថ្លែងថា ៖ «ការចេញច្បាប់នេះជាជំហានថ្មីធំណាស់ នឹងធ្វើឲ្យស្ថាប័នប្រឆាំងអំពើពុករលួយ ធ្វើឲ្យអង្គភាពប្រឆាំងអំពើពុករលួយទៅជាឧបករណ៍យ៉ាងមុតស្រួចរបស់រាជរដ្ឋាភិបាលនៅក្នុងការងារប្រឆាំងអំពើពុករលួយហ្នឹង។ ច្បាប់នឹងកែលម្អហូរហែបន្តទៅមុខទៀត។ យើងបានកំណត់នូវមុខសញ្ញាប្រកាសទ្រព្យសម្បត្តិ»។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពនៅក្នុងប្រទេសកម្ពុជា និងជាសកម្មជនប្រឆាំងអំពើពុករលួយបានមានប្រសាសន៍ថា លោកមានការសោកស្ដាយចំពោះការអនុម័តដ៏ឆាប់នេះ ៖ «ដូចថា មិនមានទុកឱកាសឲ្យមានការចូលរួមពីសង្គមស៊ីវិល ក៏ដូចជាសាធារណជនដែលមានចំណាប់អារម្មណ៍ក្នុងការផ្ដល់យោបល់»។
សេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយដែលទើបត្រូវបានសភាអនុម័តនៅថៃ្ងព្រហស្បតិ៍នេះ គឺមាន៥៧មាត្រានិង៩ជំពូក។
មុខសញ្ញាដែលត្រូវប្រកាសទ្រព្យសម្បត្តិដោយសម្ងាត់បំផុតនោះ គេបានប៉ាន់ប្រមាណថា នឹងមានច្រើនម៉ឺននាក់ រាប់ទាំងថ្នាក់ដឹកនាំរដ្ឋាភិបាល សភាជាតិ ព្រឹទ្ធសភា មេដឹកនាំអង្គការសង្គមស៊ីវិលនិងមន្រ្តីរាជការ យោធា នគរបាលនានាដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យនិងអនុក្រឹត្យ។
រដ្ឋាភិបាលមានផែនការរៀបចំស្ថាប័នប្រឆាំងអំពើពុករលួយនេះ ក្នុងរយៈពេល៦ខែ បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះត្រូវបានសភាអនុម័តរួចរាល់៕