តាមរយៈវីដេអូខនហ្វើរែន (Video Conference) ពីប្រទេសហ្វីលីពីន ប្រធានគណៈកម្មាធិការបណ្ដោះអាសន្នគណបក្សសង្គ្រោះជាតិ លោក សម រង្ស៉ី មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ បានទទួលការគាំទ្រយ៉ាងច្រើនពីមហាជនទាំងក្នុង និងក្រៅប្រទេស។ លោកបន្តថា លោកនឹងវិលចូលមកប្រទេសកម្ពុជា វិញ នៅពេលឆាប់ៗខាងមុខ ដើម្បីចូលរួមប្រជែងក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៣ ខាងមុខ។
លោក សម រង្ស៉ី បញ្ជាក់ថា សហគមន៍អន្តរជាតិគាំទ្រការបោះឆ្នោតប្រកបដោយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយគណបក្សសង្គ្រោះជាតិ មិនអាចប្រេះឆាគ្នាជាដាច់ខាត៖ «នយោបាយអន្តរជាតិទាមទារឲ្យផ្លាស់ប្ដូរ គ.ជ.ប ឲ្យមានវត្តមានប្រធាន សម រង្ស៉ី ជាគូប្រជែងនឹងនាយករដ្ឋមន្ត្រីសព្វថ្ងៃហ្នឹង ហើយយើងមានជំនឿ ការបោះឆ្នោតខាងមុខនឹងទទួលជោគជ័យ»។
ប្រធានគណបក្ស សិទ្ធិមនុស្ស លោក កឹម សុខា មានប្រសាសន៍ថា នៅពេលឆាប់ៗខាងមុខ លោកនឹងចូលដឹកនាំគណបក្សសង្គ្រោះជាតិ ក្នុងនាមជាអនុប្រធានគណបក្ស។ លោកបន្តថា មូលហេតុដែលបច្ចុប្បន្ននេះលោកមិនទាន់ចូលក្នុងបក្សសង្គ្រោះជាតិ មកពីលោកទុកតំណែងជាតំណាងរាស្ត្រ ដើម្បីងាយស្រួលចេញទៅផ្សព្វផ្សាយគោលនយោបាយថ្មីរបស់គណបក្សសង្គ្រោះជាតិ នៅបរទេស។ លោក កឹម សុខា បញ្ជាក់ថា សម្ព័ន្ធភាពរបស់លោក និងលោក សម រង្ស៉ី នឹងស្ថិតស្ថេរគង់វង្សជាអមតៈ។
ស្នាក់ការថ្មីគណបក្សសង្គ្រោះជាតិ មានទីតាំងស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
មកដល់ពេលនេះ គណបក្សសង្គ្រោះជាតិ បានទទួលប្រាក់ឧបត្ថម្ភពីអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស សរុបជាង៦ម៉ឺនដុល្លារអាមេរិក។ គណបក្សសង្គ្រោះជាតិ នឹងបញ្ជូនសំណុំឯកសារចុងក្រោយទៅកាន់ក្រសួងមហាផ្ទៃ នៅសប្ដាហ៍នេះ ដើម្បីឲ្យគ្រប់តាមការកំណត់របស់អាជ្ញាធរ និងឲ្យគណបក្សមានសុពលភាពតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
