ម្ចាស់ហាងប្ដូរប្រាក់ លី ហួ ជាហាងប្ដូរប្រាក់ធំជាងគេនៅរាជធានីភ្នំពេញ លោកស្រី សៀង លីម បានឲ្យដឹងនៅថ្ងៃទី២៥ ឧសភានេះ ថា អត្រាប្ដូរប្រាក់កាលពីថ្ងៃទី២៣ ឧសភាកន្លងទៅ គឺ ៤.២៣៨រៀល ក្នុង ១ដុល្លារ ហើយបានកើនដល់ ៤.២៥៣រៀល ក្នុង ១ដុល្លារ នៅថ្ងៃទី២៥ ឧសភានេះ។
លោកស្រី សៀង លីម បានអះអាងថា លោកស្រីបានចូលរួមដេញថ្លៃនៅធនាគារជាតិដែរ ប៉ុន្តែការដេញថ្លៃនេះមិនសន្មតថា អ្នកស្រីចំណេញនោះទេ ពីព្រោះអត្រាប្ដូរប្រាក់នៅលើទីផ្សារឡើងចុះរាល់ថ្ងៃ។ យ៉ាងនេះក្ដីលោកស្រីបញ្ជាក់ថា ការចូលរួមដេញថ្លៃនេះក្នុងគោលបំណងឲ្យប្រាក់រៀលឡើងថ្លៃវិញ ហើយសង្ឃឹមថា ប្រាក់រៀលនឹងឡើងថ្លៃបន្ទាប់ពីអតិថិជនបានដេញថ្លៃប្រាក់ដុល្លារពីធនាគារជាតិនេះ។
លោកស្រី សៀង លីម បានបញ្ជាក់ថា ៖ «លុយដែលវាសំបូរនៅទីផ្សារ អ៊ីចឹងហើយបានជាវាចុះថោក ហើយគាត់ចង់ប្រមូលលុយទីផ្សារហ្នឹង ដើម្បីចូលទៅធនាគារជាតិ បានគាត់ដាក់ដេញថ្លៃ»។
អាជីវករប្ដូរប្រាក់មួយរូបទៀតបានលើកឡើងថា នៅពេលប្រាក់រៀលចុះថ្លៃ ហើយទំនិញនៅលើទីផ្សារឡើងថ្លៃ វាជាការលំបាកដល់អាជីវករ និងប្រជាពលរដ្ឋ ៖ «វាពិបាកណាស់ លុយដុល្លារ ដូច ១០ដុល្លារឡើងដល់ ៤ម៉ឺន ២ពាន់ជាង ហើយអីវ៉ាន់ឡើងថ្លៃ ហើយលុយវាពិបាករកណាស់!»។
នាយកវិទ្យាស្ថានកម្ពុជាដើម្បីសិក្សាអភិវឌ្ឍន៍ លោកបណ្ឌិត កង ច័ន្ទតារារ័ត្ន បានមានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជាបានដាក់លក់ប្រាក់ដុល្លារដូច្នេះជាសញ្ញាល្អមួយ ដើម្បីឲ្យប្រាក់រៀលមានស្ថិរភាព ពីព្រោះនៅពេលប្រាក់រៀលមានចរាចរណ៍តិចនៅលើទីផ្សារ ធៀបនឹងប្រាក់ដុល្លារ នោះវាធ្វើឲ្យលុយរៀលមានតម្លៃ។
លោកបណ្ឌិត កង ច័ន្ទតារារ័ត្ន បានថ្លែងថា ៖ «វាសំខាន់ដោយសារថា ប្រទេសយើងជាប្រទេសនាំអីវ៉ាន់ចូលច្រើន ដើម្បីមកផ្គត់ផ្គង់សេដ្ឋកិច្ច អ៊ីចឹងនៅពេលដែលលុយរៀលធ្លាក់ថ្លៃ វាធ្វើឲ្យអីវ៉ាន់នៅលើទីផ្សារមានការកើនឡើងដែរ។ គួបផ្សំនឹងឥទ្ធិពលនៃថ្លៃប្រេងផង អ៊ីចឹងនៅពេលដែលឲ្យលំនឹងនៃស្ថិរភាពរបស់អត្រាប្ដូរប្រាក់ ពេលហ្នឹងបង្កឲ្យមានការឡើងថ្លៃដល់អីវ៉ាន់នៅស្រុកខ្មែរ ត្រូវបានកាត់ផ្ដាច់មួយកម្រិត»។
ម្ចាស់ហាងប្ដូរប្រាក់ លី ហួ លោកស្រី សៀង លីម បានឲ្យដឹងទៀតថា រហូតមកទល់នឹងពេលនេះមានអតិថិជនមកពី ៨ស្ថាប័នហើយដែលបានចូលរួមក្នុងការដេញថ្លៃប្រាក់ដុល្លារនៅធនាគារជាតិ។
សេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ចុះហត្ថលេខាដោយលោកស្រីអគ្គនាយក តាល់ ណៃអ៊ីម បានឲ្យដឹងថា ធនាគារជាតិកំពុងលក់បញ្ចេញប្រាក់ដុល្លារចំនួន ៤លានដុល្លារសហរដ្ឋអាមេរិក ដើម្បីយកប្រាក់រៀលចូលធនាគារវិញ។ ធនាគារជាតិសង្ឃឹមថា ការលក់ប្រាក់ដុល្លារនេះនឹងកាត់បន្ថយចរាចរណ៍ប្រាក់រៀលនៅលើទីផ្សារ មានន័យថា បង្កើនតម្រូវការសិប្បនិម្មិតសម្រាប់រូបិយប័ណ្ណប្រាក់រៀល ដូច្នេះវានឹងបង្កើតតម្លៃប្រាក់រៀលវិញ៕
