ការព្រមានពីក្រុមកម្មករបែបនេះ បន្ទាប់ពីការជួបចរចារវាងក្រុមសហជីពកម្មករ និងម្ចាស់សណ្ឋាគារអង្គរវីលេក បូតានិកខល រីសត (Angkor Village Botanical resort ) ដោយមានអភិបាលក្រុងសៀមរាប មន្ត្រីមន្ទីរការងារ ស្នងការនគរបាល និងព្រះរាជអាជ្ញារងអមសាលាដំបូងជាអ្នកផ្សះផ្សាផង កាលពីព្រឹកថ្ងៃសៅរ៍ ទី៨ ខែតុលា បានបរាជ័យម្តងទៀត។
ថៅកែសណ្ឋារអង្គរ វីលេក បូតានិកខល រីសត និងសណ្ឋាគារអង្គរវិលេក (Angkor Village hotel) នៅតែប្រកាន់ជំហររឹងត្អឹង មិនសុខចិត្តទទួលយកបុគ្គលិក និងកម្មករចំនួន ៦៧នាក់ ដែលគេបានបញ្ឈប់ពីការងារដោយសារតែការបង្កើតសហជីពនោះ ឱ្យចូលធ្វើការវិញទេ។
អ្នកស្រី ទេព វត្ថូ ជាម្ចាស់សណ្ឋាគារអង្គរ វីលេក បូតានិកខល រីសត និងសណ្ឋាគារអង្គរ វីលេក នៅក្នុងខេត្តសៀមរាប។ អ្នកស្រីមានប្រសាសន៍បង្ហាញពីជំហរ បន្ទាប់ពីបញ្ចប់ការជួបចរចាជាមួយតំណាងសហជីពកម្មករដែលធ្វើឡើងនៅក្នុងសាលាក្រុងសៀមរាបថា សណ្ឋាគាររបស់អ្នកស្រីមិនអាចទទួលយកបុគ្គលិកកម្មករទាំងអស់ដែលបានបង្កើតសហជីពនៅក្នុងកន្លែងធ្វើការនោះបានទេ។
ថៅកែដដែលបានមានប្រសាសន៍ថា សណ្ឋាគារសុខចិត្តទូទាត់ប្រាក់សំណងទៅឱ្យបុគ្គលិក និងកម្មករ ៦៧នាក់ ជំនួសការទទួលយកអ្នកទាំងនោះមកចូលធ្វើការវិញ ៖ «បុគ្គលិកខ្ញុំគាត់អត់ហ៊ានទទួលខាងសហជីពហ្នឹងចូល គាត់ខ្លាច។ ខ្ញុំមិនដឹងធ្វើយ៉ាងម៉េច ស្នើសុំសហជីពថា ខ្ញុំសុខចិត្តបង់អីឱ្យគាត់ទាំងអស់តាមសំណូមពរគាត់លើកមុន។ ដកពាក្យបណ្ដឹងដកអីទាំងអស់ ប៉ុន្តែគ្រាន់តែថា ធ្វើយ៉ាងម៉េចបុគ្គលិកខ្ញុំដែលគ្នាសុំថា កុំឱ្យមានការឈ្លោះ គ្នាគុំកួនគ្នា ប៉ុន្តែគាត់អត់ព្រម គាត់ថា សុំតែចូលធ្វើការវិញ»។
សហជីពកម្មករបានអះអាងថា ការដែលម្ចាស់សណ្ឋាគារមិនព្រមទទួលយកបុគ្គលិក និងកម្មករចំនួន ៦៧នាក់ ដែលគេបានបញ្ឈប់ពីការងារឱ្យបានចូលធ្វើការវិញនោះ គឺជាការមិនគោរពទៅតាមសេចក្ដីសម្រេច និងបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
កាលពីថ្ងៃទី៣០ ខែសីហា កន្លងទៅ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានចេញសេចក្ដីសម្រេច និងបង្គាប់ឱ្យម្ចាស់សណ្ឋាគារអង្គរ វីលេក បូតានិកខល រីសត និងសណ្ឋាគារអង្គរ វីលេក ទទួលយកបុគ្គលិកកម្មករចំនួន ៦៧នាក់ ដែលខ្លួនបានបញ្ឈប់មកធ្វើការវិញ។ ក៏ប៉ុន្តែត្រូវម្ចាស់សណ្ឋាគារប្តឹងជំទាស់សេចក្តីសម្រេចនោះ។
មជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិមួយ បានយល់ឃើញថា ការប្រកាន់ជំហររឹងត្អឹងរបស់ថៅកែសណ្ឋាគារមិនទទួលយកកម្មករដែលបង្កើតសហជីពឱ្យចូលធ្វើការវិញនោះ គឺការដែលធ្វើឱ្យប៉ះពាល់ដល់ច្បាប់ការងាររបស់ប្រទេសកម្ពុជាផង និងច្បាប់ការងារអន្តរជាតិផង។
លោក ដេវីដ ចនវែល (David John Welsh) ជាមេធាវី និងជានាយកមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិប្រចាំប្រទេសកម្ពុជា។ លោកបានមានប្រសាសន៍ថា ថៅកែសណ្ឋាគារ អង្គរ វីលេក បូតានិកខល រីសត និងសណ្ឋាគារអង្គរ វីលេក មិនទាន់យល់ច្បាស់អំពីច្បាប់ការងារ និងអំពីសហជីពកម្មករនៅឡើយ។
នៅក្នុងខេត្តសៀមរាប មានសណ្ឋាគារលំដាប់អន្តរជាតិជាច្រើន ដូចជាសណ្ឋាគារសូហ្វីតែល (Sofitel) ឬក៏សណ្ឋាគារឡឺ មេរីឌាន (Le Me ridien) និងសណ្ឋាគាររ៉ាហ្វល (Raffle) ជាដើម មិនដែលមានបញ្ហាចំពោះបុគ្គលិកបង្កើតសហជីពទេ ពីព្រោះម្ចាស់សណ្ឋាគារទាំងនោះគេបានយល់អំពីការវិនិយោគអន្តរជាតិ ហើយគេបានគោរពទៅតាមច្បាប់ការងាររបស់ប្រទេសកម្ពុជា។
លោក ដេវីដ ចនវែល ៖ «ដំណោះស្រាយមានតែមួយគត់ គឺម្ចាស់សណ្ឋាគារត្រូវយល់ព្រមទៅតាមសេចក្ដីសម្រេច និងបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលឱ្យទទួលយកបុគ្គលិក និងកម្មករចំនួន ៦៧នាក់ ចូលធ្វើការវិញ។ ការចេញប្រាក់សំណងជាថ្លៃដើម្បីបញ្ឈប់បុគ្គលិកពីការងារ វាមិនមែនជាដំណោះស្រាយទេ។ បញ្ហាទាំងនោះវាជាការបញ្ជូនសារអាក្រក់មួយទៅកាន់សណ្ឋាគារដទៃទៀតនៅក្នុងតំបន់ គឺនៅពេលណាដែលគេមិនពេញចិត្តក្នុងការបង្កើតសហជីព ដូចនេះគេអាចនឹងបញ្ឈប់បុគ្គលិកកម្មករពីការងារដូចគ្នានេះដែរ ដែលធ្វើឱ្យបាត់បង់ដល់សិទ្ធិក្នុងការបង្កើតសហជីព និងសិទ្ធិសេរីភាពរបស់កម្មករ ហើយក៏ធ្វើឱ្យប៉ះពាល់ដល់ច្បាប់ការងាររបស់ប្រទេសកម្ពុជា និងច្បាប់ការងារអន្តរជាតិផងដែរ»។
ចាប់តាំងពីម្ចាស់សណ្ឋាគារអង្គរ វីលេក បូតានិកខល រីសត និងសណ្ឋាគារអង្គរ វីលេក បានបញ្ឈប់បុគ្គលិកកម្មករជាបន្តបន្ទាប់ កាលពីចុងខែកក្កដាមក ហើយក្រុមបុគ្គលិកកម្មករចំនួន ៦៧នាក់ ក៏បានចាប់ផ្ដើមធ្វើកូដកម្មបន្តបន្ទាប់ជាច្រើនលើកមកហើយ តាំងពីអំឡុងដើមខែសីហា ដើម្បីទាមទារឱ្យថៅកែទទួលយកកម្មករទាំងអស់ដែលគេបានបញ្ឈប់ពីការងារទៅចូលធ្វើការវិញ។
លោក ម៉ម រិទ្ធី ជាអនុប្រធានសហព័ន្ធសហជីពកម្មករនិយោជិត វិស័យទេសចរណ៍សេវាកម្មកម្ពុជា ប្រចាំខេត្តសៀមរាប។ លោកបានព្រមានជាថ្មី បន្ទាប់ពីការចរចាចុងក្រោយទទួលបរាជ័យថា ក្រុមកម្មករមិនមានជម្រើសអ្វីក្រៅពីការបន្តធ្វើកូដកម្មនោះទេ៕
