សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកញ្ញា បានប្រកាសសាលក្រមផ្ដន្ទាទោសអតីតព្រះសង្ឃ នេត ខៃ អាយុ៣៧ឆ្នាំ ឲ្យជាប់គុកចំនួន១ឆ្នាំ និងផាកពិន័យជាប្រាក់ចំនួន២លានរៀល (ស្មើនិង៥០០ដុល្លារអាមេរិក) ចូលថវិការដ្ឋ និងសងជំងឺចិត្តទៅជនរងគ្រោះ ឬដើមបណ្ដឹង ចំនួន៤០លានរៀល (ស្មើនឹង១ម៉ឺនដុល្លារអាមេរិក) ក្រោមបទចោទថា បានចែកចាយរូបភាពអាសអាភាស ដែលបានប្រព្រឹត្តិកាលពីចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០០៩។
សាលក្រមនេះ ត្រូវបានប្រកាសដោយចៅក្រម គឺលោកស្រី គឹម ដានី ចំពោះមុខអតីតព្រះសង្ឃ នេត ខៃ និងគ្រួសាររងគ្រោះ ឬដើមបណ្ដឹង ក្រោយពីមានសវនាការមិនចំហកាលពីថ្ងៃទី២ ខែកញ្ញាកន្លងទៅថ្មីៗ នេះ។ តុលាការបានបើកផ្លូវឲ្យប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍ទៀត នៅក្នុងរយៈពេល ៣០ថ្ងៃ។
មេធាវីការពារក្តីឲ្យអតីតព្រះសង្ឃ នេត ខៃ គឺលោក ជា ហៃ បានមានប្រសាសន៍នៅក្រៅតុលាការ នៅថ្ងៃទី១៧ ខែកញ្ញាថា ការផ្ដន្ទាទោសនេះ លោកយល់ថា ធ្ងន់ធ្ងរពេក ៖ «ទី១ គឺទៅលើទោសទណ្ឌ ដែលកំណត់១ឆ្នាំ។ ទី២ គឺពិន័យចូលរដ្ឋ ២លានរៀល ទី៣ គឺសងសំណងទៅជនរងគ្រោះ ចំនួន៤០លានរៀល។ នេះគឺជាការសម្រេចសេចក្ដីយ៉ាងធ្ងន់ធ្ងរ សម្រាប់កូនក្ដីរបស់ខ្ញុំបាទ។ ជឿជាក់ថា កូនក្ដីខ្ញុំប្ដឹងទៅសាលាឧទ្ធរណ៍ ដើម្បីឲ្យសាលាឧទ្ធរណ៍ធ្វើការវិនិច្ឆ័យ»។
គ្រួសារជនរងគ្រោះ ឬដើមបណ្ដឹងបានមានប្រសាសន៍យ៉ាងខ្លីថា ការផ្ដន្ទាទោសនេះ គឺយុត្តិធម៌ហើយ។
អតីតព្រះសង្ឃ នេត ខៃ អាយុ៣៧ឆ្នាំ គង់នៅក្នុងវត្តស្រះចក ខណ្ឌដូនពេញ ក្រុងភ្នំពេញ ត្រូវបានអាជ្ញាធរនគរបាលក្រុងភ្នំពេញ បានចាប់ខ្លួនកាលពីខែកក្កដាកន្លងទៅនេះ ដាក់ក្នុងគុក ដោយសារតែបានលួចថតរូបភាពស្ត្រីអាក្រាតកាយជាច្រើននាក់ ដែលមកងូតទឹកមន្តនៅវត្តស្រះចកកន្លងមក។
ឈ្មោះ នេត ខៃ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់តាមមាត្រាទី៣៩ នៃច្បាប់ប្រឆាំងការធ្វើអាជីវកម្មផ្លូវភេទ និងជួញដូរផ្លូវភេទ ដោយសារតែលោកបានថតរូប ហើយបានចែកចាយរូបភាពនេះ។
សមត្ថកិច្ចនគរបាលកម្ពុជា បានរឹបអូសបានភស្តុតាងមានដូចជា ទូរស័ព្ទច្រើនគ្រឿង Memory (មីមមូរី) ថាសវីដេអូ VCD (វីស៊ីឌី) កុំព្យូទ័រ ម៉ាស៊ីនថតរូប លិខិតឆ្លងដែន និងសម្ភារមួយចំនួនទៀត។
បន្ចុប្បន្នវត្តស្រះចក ត្រូវបានរៀបចំរចនាសម្ព័ន្ធព្រះសង្ឃគ្រប់គ្រងជាថ្មី និងវិន័យតឹងរ៉ឹងក្រោយពីបានបិទទ្វារជាង១សប្តាហ៍កន្លងមក នៅគ្រាដែលមានការផ្ទុះរឿងអាស្រូវនោះ។
កន្លងមក អាជ្ញាធរកម្ពុជាបានប្រកាសចាប់ខ្លួនចំពោះជននា ដែលចែកចាយរូបភាណស្ត្រីអាក្រាតកាយ ដែលអតីតព្រះសង្ឃ នេត ខៃ បានថត និងចែកចាយកន្លងមកនោះ៕
