រដ្ឋសភា​អាណត្តិ​ថ្មី​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ដំបូង

រដ្ឋសភា​អាណត្តិ​ថ្មី នីតិកាល​ទី​៤ របស់​ប្រទេស​កម្ពុជា បាន​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​ជា​លើក​ដំបូង​នា​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​នេះ ក្រោម​ព្រះរាជ​អធិបតីភាព​របស់​ព្រះ​មហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី ដោយ​ប្រកាស​សុពលភាព​របស់​តំណាងរាស្ត្រ​ចំនួន​១២៣​រូប​ដែល​បាន​ជាប់​ឆ្នោត​កាលពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា​កន្លង​ទៅ។

ព្រឹទ្ធ​សមាជិក​របស់​រដ្ឋសភា លោក ជា សុទ្ធ បាន​ប្រកាស​បើក​សម័យ​ប្រជុំ​លើក​ដំបូង​នោះ ហើយ​បាន​អនុម័ត​បទ​បញ្ញត្តិ​ផ្ទៃ​ក្នុង​របស់​រដ្ឋសភា​ដោយ​មាន​ការបោះឆ្នោត​គាំទ្រ​ពី​សមាជិក​សភា​ចំនួន​១១៩​រូប​ដែល​បាន​ចូលរួម​ក្នុង​សម័យ​ប្រជុំ​នោះ។

បន្ទាប់ពី​មាន​កិច្ចប្រជុំ​រដ្ឋសភា​រួច​ហើយ សមាជិក​សភា​ថ្មី​បាន​ធ្វើការ​ស្បថ​ចូល​កាន់​តំណែង​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ ហើយ​នឹង​ធ្វើការ​ប្រជុំ​បោះឆ្នោត​ដើម្បី​ជ្រើស​តាំង​ប្រធាន​សភា​ថ្មី និង​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ដល់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នោះ​ដែរ​នៅ​ថ្ងៃ​ព្រហស្បតិ៍។

នៅ​ក្នុង​សម័យ​ប្រជុំ​ដំបូង​របស់​រដ្ឋសភា​នោះ ព្រះ​មហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​មាន​ព្រះរាជ​បន្ទូល​លើក​ឡើង​ឲ្យ​មាន​ការពង្រឹង​យុត្តិធម៌​សង្គម កំណែ​ទម្រង់​ច្បាប់ ប្រព័ន្ធ​យុត្តិធម៌ និង​អភិបាលកិច្ច​ល្អ។

ព្រះ​មហាក្សត្រ​បាន​មាន​ព្រះរាជ​បន្ទូល​ថា ៖ «ជា​ពិសេស​ត្រូវ​កសាង​ឲ្យ​មាន​យុត្តិធម៌​សង្គម​ឲ្យ​កាន់តែ​មាន​កម្រិត​ខ្ពស់​ជា​លំដាប់។ កំណែ​ទម្រង់​ស្ដីអំពី​អភិបាលកិច្ច​ល្អ ដែល​ក្នុង​នោះ​មាន​កំណែ​ទម្រង់​ច្បាប់​និង​ប្រព័ន្ធ​យុត្តិធម៌​នៅតែ​បន្ត​ទៅ​ទៀត​ឲ្យ​កាន់តែ​សកម្ម​និង​ខ្លាំងក្លា​ថែម​ទៀត»

គណបក្ស​សមរង្ស៊ី​ដែល​ធ្លាប់​បាន​គំរាម​ថា នឹង​ធ្វើ​ពហិការ​មិន​ចូលរួម​សម័យ​ប្រជុំ​លើក​ដំបូង​នោះ​ក៏​បាន​សម្រេច​ចិត្ត​ចូលរួម​ផងដែរ។ ដោយឡែក​គណបក្ស​សិទ្ធិ​មនុស្ស​ដឹកនាំ​ដោយ លោក កឹម សុខា ដែល​បាន​ឈ្នះ​ឆ្នោត​ចំនួន​៣​អាសនៈ​ដែរ​នោះ​មិន​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​សភា​លើក​ដំបូង​នោះ​ឡើយ។

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា ការ​មិន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​សភា​ដំបូង​និង​ក្នុង​ពិធី​ស្បថ​ដើម្បី​ចូល​កាន់​តំណែង​នៅ​ឯ​ព្រះ​បរមរាជវាំង នា​រសៀល​ថ្ងៃ​ទី​២៤​នេះ គឺ​ដើម្បី​បន្ត​ជំទាស់​ទៅ​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត កាលពី​ថ្ងៃ​ទី​២៧ កក្កដា​កន្លង​ទៅ។

លោក​បាន​បន្ថែម​ទៀត​ថា លោក​នឹង​មិន​ចូលរួម​ក្នុង​កិច្ច​ពិធី​បោះ​ឆ្នោត​ជ្រើស​តាំង​ប្រធាន​សភា​និង​ការបោះឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ដល់​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ថ្មី​នោះ​ទេ។

លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា ៖ «គឺ​យើង​អត់​មាន​គោលការណ៍​របស់​យើង​ថា​យើង​នឹង​ចូល​ប្រជុំ​ទេ»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ចំពោះ​ការចូលរួម​របស់​គណបក្ស​សមរង្ស៊ី និង​អវត្តមាន​របស់​គណបក្ស​សិទ្ធិ​មនុស្ស​យ៉ាង​ដូច្នេះ​ថា ៖ «ខ្ញុំ​ក៏​បាន​សួរ​គាត់​ថា ហេតុ​អី​បាន​ឯកឧត្ដម កឹម សុខា អត់​មក? គាត់​ថា "អត់​ដឹង​ដែរ ដូច​ជា​ខុស​គ្នា"។ បើសិន​ជា​ខុស​គ្នា​គឺ​មាន​សេចក្ដី​ថា ឯកឧត្ដម សម រង្ស៊ី ឥឡូវ​មិន​ដឹង​ថា​យ៉ាង​ម៉េច​ទេ អា​ហ្នឹង​ទុក​ឲ្យ​គាត់​វិនិច្ឆ័យ​គ្នា​គាត់ ព្រោះ​ជា​សម្ព័ន្ធភាព​ស្លាប់​រស់​ជាមួយ​គ្នា។ មួយ​មក​ប្រជុំ មួយ​អត់​មក​ប្រជុំ មិន​ដឹង​ថា​អ្នក​ណា​បោក​អ្នក​ណា​ទេ​ពេល​នេះ។ ហើយ​បើសិន​ជា​ឯកឧត្ដម កឹម សុខា អត់​មក ឯកឧត្ដម សម រង្ស៊ី មក មាន​ន័យ​ថា​សម្ព័ន្ធភាព​នេះ​ទៅ​ទៀត​ហើយ បែក​ហើយ ឥឡូវ​នៅ​សល់​តែ​មួយ អ្នក​ដែល​មិន​ចូលរួម​ទៅ​ជា​សល់​ឯកឧត្ដម កឹម សុខា ទៅ​វិញ»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ពណ៌នា​ថ្ងៃ​ប្រជុំ​សភា​លើក​ដំបូង​នោះ​ថា​ជា​ថ្ងៃ​ជោគ​ជ័យ៕