អ្នកជំនាញផ្នែកបសុពេទ្យបានឲ្យដឹងនៅថ្ងៃច័ន្ទ ទី២ ខែសីហានេះថា ការដឹកជញ្ជូនជ្រូកពីកន្លែងមួយទៅកន្លែងមួយ និងការលួចនាំចូលជ្រូកខុសច្បាប់ពីប្រទេសវៀតណាម កំពុងត្រូវគេរឹតបន្តឹង នៅគ្រាដែលជំងឺជ្រូកបានផ្ទុះឡើងស្ទើរតែគ្រប់ខេត្តនៅក្នុងប្រទេសកម្ពុជា។
លោក កៅ ផល អគ្គនាយកនៃនាយកដ្ឋានបសុព្យាបាលមានប្រសាសន៍ថា គេកំពុងតែសង្ស័យអំពីការផ្ទុះជំងឺលើជ្រូកប្រភេទថ្មីនេះ បណ្ដាលមកពីការចម្លងពីជ្រូកដែលគេលួចនាំចូលពីប្រទេសវៀតណាម។
លោកថ្លែងបន្តទៀតអំពីវិធានការដូច្នេះ ៖ «រឹតបន្តឹងចរាចរណ៍សត្វនេះ ពីព្រោះថា ចរាចរណ៍សត្វតាមច្រករបៀងខុសច្បាប់នេះ អាចជាបច្ច័យមួយនាំជំងឺថ្មី ហើយបញ្ហាទី២ យើងពង្រឹងសមត្ថភាពក្នុងការពិសោធ ការធ្វើវិភាគ ហើយបញ្ហាទី៣ យើងចុះអន្តរាគមន៍ឲ្យទាន់ពេលវេលា...»។
សេចក្ដីរាយការណ៍របស់កសិករពីបណ្ដាខេត្តនានា បានប្រាប់ឲ្យវិទ្យុអាស៊ីសេរីដឹងថា មានជ្រូកជាច្រើនរយក្បាលបានឈឺងាប់ក្នុងរយៈពេលប្រហែលមួយខែនេះ។
កសិករអ្នកចិញ្ចឹមជ្រូកនៅខេត្តពោធិ៍សាត់ ឈ្មោះ ប៉េង សុវណ្ណរិទ្ធ រៀបរាប់ថា ចាប់ពីស្រុកស្វាយដូនកែវ តាមបណ្ដោយផ្លូវជាតិលេខ៥ រហូតមកដល់ទីរួមខេត្តពោធិ៍សាត់ ជ្រូកនៅតំបន់នោះបានឈឺងាប់ជាបន្តបន្ទាប់គ្នា ដោយឆ្លងពីមួយទៅមួយ ហើយគេនៅមិនទាន់ដឹងថា ជាប្រភេទជំងឺអ្វីនៅឡើយទេ។
លោក ប៉េង សុវណ្ណរិទ្ធ បានឲ្យដឹងដូច្នេះ ៖ «បើតួលេខខ្ញុំអត់ដឹងទេ តែថា ប្រជាពលរដ្ឋហ្នឹងច្រើនណាស់ ដោយសារជ្រូកឈឺហ្នឹង (ដឹងតាម)អ្នកដែលឡើងទិញថ្នាំជួបគ្នា។ ចូលរាប់រយក្បាល សឹងថា ពាយអស់ហើយ។ ខាតអាតូចៗ យើងលក់អត់ចេញ អា ១០គីឡូក្រាម ១៥គីឡូក្រាមអី គ្នាយំអត់ចេញទេ ងាប់កប់ចោល»។
ដូចគ្នានេះដែរ នៅខេត្តកំពត កសិករអ្នកចិញ្ចឹមជ្រូកឈ្មោះ សាត បានបញ្ជាក់ថា ៖ «ទូទៅតែម្ដង។ កាលឆ្នាំទៅ ឆ្នាំទៅមួយអី មានផ្ទុះតែកន្លែងទ្រុងដែលគេចិញ្ចឹមច្រើនៗ ចាបពី ២០-៣០ ទៅ ៥០ និង ១០០អី ប៉ុន្តែឥឡូវតាមផ្ទះចិញ្ចឹមពីរបីបួនដប់អីហ្នឹង ផ្ទុះអស់រលីងនៅស្រុកកំពង់ត្រាចនេះ»។
នៅឯខេត្តកណ្ដាលវិញ លោក សុខ ចន្ថា ក៏បានអះអាងស្រដៀងគ្នានេះដែរថា ជ្រូកបានផ្ទុះជំងឺគ្រប់ច្រកល្ហកនៅទូទាំងខេត្តកណ្ដាល ៖ «ម្នាក់ៗទូរស័ព្ទមកសួរខ្ញុំច្រើនណាស់ សឹងតែគ្រប់តំបន់តែម្តង អំពីការព្យាបាលនៃជំងឺហ្នឹង។ ខ្ញុំសង្ស័យជំងឺត្រចៀកខៀវ...»។
តាមការសង្កេតរបស់កសិករអ្នកចិញ្ចឹមជ្រូក គេបានរៀបរាប់ថា ជំងឺដែលកំពុងរាតត្បាតលើជ្រូកពេលនេះ ចាប់ផ្ដើមឡើងដោយធ្វើឲ្យជ្រូកអន់បាយ ធ្លាក់ខ្លួនស្គម ហើយក៏ចាប់ក្ដៅខ្លួន ដោយឡើងកម្ដៅរហូតដល់ ៤១អង្សាសេ និងមានស្នាមជាំពណ៌ក្រហមនៅលើត្រចៀក និងនៅលើដងខ្លួន។
បណ្តាខេត្តចំនួន ៦ ជាពិសេសខេត្តដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម ត្រូវគេរាយការណ៍ថា តែងមានជំងឺនេះរាតត្បាតខ្លាំងជាងគេ ដូចជានៅក្នុងខេត្តកណ្តាល តាកែវ កំពង់ចាម កំពត កំពង់ឆ្នាំង និងខេត្តបាត់ដំបង។
កសិករចិញ្ចឹមជ្រូកឈ្មោះ សុខ ចន្ថា នៅខេត្តកណ្ដាល ថ្លែងបន្ទោសថា មានការលួចនាំចូលជ្រូកឈឺពីវៀតណាម យ៉ាងច្រើនគំហុក មួយរយៈចុងក្រោយនេះ ហើយនេះជាមូលហេតុដែលនាំឲ្យលោកសន្និដ្ឋានថា ជំងឺនោះផ្ទុះឡើងដោយសារតែការចម្លងមកពីជ្រូកនាំចូលពីប្រទេសវៀតណាម។
លោក សុខ ចន្ថា ឲ្យដឹងដូច្នេះ ៖ «ព្រោះអីពេលជ្រូកពីក្រៅមក ជាពិសេសពីខាងវៀតណាម មកខ្លាំងមែនទែន ដល់ពេលនាំមក កុងស៊ីគេទៅចាប់ជ្រូកអស់ហ្នឹង ខ្ញុំគិតថា មេរោគអាចដោយតាមរយៈឡានអស់ហ្នឹងដឹកជ្រូកពីតំបន់មួយទៅតំបន់មួយ ដឹកជ្រូកគ្រប់កន្លែង»។
បើទោះបីជាមានការសន្និដ្ឋានដូច្នេះក្តីពីកសិករ ប៉ុន្តែមន្ត្រីជំនាញបសុពេទ្យនៅខេត្តកំពតវិញ លោក សូ វិទូ បានអះអាងថា ជ្រូកដែលកើតមានជំងឺច្រើនតែកើតនៅលើជ្រូកដែលគេចិញ្ចឹមមិនសូវមានអនាម័យ។
លោក សូ វិទូ មានប្រសាសន៍ដូច្នេះ ៖ «ជាពិសេសទ្រុងមួយចំនួនដែលគាត់ធ្វើអនាម័យ ដែលគាត់មានដាក់មុងដាក់អីហ្នឹង ដល់អ៊ីចឹងទៅឃើញថា វាអត់ដែរ (អត់ឈឺ) ហើយជ្រូកដែលវាឈឺឃើញថា ជ្រូកដែលមិនមានអនាម័យ»។
មកដល់ពេលនេះ មន្ត្រីជំនាញមិនទាន់រកឃើញថា ជំងឺដែលកំពុងរាតត្បាតលើជ្រូកនោះ ជាប្រភេទជំងឺអ្វីនៅឡើយទេ។ ក្រុមបសុពេទ្យជាច្រើននាក់កំពុងចុះតាមមូលដ្ឋានដើម្បីធ្វើការវិភាគ។
បើទោះបីជាមានការហាមប្រាមបន្ថែមទៀតពីក្រុមបសុពេទ្យ មិនឲ្យមានការលក់ដូរជ្រូកឈឺ ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ប៉ុន្តែអ្នកចិញ្ចឹមជ្រូកជាច្រើននាក់ បាននាំគ្នាសម្រុកលក់ជ្រូករបស់ខ្លួន ពេលដែលជ្រូកនោះធ្លាក់ខ្លួនឈឺ ចាក់ថ្នាំមិនជា ដើម្បីគេចផុតពីការខាតបង់៕
