រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក គាត ឈន់ ដែលបានចូលរួមនៅក្នុងកិច្ចសម្ពោធនោះបានថ្លែងថា ផ្លូវដែកត្រូវបានគេចាត់ទុកជាមធ្យោបាយដឹកជញ្ជូនដែលមានសក្ដានុពលមួយក្នុងការភ្ជាប់ទំនាក់ទំនង និងការផ្លាស់ប្ដូរផលិតផលពីតំបន់ជនបទមកកាន់ក្រុងភ្នំពេញ ដោយសារតែការចំណាយទាប។
នេះគឺជាកំណាត់ផ្លូវដំបូងនៅក្នុងគម្រោងនៃការស្ដារផ្លូវដែកចំនួន ៣ដំណាក់កាល ដែលមានចម្ងាយផ្លូវប្រវែង ៦៥០គីឡូម៉ែត្រ ភ្ជាប់ពីប៉ោយប៉ែតទៅកាន់ក្រុងភ្នំពេញ និងភ្ជាប់ពីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ដែលមានទឹកប្រាក់សរុបចំនួនជិត ១៤២លានដុល្លារ។ គម្រោងនេះនឹងត្រូវបញ្ចប់ជាស្ថាពរនៅឆ្នាំ២០១៣ ខាងមុខ។
ទឹកប្រាក់ក្នុងការស្ដារផ្លូវដែកឡើងវិញ បានមកពីប្រាក់កម្ចីនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន ៨៤លានដុល្លារ ជំនួយឥតសំណងរបស់រដ្ឋាភិបាលអូស្ត្រាលី (Australia) ចំនួន ២១,៥លានដុល្លារ ប្រាក់កម្ចីពីអង្គការអូ.អេហ្វ.អាយ.ឌី (OFID) ចំនួន ១៣លានដុល្លារ និងអំណោយរបស់រដ្ឋាភិបាលម៉ាឡេស៊ី (Malaysia) ចំនួនជិត ៣លានដុល្លារ និងថវិកាជាតិជាង ២០លានដុល្លារ។
ក្រុមហ៊ុនអយស្ម័យយាន ថូល រ៉ូយ៉ាល់ រេលវ៉េ (Toll Royal Railway) បាន ទទួល សម្បទាន សម្រាប់ដំណើរការផ្លូវដែកនៅប្រទេសកម្ពុជា ដឹកជញ្ជូននៅលើកំណាត់ផ្លូវដែកនេះ ហើយក្រុមហ៊ុននេះ គ្រោងនឹងចំណាយទឹកប្រាក់ចំនួន ៧៥លានដុល្លារ សម្រាប់ប្រតិបត្តិការនេះ៕
សូមស្ដាប់សេចក្ដីរាយការណ៍បន្ថែម ៖