យុវជន ៨០នាក់មកពី ៣សង្កាត់ ក្នុងក្រុងដូនកែវ ខេត្តតាកែវ រៀនពីសិទ្ធិអំណាចរបស់ពួកគេទៅក្នុងការចូលរួមកាត់បន្ថយអំពើពុករលួយ ពាក់ព័ន្ធនឹងការបម្រើសេវាសាធារណៈ និងការអភិវឌ្ឍតំបន់។
អភិបាលរងក្រុងដូនកែវ អ្នកស្រី ឈុន ស៊ីសូផាណារ៉េត ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាស្ដីពីការពង្រឹងសិទ្ធិអំណាចយុវជនមូលដ្ឋាន ស្វែងយល់ពីតម្លាភាព និងគណនេយ្យភាពសង្គម កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ថា យុវជនត្រូវចូលរួម និងស្វែងយល់អំពីការអនុវត្តច្បាប់ទាំងឡាយ ដែលមន្ត្រីសាធារណៈកំពុងអនុវត្ត ហើយអាចពាក់ព័ន្ធនឹងអំពើពុករលួយ។ ទន្ទឹមនោះ យុវជនខ្លួនឯងក៏ត្រូវយល់ដឹង និងគោរពច្បាប់ចរាចរណ៍ជើងគោកដែរ។
អ្នកស្រី ឈុន ស៊ីសូផាណារ៉េត៖ «សំបុត្រកំណើតអី គឺយើងធ្វើនៅសាលាសង្កាត់នេះ គេមានតម្លៃសេវា គេច្បាស់លាស់ណាស់ តែបើសិនណាជាយើងទៅពឹងអ្នកដទៃឲ្យទៅទៅ យើងក៏អត់បានដឹងថាតម្លៃសេវាប៉ុន្មាន។ ហើយដូចនេះជាច្បាប់ យើងត្រូវដឹងថាតម្លៃត្រូវផាកប៉ុន្មាន យើងជិះលើសល្បឿនផាកប៉ុន្មាន អត់ពាក់មួកសុវត្ថិភាព ផាកប៉ុន្មាន អត់មានកញ្ចក់ អត់មានអីផាកប៉ុន្មាន គឺយើងមានតម្លៃហ្នឹង»។
លោក យង់ គឹមអេង សមាជិកនៃគណៈកម្មការដឹកនាំសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA) ថ្លែងថា គោលបំណងនៃការនាំយុវជនឲ្យរៀនពីតម្លាភាព និងគណនេយ្យភាពសង្គមនេះ គឺដើម្បីឲ្យយុវជនជួយកែតម្រង់ការអភិវឌ្ឍក្នុងមូលដ្ឋានគេរស់នៅ ឲ្យយុវជនកាន់តែច្រើនមានប្រកាន់សុចរិត រួមចំណែកកាត់បន្ថយអំពើពុករលួយ។
លោក យង់ គឹមអេង៖ «យើងចាប់ផ្ដើមពីយុវជន គឺមានន័យថា យើងកំពុងតែធ្វើឲ្យមានសង្គមមួយដែលស្អាតស្អំ។ យើងនឹងធ្វើឲ្យសង្គមមួយកាន់តែមានកិត្តិយស ហើយនិងមានកេរ្តិ៍ឈ្មោះ ហើយយើងទទួលបានរដ្ឋបាលមួយដែលធ្វើការកាន់តែមានប្រសិទ្ធភាព ហើយនិងក្នុងកាត់បន្ថយអំពើពុករលួយ»។
សិស្សវិទ្យាល័យ ហ៊ុន សែន ឈើទាល ក្រុងដូនកែវ កញ្ញា ហន សុខា បានថ្លែងថា គាត់មិនដឹងថាមានអំពើពុករលួយ ឬអត់នោះទេ នៅពេលគាត់ទៅសុំឲ្យមន្ត្រីសាធារណៈបញ្ជាក់លិខិតនានា គាត់តែងតែបានជូនសគុណជាលុយតិចតួចត្រឹម ១ពាន់រៀល ទៅមន្ត្រីទាំងនោះ៖ «ជាវប្បធម៌របស់ខ្ញុំទៅហើយ ព្រោះសម្រាប់លុយ ១ពាន់ ខ្ញុំមិនគិតថាច្រើនសម្រាប់ខ្ញុំទេ។ ព្រោះខ្ញុំដឹងគុណគាត់ ដែលបានជួយសរសេរឲ្យខ្ញុំ ឬបានហៅខ្ញុំទៅធ្វើអត្តសញ្ញាណប័ណ្ណ ដើម្បីបានជាប័ណ្ណសម្គាល់ខ្លួនរបស់ខ្ញុំ»។
និស្សិតសកលវិទ្យាល័យបៀលប្រាយ ឈ្មោះ ពេជ្រ សាវឿន ថ្លែងថា ក្រោយការរៀន គាត់យល់ថា គ្មានការសូក និងទទួលសំណូកពីគ្នាទៅវិញទៅមក និងគ្មានការយោគយល់សាច់ញាតិ ក្នុងពេលអនុវត្តន៍ច្បាប់ទេ។
កញ្ញា សួន ស្រីនីន មកពីសង្កាត់រកាក្រៅ ថ្លែងថា គាត់ជាយុវនារី ដូចជាក្រដាសសដែលមិនបានដឹងពីអ្វីទាំងអស់ក្នុងការងារអភិវឌ្ឍន៍នៅមូលដ្ឋាន។ តែគាត់បានឃើញការអភិវឌ្ឍផ្លូវថ្នល់ច្រើន ពិសេសផ្លូវហាយវ៉េ ឆ្ពោះទៅស្រុកគិរីវង់ គ្មានគុណភាព។ ទាំងនេះ គាត់ត្រូវចូលរួមផ្តល់យោបល់ ដើម្បីឲ្យមន្ត្រីដែលធ្វើការងារនោះបញ្ជាក់ពីភាពស្អាតស្អំនៃការកសាងផ្លូវយ៉ាងណាកុំឲ្យឆាប់ខូចពេក៖ «ផ្លូវជាតិដូចគេហៅថាហាយវ៉េ តែឥឡូវហាយវល់ហើយ គឺផ្លូវទៅគិរីវង់។ ផ្លូវនោះទើបតែសាងសង់ទេ ឥឡូវខូចខាតច្រើនហើយ»។
យុវជន ង៉ូវ ស៊ីណា ថ្លែងថា ក្រោយពីសិក្សា និងបានចូលរួមក្នុងការងារយុវជននៅក្នុងមូលដ្ឋាន គាត់បានយល់ដឹងពីអ្វីទៅដែលហៅថាតម្លាភាព និងអ្វីទៅសុចរិតភាព និងគណនេយ្យភាពសង្គម។ លោកថា ច្បាប់ទាំងឡាយ និងតារាងតម្លៃសេវាសាធារណៈដែលប្រជាពលរដ្ឋត្រូវបង់ទៅរដ្ឋ ដែលគ្រូៗកំពុងបង្រៀនក្នុងសិក្ខាសាលានេះ គាត់នឹងជួយផ្សព្វផ្សាយបន្តទៅយុវជន និងសិស្ស ដើម្បីរួមគ្នាកាត់បន្ថយអំពើពុករលួយ ដែលកើតមានក្នុងសង្គមកម្ពុជា។
សិក្ខាសាលាស្ដីពីការពង្រឹងសិទ្ធិអំណាចយុវជនមូលដ្ឋាន ស្វែងយល់ពីតម្លាភាព និងគណនេយ្យភាពសង្គម បានប្រព្រឹត្តទៅរយៈពេល១ថ្ងៃ ក្រោមជំនួយថវិកាដោយអង្គការតម្លាភាពកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។