Freedom House បារម្ភ​ពី​ការធ្លាក់​ចុះ​នៃ​សិទ្ធិ​សេរីភាព​ផ្សាយ​ព័ត៌មាន​តាម​ប្រទេស​មួយចំនួន

អង្គការ Freedom House ដែល​ជា​អង្គការ​ការពារ​អ្នក​សារព័ត៌មាន​បាន​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​បង្ហាញ​ការព្រួយ​បារម្ភ​អំពី​ការធ្លាក់​ចុះ​នៃ​សិទ្ធិ​សេរីភាព​ផ្សាយ​ព័ត៌មាន​តាម​ប្រទេស​ខ្លះ មាន​ជា​អាទិ៍​ប្រទេស​កម្ពុជា​ជាដើម។

ក្នុង​សេចក្តី​រាយការណ៍​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ អង្គការ Freedom House បាន​សរសេរ​ថា សិទ្ធិ​សេរីភាព​ក្នុង​ការផ្សាយ​ព័ត៌មាន​ក្នុង​ពិភពលោក​បាន​ធ្លាក់​ចុះ​ចំនួន​៧​ឆ្នាំ​ជាប់ៗ​គ្នា​មកហើយ ហើយ​ការធ្លាក់​ចុះ​នោះ​គឺ​មាន​ជា​លើក​ទី​មួយ​នៅ​តាម​តំបន់​នានា​ក្នុង​ពិភពលោក។

ក្នុង​សេចក្តី​រាយការណ៍ Freedom House បាន​បែងចែក​សិទ្ធិ​សេរីភាព​ជា​បី​ផ្នែក​ចំពោះ​ប្រទេស​ចំនួន​១៩៥​ទូទាំង​សកលលោក ក្នុង​នោះ​៧០​ប្រទេស​ជា​ប្រទេស​ដែល​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ចំនួន​៦១​ប្រទេស​ជា​ប្រទេស​មាន​សិទ្ធិ​សេរីភាព​ខ្លះ និង​៦៤​ប្រទេស​ជា​ប្រទេស​គ្មាន​សិទ្ធិ​សេរីភាព​តែម្តង។

ចំពោះ​ប្រទេស​កម្ពុជា អង្គការ Freedom House បាន​ដាក់​ក្នុង​ចំណោម​ប្រទេស​ដែល​គ្មាន​សិទ្ធិ​សេរីភាព​និង​បញ្ជាក់​ថា កម្ពុជា​បាន​ឈាន​ពី​ប្រទេស​មាន​សិទ្ធិ​សេរីភាព​ខ្លះ​ទៅ​ជា​ប្រទេស​អត់​មាន​សិទ្ធិ​សេរីភាព​ទៅ​វិញ។ ក្នុង​ចំណោម​ប្រទេស​១៩៥ Freedom House បាន​ដាក់​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​ទី​៦១៕