សេចក្តីថ្លែងការណ៍ដែលចុះកាលបរិច្ឆេទនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១០ សមាគមអាដហុកបានសរសេរថា ដោយផ្អែកតាមប្រភពព័ត៌មានផ្សេងៗ និងតាមរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនផ្ទាល់ សមាគមនេះបានរកឃើញពលរដ្ឋកម្ពុជាចំនួន ១០នាក់ត្រូវទាហានថៃបាញ់សម្លាប់ ដោយចោទថា ជនរងគ្រោះទាំងនោះបានឆ្លងដែន និងចូលកាប់ឈើលើទឹកដីថៃខុសច្បាប់។
សមាគមអាដហុកបានបន្តថា ប្រទេសថៃមិនមានសិទ្ធិបាញ់សម្លាប់ជនស៊ីវិលណាដែលបានឆ្លងចូលទឹកដីថៃនោះទេ គឺមានសិទ្ធិត្រឹមតែប្រើប្រាស់ច្បាប់អន្តោប្រវេសន៍របស់ជាតិខ្លួនផ្តន្ទាទោសជនបរទេសទាំងនោះប៉ុណ្ណោះ បើទោះជាការឆ្លងចូលនោះខុសច្បាប់ក៏ដោយ។
លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក មានប្រសាសន៍ចាត់ទុកសកម្មភាពទាហានថៃបាញ់សម្លាប់ពលរដ្ឋកម្ពុជាទាំងនោះ ថាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយថា ការព្រងើយកន្តើយរបស់រដ្ឋាភិបាលថៃមិនចាត់វិធានការស៊ើបអង្កេតរកជនល្មើសមកផ្តន្ទាទោស គឺជាការចូលរួមដោយប្រយោលក្នុងឆន្ទៈពិតប្រាកដមួយឲ្យទាហានថៃបាញ់សម្លាប់ពលរដ្ឋកម្ពុជា ក្នុងទម្រង់រើសអើងពូជសាសន៍។
លោកមានប្រសាសន៍បន្ថែមថា ៖ «អាហ្នឹងយើងយោងទៅលើគេហៅថា លក្ខន្តិកនៃក្រុងរ៉ូម ដែលនិយាយអំពីបទល្មើសផ្សេងៗទាក់ទងទៅនឹងបទល្មើលប្រឆាំងនឹងមនុស្សជាតិ បទល្មើសឧក្រិដ្ឋកម្មសង្គ្រាម មានបទល្មើសច្រើនទៀត។ ទោះបីថៃមិនបានផ្ដល់សច្ចាប័នទទួលស្គាល់ អាយស៊ីស៊ី ក៏ដោយ កាលណាប្រព្រឹត្តអ៊ីចឹងទៅ យោងទៅតាមលក្ខន្តិកនៃក្រុងរ៉ូមហ្នឹង គេអាចចាត់ទុកថា ប្រទេសហ្នឹងបានប្រព្រឹត្តនូវបទល្មើសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឬក៏ឧក្រិដ្ឋកម្មសង្គ្រាមដែរ»។
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១០ សមាគមបានផ្ញើសេចក្តីថ្លែងការណ៍ និងរបាយការណ៍ទាំងនេះ ទៅស្ថានទូតថៃនៅប្រទេសកម្ពុជាហើយ ហើយក៏បានផ្ញើទៅឲ្យអង្គការសហប្រជាជាតិនៅទីក្រុងបាងកកដែរ។
រហូតមកដល់ល្ងាចថ្ងៃដដែល វិទ្យុអាស៊ីសេរីមិនទាន់ទទួលបានការឆ្លើយតបណាមួយទៅនឹងសេចក្តីថ្លែងការណ៍របស់សមាគមអាដហុកទេ។ អ្នកទទួលទូរស័ព្ទស្ថានទូតបានប្រាប់ថា មន្រ្តីទូតកំពុងជាប់ប្រជុំ ៖ «ឥឡូវពួកខាងមន្រ្តីការទូតចូលប្រជុំហើយ»។
ជាមួយគ្នានេះដែរ សមាគមអាដហុកក៏បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាថា ត្រូវតែមានវិធានការផ្លូវច្បាប់អន្តរជាតិ ដើម្បីឲ្យភាគីថៃអនុវត្តច្បាប់ឲ្យបានពេញលេញដែរ។
កន្លងមកក្រសួងការបរទេសប្រទេសកម្ពុជាធ្លាប់បានផ្ញើកំណត់ទូតទៅក្រសួងការបរទេសថៃជាហូរហែ ក៏ប៉ុន្តែនៅមិនទាន់មានការឆ្លើយតបជាវិជ្ជមានណាមួយនៅឡើយទេ៕