ក្រុម​សង្គម​ស៊ីវិល​នឹង​រៀបចំ​ពិធី​អបអរ​ទិវា​សិទ្ធិ​មនុស្ស​នៅ​មុខ​វត្ត​បទុមវត្តី

ក្រុម​ការងារ​នៃ​អង្គការ​សង្គម​ស៊ីវិល​នឹង​រៀបចំ​ពិធី​អបអរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ខួប​ទី​៦១ នៅ​ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០០៩ នៅ​មុខ​វត្ត​បទុមវត្តី រាជធានី​ភ្នំពេញ ចាប់​ពី​ម៉ោង​៧ ដល់​ម៉ោង​៥​ល្ងាច។

សេចក្តី​ជូន​ដំណឹង​របស់​ក្រុម​ការងារ​នេះ ចុះ​ថ្ងៃ​ទី​៨ ធ្នូ ២០០៩ បាន​ឲ្យ​ដឹង​ថា ប្រធានបទ​សម្រាប់​ឆ្នាំ​នេះ​មាន "យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​និង​យុត្តិធម៌" និង "ទទួល​យក​ភាព​ខុស​គ្នា​និង​បញ្ចប់​ការ​រើស​អើង“។

សម្ព័ន្ធ​អង្គការ​សង្គមស៊ីវិល​ធំៗ​ចំនួន​១៨ ដែល​មាន​សមាជិក​ប្រហែល​២០០​អង្គការ សមាគម ក៏​បាន​អញ្ជើញ​សមាជិក​សមាជិកា​រដ្ឋ​សភា​និង​ព្រឹទ្ធ​សភា​ទាំង​អស់​ឲ្យ​ចូល​រួម​ជា​កិត្តិយស​ក្នុង​ពិធី​អបអរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ខួប​ទី​៦១​នោះ​ដែរ។

ព័ត៌មាន​បន្ត​ថា នៅ​មុន​ការ​ចាប់​ផ្តើម​ប្រារព្ធ​ពិធី ក្រុម​ការងារ​មាន​រៀបចំ​ឲ្យ​មាន​ការ​ជួប​ជុំ​គ្នា​នៅ​បរិវេណ​វត្ត​ភ្នំ​ប៉ែក​ខាង​ត្បូង ចំនួន​៣.០០០​នាក់ រួច​ហើយ​ហែ​ក្បួន​ដោយ​សន្តិវិធី សម្ដែង​ការ​សាទរ​ខួប​ទី​៦១ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម មក​កាន់​ទី​ប្រារព្ធ​ពិធី​នៅ​ទីធ្លា​មុខ​វត្ត​បទុមវត្តី៕