ការលើកឡើងដូច្នេះ នៅក្នុងសិក្ខាសាលាមួយស្ដីពី ហិរញ្ញវត្ថុគណបក្សនយោបាយពេលឃោសនាបោះឆ្នោត នៅសណ្ឋាគារ Imperial Garden Hotel រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១០ ដែលបានរៀបចំដោយគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា (Comfrel)។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ បានមានប្រសាសន៍ថា គណបក្សធំ ឬគណបក្សកាន់អំណាច មានឧកញ៉ា ឬអ្នកជំនួញបានផ្ដល់អំណោយនៅពេលឃោសនាបោះឆ្នោត ដែលគណបក្សនេះអាចយកជំនួយទាំងនោះទៅប្រើប្រាស់គ្មានការគ្រប់គ្រងនោះ គឺអាចមានករណីខ្លះឈានទៅដល់ការទិញដូរសន្លឹកឆ្នោត។
លោក សុន ឆ័យ បានបញ្ជាក់ថា ៖ «ដែលយើងមានបញ្ហា កំពុងតែរៀបរយពង្រឹងស្ថាប័នជាតិនេះ គឺការជ្រៀតចូលនូវឥទ្ធិពលនៃកម្លាំងក្រុមអ្នកធ្វើជំនួញ ឬក៏ក្រុមបទល្មើស បើសិនជាគណបក្សពុំមានការគ្រប់គ្រងទេ គឺគេទិញមនុស្សឲ្យចូលទៅក្នុងនយោបាយតែម្ដង ដើម្បីបម្រើសកម្មភាពឧក្រិដ្ឋកម្មរបស់គេ»។
មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាមានប្រភពចំណូលថវិកាច្រើន ដោយលោកអះអាងថា សមាជិកគណបក្សនេះមានជាង ៥លាននាក់ ដែលសមាជិកមួយចំនួនជាឧកញ៉ា ហើយគ្រប់សមាជិកទាំងអស់បានបង់ថវិកាចូលបក្សសម្រាប់ផ្គត់ផ្គង់ពេលឃោសនាបោះឆ្នោត។
លោក ជាម យៀប បានអះអាងថា ៖ «គណបក្សប្រជាជនកម្ពុជាបានកសាងនូវឧកញ៉ារាប់ភ្លេច ក្រុមហ៊ុនមួយគំនរ ដល់អ៊ីចឹងក្រុមហ៊ុនស្អីៗហ្នឹង សប្បុរសជនហ្នឹងគេជួយដល់គណបក្សហ្នឹង! មានចំណាយវាលើសលុបជាងគណបក្សដទៃ!»។
តំណាងរាស្ត្រគណបក្សសិទ្ធិមនុស្ស លោក យ៉ែម បុញ្ញាឫទិ្ធ បានរិះគន់ទៅលើក្រុមឧកញ៉ា ដែលជួយគណបក្សកាន់អំណាចនៅពេលឃោសនាបោះឆ្នោតនោះ ថាជាការទាញយកប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈរដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ច ដែលកំពុងតែធ្វើបាបប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួនបច្ចុប្បន្ន។
លោក យ៉ែម បុញ្ញាឫទិ្ធ បានមានប្រសាសន៍ថា ៖ «ឥឡូវឧកញ៉ារាប់ភ្លេចមែន ដាក់លុយទៅបានហើយឧកញ៉ា! បើសិនយើងជាអ្នករកស៊ី គេដាក់ទៅ ១០ម៉ឺន គេចង់បានមកវិញ ២០ម៉ឺន ហើយដើម្បីបានលុយត្រឡប់មកវិញ ត្រូវការអីខ្លះ? ត្រូវការដីសម្បទាន ត្រូវការសុំនេះសុំនោះ សុំនាំចូលផ្ដាច់មុខ ហ្នឹងហើយដែលជាបញ្ហាមួយដែលយើងសង្កេតឃើញ! សង្គមយើងវាមានបញ្ហាច្រើន!»។
ប្រធានសមាគមសិទ្ធិមនុស្សអាដហុក និងជាប្រធានគណៈកម្មាធិការនាយកខុមហ្រ្វែល លោក ធន សារាយ បានបញ្ជាក់ថា កាលណាមានច្បាប់ស្ដីពីការគ្រប់គ្រងថវិកាគណបក្សនយោបាយពេលឃោសនាបោះឆ្នោត នោះវានឹងមានសមធម៌ពេលបោះឆ្នោត។
អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) លោក សុកុលៈ ទីបោ បានគាំទ្រចំពោះការជំរុញរដ្ឋាភិបាលឲ្យបង្កើតច្បាប់ គ្រប់គ្រងថវិកាគណបក្សនយោបាយពេលឃោសនាបោះឆ្នោត ដែលសង្គមកម្ពុជាចង់បាន បន្ទាប់ពីច្បាប់ប្រឆាំងអំពើពុករលួយ ដែលរដ្ឋសភាបានអនុម័តកាលពីពេលថ្មីៗនេះ។
មន្ត្រីអង្គការសង្គមស៊ីវិលបានបញ្ជាក់ទៀតថា ក្នុងពេលបោះឆ្នោតម្ដងៗនៅកម្ពុជា គេសង្កេតឃើញថា តែងតែមានបញ្ហាកើតឡើងនៅក្នុងអំឡុងពេលឃោសនារកសំឡេងឆ្នោត ដោយមានការប្ដឹងចោទប្រកាន់រវាងគណបក្សនយោបាយ អំពីការទិញទឹកចិត្តតាមរយៈការផ្ដល់អំណោយ ការទិញសកម្មជននយោបាយពីគណបក្សមួយទៅគណបក្សមួយ ជាដើម៕