សង្គម​ស៊ីវិល​ចុះ​ទៅ​ពិនិត្យ​ការខូចខាត​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​អង្គការ​សិទ្ធិ​មនុស្ស​ផង​បាន​ទៅ​ពិនិត្យ​ស្លាកស្នាម​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​ដែល​ទាហាន​ថៃ​បាន​បាញ់​ឆេះ​នៅ​ពេល​ប៉ះ​ប្រយុទ្ធ​គ្នា​ដោយសារ​ជម្លោះ​ព្រំដែន​កាលពី​ពេល​ថ្មីៗ​នេះ។
ដោយ សាវយុត
2009-04-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទាហាន​ខ្មែរ​ដើរ​កាត់​ទី​កន្លែង​ដែល​ផ្សារ​ឆេះ​នៅ​មុខ​ប្រាសាទ​ព្រះវិហារ​ក្នុង​ខែត្រ​ព្រះវិហារ កាលពី​ថ្ងៃ​៤ មេសា ២០០៩។
ទាហាន​ខ្មែរ​ដើរ​កាត់​ទី​កន្លែង​ដែល​ផ្សារ​ឆេះ​នៅ​មុខ​ប្រាសាទ​ព្រះវិហារ​ក្នុង​ខែត្រ​ព្រះវិហារ កាលពី​ថ្ងៃ​៤ មេសា ២០០៩។
AFP Photo

អង្គការ​ទាំង​នោះ​មាន​គម្រោង​នឹង​ដាក់​បណ្តឹង​ទៅ​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​ស្តីពី​ការរំលោភ​បំពាន​របស់​យោធា​ថៃ​ទៅ​លើ​ជន​ស៊ីវិល​ខ្មែរ​ដែរ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​ប្រទេស​កម្ពុជា​ចំនួន​៣​ដែល​មាន​បុគ្គលិក​ជាង​២០​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ជម្លោះ​ព្រំដែន​រវាង​ខ្មែរ​ថៃ​ជិត​ប្រាសាទ​ព្រះវិហារ​ដើម្បី​ពិនិត្យ​និង​រក​ស្លាកស្នាម​ពិត​ប្រាកដ​ដែល​ថា កង​ទាហាន​ថៃ​បាន​បាញ់​រះ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​រយ​ខ្នង​និង​ប៉ះ​ចំ​ប្រាសាទ​បូរាណ​ផង​នោះ គោលបំណង​ដើម្បី​ជំរុញ​ផ្លូវ​ច្បាប់​ទៅ​រដ្ឋាភិបាល​ថៃ​ឲ្យ​ទទួល​ខុស​ត្រូវ​និង​សង​ការខូច​ខាត​ទាំង​នោះ​វិញ។

ប្រធាន​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ លោក មឿង សុន បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​មេសា ថា អង្គការ​របស់​លោក អង្គការ​ផ្នែក​សុខភាព​និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​មួយ​ទៀត​ដែល​មាន​បុគ្គលិក​ជាង​២០​នាក់​បាន​នាំ​យក​ថ្នាំ​ពេទ្យ​ទៅ​ចែក​ជូន​ជន​ភៀស​សឹក​រាប់​ពាន់​នាក់​ដែល​បាន​បាត់បង់​ទី​ជម្រក​ដោយសារ​ការប៉ះ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ​ថៃ​នៅ​ជិត​ប្រាសាទ​ព្រះវិហារ។

លោក មឿង សុន បាន​មាន​ប្រសាសន៍​ទៀត​ថា ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នោះ​បាន​ទៅ​ពិនិត្យ​ផ្ទះ​និង​ផ្សារ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ខាង​ក្រោម​ប្រាសាទ​ព្រះវិហារ​ដែល​ទាហាន​ថៃ​បាន​បាញ់​ឆេះ​ពេល​ប៉ះ​ប្រយុទ្ធ​គ្នា ហើយ​លោក​រក​ឃើញ​ថា មាន​ការខូចខាត​យ៉ាង​ដំណំ​ដែល​លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថៃ​ទទួល​ខុស​ត្រូវ​លើ​ការខូចខាត​ទាំង​នោះ​និង​សង​សំណង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​វិញ។

លោក មឿង សុន បាន​ឲ្យ​ដឹង​ថា ៖ «ពីព្រោះ​គាត់​រំលោភ​ទឹក​ដី​យើង គាត់​បាញ់​មក​ប្រជាពលរដ្ឋ​យើង​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​ហើយ គាត់​ត្រូវតែ​ទទួល​ខុស​ត្រូវ»

ចំណែក​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ដែល​បាន​ទៅ​ពិនិត្យ​ស្ថានភាព​ជន​ភៀស​សឹក​និង​ការខូចខាត​ដោយ​ការប៉ះ​ប្រយុទ្ធ​ដែរ​នោះ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ​ជា​ច្រើន​ដែល​បាត់បង់​ផ្ទះ​សម្បែង​និង​ទ្រព្យ​សម្បត្តិ ហើយ​កំពុង​ជ្រក​ក្រោម​ដំបូល​តង់​កៅស៊ូ​បណ្តោះអាសន្ន​ដែល​គ្មាន​ទី​ជម្រក​ត្រឹមត្រូវ គ្មាន​ទឹក​ស្អាត គ្មាន​បង្គន់​អនាម័យ ជា​ពិសេស​គឺ​ក្មេង​ជា​ច្រើន​កំពុង​ប្រឈម​មុខ​នឹង​សុខភាព​ដែល​ការប៉ះ​ប្រយុទ្ធ​គ្នា​កន្លង​មក​នេះ​គឺ​ទាហាន​ថៃ​បាន​រំលោភ​យ៉ាង​ខ្លាំង​ទៅ​លើ​ជន​ស៊ីវិល។

លោក អ៊ូ វីរៈ បាន​មាន​ប្រសាសន៍​ថា ៖ «យើង​បាន​ទាក់ទង​មេធាវី​អន្តរជាតិ​ដែល​គេ​ជា​ទីប្រឹក្សា​ថា​តើ​យើង​អាច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កន្លែង​ស្ថាប័ន​ណា​បាន»

នៅ​ថ្ងៃ​អាទិត្យ​នេះ​មិន​អាច​ទាក់ទង​សុំ​ប្រតិកម្ម​ពី​មន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​បាន​ទេ។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​នៃ​ប្រទេស​កម្ពុជា លោក កួយ គង់ បាន​មាន​ប្រសាសន៍​ថា ក្រសួង​ការបរទេស​ខ្មែរ​បាន​ធ្វើ​កំណត់ហេតុ​ការទូត​មួយ​ថ្ងៃ​ក្រោយ​ពី​មាន​ការប៉ះ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ​ថៃ​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​នោះ​ដើម្បី​តវ៉ា​បញ្ហា​ទាហាន​ថៃ​ដែល​បាន​បាញ់​ឆេះ​ផ្ទះ ផ្សារ​និង​ប្រាសាទ​ផង ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការឆ្លើយតប​ពី​រដ្ឋាភិបាល​ថៃ​នៅ​ឡើយ​ទេ។

តាម​របាយការណ៍​របស់​ប៉ូលិស​ដែល​ប្រចាំការ​នៅ​លើ​ប្រាសាទ​ព្រះវិហារ​ឲ្យ​ដឹង​ថា ការប៉ះ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ​ថៃ​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​ដោយសារ​ជម្លោះ​ព្រំដែន​កាលពី​ថ្ងៃ​ទី​៣ ខែ​តុលា ទាហាន​ថៃ​បាន​បាញ់​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​២៥០​ខ្នង​និង​គ្រាប់​កាំភ្លើង​ថៃ​បាន​បាញ់​ត្រូវ​ប្រាសាទ​ជាង​៦០​កន្លែង៕

ព័ត៌មាន (0)
Share

អត្ថបទ​ដែល​ទាក់ទង

គេហទំព័រ​ទាំងមូល