សង្គម​ស៊ីវិល​ជិត​២០​ស្ថាប័ន​ជួប​ប្រជុំ​តវ៉ា​ឲ្យ​រដ្ឋាភិបាល​​បញ្ចុះ​តម្លៃ​ប្រេង​សាំង

អង្គការ​មិន​មែន​រដ្ឋាភិបាល​ជិត ២០​អង្គភាព ជួប​ជុំ​គ្នា​តវ៉ា និង​ដាក់​ញត្តិ​​ជូន​រដ្ឋ​សភា ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​ប្រេង​សាំង​ពី​ជិត ៦.០០០​រៀល ឲ្យ​ចុះ​មក​នៅ​ត្រឹម ៤​ពាន់​រៀល​ក្នុង​១លីត្រ។

0:00 / 0:00

តម្លៃ​ប្រេង​សាំង​នៅ​តាម​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​ចំនួន​នា​ទីក្រុង​ភ្នំពេញ គិត​ត្រឹម​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​មេសា ឆ្នាំ​២០១២ មាន​តម្លៃ ៥.៩៥០​រៀល​ក្នុង​១​លីត្រ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ស្ថិត​ក្នុង​ចំណោម​អង្គការ​មិន​មែន​​រដ្ឋាភិបាល​ជិត ២០​អង្គភាព​ដែល​ធ្វើការ​តវ៉ា​នោះ បាន​ឲ្យ​ដឹង​ក្នុង​​​សន្និសីទ​កាសែត​នៅ​មុខ​មន្ទីរ​រដ្ឋ​សភា បន្ទាប់​ពី​​ដាក់​​ញត្តិ​ជូន​​រដ្ឋ​​សភា​ថា ពួក​គេ​នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ប្រទេស បើ​សំណើ​បញ្ចុះ​​តម្លៃ​ប្រេងសាំង​រដ្ឋាភិបាល​មិន​រវល់​អើពើ​នោះ។

លោក​បន្ត​ថា ការ​ទាមទារ​របស់​សង្គម​ស៊ីវិល មន្ត្រី​រាជការ សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ ពេល​នេះ​គឺ​ចង់​ឲ្យ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​ប្រេង​សាំង​ឲ្យ​បាន ៤​ពាន់​រៀល ឬ​ឲ្យ​ស្មើ​ប្រទេស​ជិត​ខាង​កម្ពុជា មាន​ប្រទេស​ថៃ និង​វៀតណាម ជា​ដើម។ ប្រទេស​ថៃ សាំង ១​លីត្រ មាន​តម្លៃ ១,២៧​ដុល្លារ និង​វៀតណាម ១​លីត្រ មាន​តម្លៃ ១,០៥​ដុល្លារ។

គេហទំព័រ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​កាល់តិច (CALTEX) បាន​បង្ហាញ​ដោយ​អង្គការ​សង្គម​ស៊ីវិល​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា បាន​យក​ពន្ធ​​លើ​ថ្លៃ​ប្រេង​សាំង​ចំនួន ៣៥% ក្នុង​តម្លៃ​សរុប​ប្រេង​សាំង​មួយ​លីត្រ និង​យក​ពន្ធ​ចំនួន ២២%​ ក្នុង​តម្លៃ​សរុប​ប្រេង​ម៉ាស៊ូត​មួយ​លីត្រ។

ប្រធាន​សមាគម​មន្ត្រី​រាជការ លោក ភួង សុវណ្ណ មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​មុខ​មន្ទីរ​រដ្ឋ​សភា​ថា ​រដ្ឋាភិបាល​ត្រូវ​បើក​​ឲ្យ​មាន​ក្រុមហ៊ុន​នាំ​ចូល​ប្រេង​ឥន្ធនៈ មាន​ចំនួន​ច្រើន​នៅ​កម្ពុជា។ ការ​មាន​ក្រុមហ៊ុន​ច្រើន​ដែល​ប្រកួត​ប្រជែង​គ្នា​​អាច​នាំ​ឲ្យ​តម្លៃ​ប្រេង​សាំង​នៅ​កម្ពុជា មាន​តម្លៃ​ទាប​ដូច​តាម​បណ្ដា​ប្រទេស​អាស៊ាន។

ស្រដៀង​គ្នា​នេះ​ដែរ លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​លីកាដូ បាន​ថ្លែង​ថា រដ្ឋាភិបាល​គួរ​ពិនិត្យ និង​​បញ្ចុះ​តម្លៃ​ប្រេងសាំង​ឲ្យ​បាន​សមរម្យ​ទៅ​តាម​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ។ លោក​ថា គ្មាន​ហេតុផល​ណា​មួយ​​ដែល​កម្ពុជា មិន​អាច​បញ្ចុះ​តម្លៃ​ប្រេង​ឥន្ធនៈ ឲ្យ​មាន​តម្លៃ​ប្រហាក់ប្រហែល​ប្រទេស​​​ក្នុង​សមាគម​អាស៊ាន​នោះ​​ទេ បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិត​ប្រាកដ។

តម្លៃ​ប្រេងសាំង​ក្នុង​ប្រទេស​អាស៊ាន ដែល​សង្គម​ស៊ីវិល​បាន​លើក​ឡើង បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា មាន​តម្លៃ​ខ្ពស់​ជាង​បណ្តា​​​ក្នុង​សមាគម​អាស៊ាន គឺ​មាន​តម្លៃ​ក្នុង ១​លីត្រ ១,៤៩​ដុល្លារ។ សិង្ហបុរី ១​លីត្រ ១,២៨​ដុល្លារ ថៃ ១​លីត្រ ១,២៧​ដុល្លារ ឡាវ ១​លីត្រ ១,១០​ដុល្លារ វៀតណាម ១​លីត្រ ១,០៥ដុល្លារ ហ្វីលីពីន ១​លីត្រ ១,០៥​ដុល្លារ ភូមា ១​លីត្រ ១​ដុល្លារ ឥណ្ឌូនេស៊ី ១​លីត្រ ០.៩២​ដុល្លារ ម៉ាឡេស៊ី ១​លីត្រ ០,៦៨​ដុល្លារ និង​​ប្រទេស​ប្រ៊ុយណេ សាំង​ក្នុង​១​លីត្រ​មាន​តម្លៃ ០,៤៦​ដុល្លារ។

ទាក់ទង​បញ្ហា​នេះ ក្រុម​អ្នក​រត់​ម៉ូតូ​កង់បី ឬ​ម៉ូតូ​ឌុប បាន​ថ្លែង​ថា ប្រាក់​កម្រៃ​ដែល​ពួកគេ​ទទួល​បាន​ប្រចាំ​ថ្ងៃ គឺ​ស្ទើរ​មិន​អាច​បង្គ្រប់​ការ​ចំណាយ​ទៅ​លើ​តម្លៃ​ប្រេង​សាំង​បាន​ទេ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​បញ្ចុះ​តម្លៃ​ប្រេង​​សាំង​ឲ្យ​បាន​សមរម្យ។

ចំណែក​លោក ដេវីដ ចនវែល (David Johnwelsh) នាយក​ប្រចាំ​ប្រទេស​មជ្ឈមណ្ឌល​អាមេរិកាំង​សំរាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​កាសែត​ក៏​បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​ឲ្យ​បញ្ចុះ​តម្លៃ​ប្រេងសាំង ដែល​មាន​​តម្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ​កម្ពុជា នេះ​ដែរ។

ទោះ​ជា​បែប​នេះ​ក្តី មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ភ្លាមៗ​ពី​មន្ត្រី​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង និង​អង្កេត ទំនាក់ទំនង​រដ្ឋ​សភា ព្រឹទ្ធ​សភា​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១២។ ប៉ុន្តែ​មន្ត្រី​ស្ថាប័ន​នេះ​បាន​ព្រម​ទទួល​យក​ញត្តិ​របស់​សង្គម​ស៊ីវិល​យក​ទៅ​​ពិចារណា និង​សន្យា​ឆ្លើយ​តប​ពេល​ក្រោយ។

អង្គការ​មិន​មែន​រដ្ឋាភិបាល​ជិត ២០​អង្គភាព បាន​ឲ្យ​ដឹង​ថា បើ​សិន​ជា​រដ្ឋ​សភា ឬ​រដ្ឋាភិបាល​មិន​បាន​ឆ្លើយ​តប​ចំពោះ​សំណើ​បញ្ចុះ​តម្លៃ​ប្រេង​សាំង​ទៅ​តាម​ការ​ទាមទារ​ទេ ពួក​គេ​នឹង​ដឹក​នាំ​ពលរដ្ឋ សិស្ស​និស្សិត ចូល​រួម​ធ្វើ​មហា​​បាតុកម្ម​ទូទាំង​​ប្រទេស ដើម្បី​ឲ្យ​រដ្ឋាភិបាល​ឆ្លើយ​តប​សំណើ​បញ្ចុះ​តម្លៃ​ប្រេង​សាំង​ឲ្យ​បាន​សមរម្យ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។