មន្ត្រី​ខ្មែរ៖ ការចរចា​បញ្ហា​ព្រំដែន​ខ្មែរ​-ថៃ​នា​ថ្ងៃ​១៣​តុលា​​មិន​ប្រែប្រួល​ទេ

មន្រ្តី​រដ្ឋាភិបាល បាន​និយាយ​ថា រហូត​មក​ទល់​ពេល​នេះ ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្រ្តី​ថៃ​នៅ​កម្ពុជា​និង​ការចរចា​អំពី​បញ្ហា​ព្រំដែន​ប្រទេស​ទាំង​ពីរ​ដែល​គ្រោង​ធ្វើ​នៅ​ពាក់​កណ្តាល​ខែ​តុលា​នេះ គឺ​មិន​មាន​ការប្រែប្រួល​ឡើយ ទោះ​បី​ជា​មាន​ការផ្ទុះ​អាវុធ​នៅ​តាម​តំបន់​ជម្លោះ​ព្រំដែន​ថ្មីៗ​នេះ។

0:00 / 0:00

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​និង​ជា​អ្នក​នាំ​ពាក្យ​ផង​នោះ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គម្រោង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្រ្តី​ថៃ នា​ថ្ងៃ​ទី​១៣ តុលា​ខាង​មុខ និង​ការចរចា​ដោយ​សន្តិវិធី​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​នោះ​មិន​ទាន់​មាន​ការប្រែប្រួល​ឡើយ ទោះ​បី​ជា​មាន​ការផ្ទុះ​អាវុធ​ដែល​ធ្វើ​ឲ្យ​មាន​របួស​ដល់​កងទ័ព​នោះ​ក៏​ដោយ។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ «រហូត​មក​ដល់​ពេល​នេះ នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​មិន​ទាន់​មាន​ព័ត៌មាន​ជា​ផ្លូវការ​ណា​មួយ ឬ​ក្រដាស​ស្នាម​ជា​ផ្លូវការ​ណា​មួយ​ដែល​បង្ហាញ​ប្រាប់​ថា មាន​ការផ្លាស់​ប្ដូរ​ទេ គឺ​មាន​តែ​បន្ត​ទៅ​មុខ​ទៀត ហើយ​យើង​ឃើញ​ថា មាន​ការសម្រប​សម្រួល​ដើម្បី​កុំ​ឲ្យ​មាន​ការផ្ទុះ​អាវុធ​សា​ជា​ថ្មី​ម្ដង​ទៀត​ដែល​មិន​អាច​ទទួល​យក​បាន​ពី​ភាគី​កម្ពុជា»

គួរ​បញ្ជាក់​ថា កាល​ពី​វេលា​ម៉ោង ៣:៣០​នាទី​រសៀល​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ កង​ទាហាន​ខ្មែរ​និង​ថៃ​បាន​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ប្រមាណ​១០​នាទី ឯ​តំបន់​ព្រលាន​ឥន្ទ្រី លើ​ភ្នំ​ទ្រព្យ ចម្ងាយ​ប្រមាណ ៣​គីឡូម៉ែត្រ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​ដែល​បណ្ដាល​ឲ្យ​ទាហាន​ខ្មែរ​ម្នាក់​និង​ទាហាន​ថៃ​ពីរ​នាក់​រង​របួស។

មន្រ្តី​រដ្ឋាភិបាល​ខ្មែរ​បានសម្តែង​ការសោកស្ដាយ​ចំពោះ​ការផ្ទុះ​អាវុធ​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ទាហាន​ថៃ​នោះ ប៉ុន្តែ​ភាគី​ថៃ​បាន​និយាយ​ថា ក្រុម​យោធា​កម្ពុជា​ទៅ​វិញ​ទេ ដែល​ជា​អ្នក​ផ្ទុះ​អាវុធ​មុន ដែល​នាំ​ឲ្យ​យោធា​ថៃ​បាញ់​តប។

ទាក់​ទង​នឹង​ការចោទ​ប្រកាន់​គ្នា​នេះ លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា ៖ «យើង​ឃើញ​ថា មាន​ការផ្ទុះ​អាវុធ​នៅ​ក្នុង​ដី​ខ្មែរ មិន​មែន​ការផ្ទុះ​អាវុធ​នៅ​ក្នុង​ដី​ថៃ​ទេ ទីមួយ។ ហើយ​យើង​ដឹង​ថា នៅ​ក្នុង​ស្មារតី​នៃ​ការព្រមព្រៀង​រវាង​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​បាន​និយាយ​យ៉ាង​ច្បាស់​ថា ត្រូវ​តែ​ប្រាប់​រៀងៗ​ខ្លួន​នៅ​ក្នុង​ការចល័ត​ទ័ព នៅ​ក្នុង​ការបោះ​ទីតាំង​ទ័ព គឺ​ថា អត់​ឲ្យ​មាន​ដំណើរការ​ហ្នឹង​ទេ»

ទោះ​ជា​យ៉ាងណា​ក៏​ដោយ មន្រ្តី​កម្ពុជា​និង​ថៃ​បាន​ព្រមព្រៀង​គ្នា​រួច​ហើយ​ដែរ​ដើម្បី​បើក​ការស៊ើប​អង្កេត​ក្នុង​រឿង​នេះ។

ជម្លោះ​ព្រំដែន​រវាង​ថៃ​និង​កម្ពុជា​បាន​ចាប់​ផ្តើម​ឡើង បន្ទាប់​ពី​ការចូល​លុកលុយ​របស់​ទាហាន​ថៃ​ក្នុង​វត្ត​ខ្មែរ​កែវ​សិក្ខា​គិរីស្វរៈ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨។ បន្ទាប់​មក ទាហាន​ថៃ​ក៏​បាន​ចូល​មក​កាន់កាប់​កន្លែង​ជា​ច្រើន​ទៀត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ទើប​ប្រកាស​រដ្ឋាភិបាល​ថ្មី​កាល​ពី​ចុង​ខែ​កន្លង​ទៅ​នេះ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការអត់ធ្មត់​ចំពោះ​ជម្លោះ​ព្រំដែន​ខ្មែរ​-ថៃ​នោះ ដោយ​រង់ចាំ​ដំណោះស្រាយ​កិច្ច​ចរចា​ទ្វេ​ភាគី ហើយ​ថា រដ្ឋាភិបាល​ខ្មែរ​នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​អន្តរជាតិ ប្រសិន​ណា​បើ​ការចរចា​ទ្វេ​ភាគី​ទទួល​បរាជ័យ​នោះ ហើយ​ថា​នឹង​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ បើ​សិន​ជា​មាន​ការផ្ទុះ​អាវុធ​កើត​ឡើង៕