វិធីសាស្ត្រជួយដល់បេក្ខជនមិនចេះអក្សរអាចបោះឆ្នោតបានទៅតាមឆន្ទៈពិតប្រាកដ នៅសហរដ្ឋអាមេរិកគេផ្តល់ឱកាសឲ្យពលរដ្ឋគេអាចប្រើសន្លឹកឆ្នោតគំរូកាន់ចូលមណ្ឌលបោះឆ្នោត។
អ្នកស្រី ចាន់ វ៉ាន់ទួត ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់រស់នៅក្នុងទីក្រុងឡូវ៉ែល បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា ថ្វីត្បិតតែនៅទីក្រុងឡូវ៉ែល មានពលរដ្ឋខ្មែរមួយចំនួនមិនចេះអានភាសាអង់គ្លេស ប៉ុន្តែពួកគាត់ទទួលបានការរៀនសូត្រពីការគូសសន្លឹកឆ្នោត ដើម្បីជ្រើសរើសបេក្ខភាពតាមបំណងបានយ៉ាងងាយស្រូល ៖ "ទៅមណ្ឌលហ្នឹងយើងកាន់យកគំរូហ្នឹងទៅប្រៀបធៀប។ យើងយកគំរូចាស់ហ្នឹងទៅប្រៀបធៀបនឹងអាគំរូថ្មីហ្នឹងទៅពេញចិត្តដូចថាស្រឡាញ់បេក្ខជនណាយើងបោះឲ្យបេក្ខជនហ្នឹងទៅ។ ផ្ទៀងផ្ទាត់និងគំរូចាស់ និងគំរូថ្មីដែលយើងកាន់ទៅ ហើយគូសតាមយើងពេញចិត្តអ្នកណាហ្នឹងទៅ"។
អ្នកស្រីបានបន្ថែមទៀតថា ឱកាសនេះបានជួយដល់អ្នកមិនចេះអក្សរមិនឲ្យមានការភ័ន្តច្រឡំក្នុងការជ្រើសរើសបេក្ខជន ៖ "ខ្ញុំយល់ឃើញថា មានសន្លឹកគំរូហ្នឹងយើងទៅបោះទៅហើយ អ្នកអត់ចេះអក្សរហ្នឹង គឺថាវាងាយស្រួលក្នុងការបោះឆ្នោត។ វាល្អប្រសើរចំពោះអ្នកដែល គ្នាអត់ចងចាំបានទៀតផង។ ជួយបានត្រឹមត្រូវច្រើនបើមានគំរូហ្នឹងវាអត់ច្រឡំទេ គឺវាច្បាស់តែម្ដង"។
លោក នួន វាសនា ពលរដ្ឋខ្មែរអាមេរិកាំងដែលទើបជាប់ឆ្នោតថ្មីជាទីប្រឹក្សាក្រុង Lowell នៃរដ្ឋ Massachusetts ក្នុងឆ្នាំ២០១១។ លោកបានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា ច្បាប់នៅអាមេរិកផ្ដល់សិទ្ធិដល់ពលរដ្ឋគេកាន់សន្លឹកឆ្នោតគំរូ ចូលទៅផ្ទៀងផ្ទាត់តាមដែលគេចង់បាន ៖ "សន្លឹកឆ្នោតគំរូហ្នឹង គឺថាមាននៅកន្លែងបោះឆ្នោតហ្នឹង គឺមណ្ឌលបោះឆ្នោតហ្នឹងមានសន្លឹកឆ្នោតគំរូដូចសន្លឹកឆ្នោតមែនទែនអ៊ីចឹង។ ក៏ប៉ុន្តែគ្រាន់តែយើងសរសេរជាភាសាអង់គ្លេសដាក់ថាសន្លឹកឆ្នោតគំរូ ហើយបងប្អូនដែលយើងគូសបេក្ខជនដែលខ្លួនខ្ញុំផ្ទាល់ ខ្ញុំគូសលេខរបស់ខ្ញុំៗគូសក្នុងរង្វង់ក្រពើហ្នឹង ឈ្មោះរបស់ខ្ញុំដូចឆ្នោតមែនទែនអ៊ីចឹង។ នៅពេលដែលគាត់កាន់យកទៅហ្នឹង។ អត់ខុសច្បាប់ទេនៅសហរដ្ឋអាមេរិក"។
លោក វាសនា បានឲ្យដឹងដែរថា ប្រសិនបើគ្មានយុត្តិសាស្ត្រនេះទេ លោកមិនអាចជាប់ឆ្នោតនៅក្នុងទីក្រុងនេះបានទេ ព្រោះថា មានពលរដ្ឋខ្មែររស់នៅក្នុងទីក្រុងនេះជិតពាក់កណ្ដាលនៃចំនួនពលរដ្ឋនៃទីក្រុងនេះទាំងមូល ហើយប្រជាពលរដ្ឋខ្មែរជាច្រើនមិនចេះអក្សរ មានការពិបាកក្នុងការគូសសន្លឹកឆ្នោត ជាពិសេសចាស់ៗ ដែលគាត់ភៀសខ្លួនមកពីស្រុកខ្មែរក្រោយពីសង្គ្រាម។ ការផ្ដល់សន្លឹកឆ្នោតគំរូជាយុត្តិសាស្ត្រមួយដ៏មានប្រសិទ្ធភាពក្នុងការទាញយកសំឡេងឆ្នោត។
លោកក៏បានអះអាងបន្ថែមទៀតថា វិធីសាស្ត្រក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋខ្មែរឲ្យដឹងពីព័ត៌មាននៃការបោះឆ្នោត ក៏មានភាពងាយស្រួលផងដែរ ដូចជាមានការផ្ដល់ជាមធ្យោបាយធ្វើដំណើរទៅបោះឆ្នោតទៀតផង ៖ "យើងបានបង្ហាញតាមទូរទស្សន៍ពីការបោះឆ្នោត និងមានផ្ញើសំបុត្រស្ដីពីថ្ងៃខែ និងម៉ោងពេលបោះឆ្នោត និងមានផ្ញើជូនរួមទាំងមានសន្លឹកឆ្នោតគំរូទៀតផង។ យើងក៏បានប្រកាសជូនដំណឹងដែរថាប្រសិនបើបងប្អូនខ្មែរគ្មានមធ្យោបាយធ្វើដំណើរ យើងនឹងមានឡានទៅដឹក"។
លោក នួន វាសនា បានជួយពន្យល់ដល់ពលរដ្ឋខ្មែរនៅទីក្រុងឡូវ៉ែលជាច្រើន ឲ្យយកចិត្តទុកដាក់ក្នុងការរៀនសូត្រពីការបោះឆ្នោត ដើម្បីនាំជោគជ័យដល់បេក្ខជនខ្មែរ ក្នុងការប្រកួតជាមួយបេក្ខជនអាមេរិកាំងស្បែកសជាច្រើនក្នុងអាណត្តិនេះ។
លោក សារុន ជាពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ ដែលចូលនិវត្តន៍ រស់នៅក្នុងទីក្រុងឡូវ៉ែលនេះ បានបញ្ជាក់ថា លោកសប្បាយចិត្តណាស់ដែលមានឱកាសបែបនេះជួយដល់ពលរដ្ឋខ្មែរច្រើនអាចទៅបោះឆ្នោតបាន ៖ "ប្រធានតែងតែពន្យល់ចាស់ៗ ពីការបោះឆ្នោត ពន្យល់ចាស់ៗ ដែលគាត់អត់ចេះអក្សរ អត់ដែលទៅបោះឆ្នោតអីអ៊ីចឹង គាត់ពន្យល់ថា យើងត្រូវទៅបោះឆ្នោតលេខណាៗ ដែលជាខ្មែរដូចគ្នា យើងចេះសាមគ្គីគ្នា ដើម្បីឲ្យខ្មែរយើងបានរុងរឿង។ ខ្ញុំអរណាស់ដែលបានខ្មែរយើងភ្ញាក់រលឹកចេញទៅបោះឆ្នោតគ្រប់ៗ គ្នាហ្នឹង"។
ឡូវ៉ែលនៃរដ្ឋម៉ាសាឈូស្សេត ជាទីក្រុងមួយដែលមានពលរដ្ឋខ្មែររស់នៅច្រើនជាងគេក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងឡងប៊ិច នៃរដ្ឋកាលីហ្វ័រញ៉ា។ ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងឡូវ៉ែល មានរហូតដល់ជិតពាក់កណ្ដាលនៃពលរដ្ឋនៅក្នុងទីក្រុងទាំងមូល។ ពលរដ្ឋខ្មែរជាច្រើនចង់ឲ្យមានខ្មែរជាតំណាងទីក្រុង ដើម្បីងាយស្រួលក្នុងការដោះស្រាយបញ្ហាខ្មែរក្នុងសង្គម។ ទីក្រុងឡូវ៉ែលនេះ មានប្រជាពលរដ្ឋរស់នៅទាំងអស់សរុបជិត ១១ម៉ឺននាក់៕
