សវនាការ​បឋម​លើ​ករណី​០០២ ថ្ងៃ​ទី​៣ នួន ជា នៅ​តែ​សុំ​អវត្តមាន

នៅ​ព្រឹក​ថ្ងៃ​ទី​៣ នៃ​សវនាការ​បឋម​លើ​ករណី ០០២ ត្រូវ​នឹង​ថ្ងៃ​ទី​២៩ មិថុនា មាន​​ជន​​ជាប់​​ចោទ​ចំនួន ៤​រូប គឺ​លោក ខៀវ សំផន លោក នួន ជា លោក អៀង សារី និង​លោកស្រី អៀង ធិរិទ្ធ ចូល​​រួម។

​ក្រោយ​ពេល​បើក​ការ​ប្រជុំ​សវនាការ​បាន​បន្តិច​មក លោក នួន ជា បាន​សុំ​ចាក​ចេញ​ពី​សាល​សវនាការ​ទៅ​​បន្ទប់​ឃុំ​ឃាំង​វិញ​ដូច​រយៈ​ពេល ២​ថ្ងៃ​កន្លង​ទៅ​ដែរ ក្រោម​ហេតុផល​ថា ដោយសារ​ការ​ពិភាក្សា​ដេញដោល​នៅ​ថ្ងៃ​ទី​៣ នេះ មិន​មាន​ការ​ទាក់ទង​ជាមួយ​ករណី​របស់​គាត់​នៅ​ឡើយ។ លោក នួន ជា បាន​ទុក​ឲ្យ​មេធាវី​បន្ត​ស្តាប់ និង​​ការពារ​ក្នុង​សាល​​សវនាការ។

ក្រោយ​ការ​ចាប់​​ផ្ដើម​ពិភាក្សា​បាន​ជាង​មួយ​ម៉ោង គឺ​នៅ​​វេលា​​ម៉ោង ១០ និង ២០​នាទី​​ព្រឹក លោក អៀង សារី តាម​រយៈ​មេធាវី​របស់​គាត់ បាន​សុំ​ចាក​ចេញ​​ពី​សាល​សវនាការ ដោយសារ​មូលហេតុ​សុខភាព​ទន់​ខ្សោយ គឺ​គាត់​ឈឺ​ចង្កេះ​មិន​អាច​​អង្គុយ​​យូរ​​បាន​។

លោក និល ណុន ប្រធាន​ចៅ​ក្រម​​វនាការ បាន​​អនុញ្ញាត​​ឲ្យ​​លោក អៀង សារី ​ចាក​ចេញ​ពី​សាល​​សវនាការ ដោយ​បង្គាប់​ឱ្យ​តាម​ដាន​កិច្ច​ប្រជុំ​នៅ​បន្ទប់​សោតទស្សន៍​នៅ​ខាង​ក្រោម​សាល​សវនាការ តាម​រយៈ​ទូរទស្សន៍​​ពី​អង្គសវនាការ។

សវនាការ​បឋម​លើ​ករណី ០០២ ក្នុង​ថ្ងៃ​ទី​៣ មាន​ការ​ពិភាក្សា​ដេញ​ដោល​សំខាន់​ទៅ​លើ​អញ្ញត្រកម្ម ឬ​វិធាន​មិន​ដែល​មាន​ពី​មុន​មក ទាក់ទង​នឹង​ការ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទី​ក្រុង​ហ្សឺណែវ និង​ អញ្ញត្រកម្ម​អំពី​អាជ្ញាយុកាល​នៃ​បទ​ល្មើស និង​បទ​ល្មើស​ដែល​មាន​ចែង​​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​​នៃ​ប្រទេស​​កម្ពុជា កាល​ពី​ឆ្នាំ​១៩៥៦។

លោក ឌឹម សុវណ្ណារុំ មន្រ្តី​កិច្ចការ​សាធារណៈ​របស់​សាលាក្ដី​ខ្មែរ​ក្រហម មាន​ប្រសាសន៍​​ពន្យល់​ថា សវនាការ​បឋម ដែល​ពិភាក្សា​លើ​អញ្ញត្រកម្ម​នានា​មួយ​ចំនួន​នោះ គឺ​​ដើម្បី​មាន​ការ​ជជែក​គ្នា​ឲ្យ​បាន​ច្បាស់លាស់ និង​សម្រេច​ជា​មុន អំពី​ការ​ទាមទារ​នានា​ និង​ដោះ​ស្រាយ​ឲ្យ​ហើយ រវាង​ភាគី ដូច​ជា មេធាវី​ការពារ​​ជន​ជាប់​​ចោទ មេធាវី​ការពារ​ជន​រង​គ្រោះ ព្រះ​រាជអាជ្ញា និង​ចៅក្រម​ជា​ដើម។ ក្នុង​ពេល​នេះ​ដែរ សវនាការបឋម គឺ​ដើម្បី​កំណត់​នីតិវិធី​ឲ្យ​បាន​ច្បាស់លាស់ ថា​តើ​គេ​អាច​អនុញ្ញាត​ឲ្យ​សាក្សី​ប៉ុន្មាន​នាក់ អ្នក​ជំនាញ​ប៉ុន្មាន​នាក់ និង​ដើម​បណ្តឹង​រដ្ឋប្បវេណី​ប៉ុន្មាន​នាក់ អាច​ចូល​រួម​ក្នុង​សវនាការ​លើអង្គ​សេចក្តី ដែល​ជា​សវនាការ​កាត់សេច​ក្ដី នៅ​ពេល​ខាង​មុខ។

នៅ​ក្នុង​ថ្ងៃ​ទី​៣ នៃ​សវនាការ​សំណុំ​រឿងលេខ ០០២ ​នេះ​ដែរ ​មេធាវី​បរទេស​មួយ​រូប បាន​ស្នើសុំ​ឲ្យ​ប្រធាន​ចៅក្រម​សវនាការ​លើក​យក​ករណី​សម្រេច​អំពី​ចំនួន​សាក្សី អ្នក​ជំនាញ ​និង​ចំនួន​ដើម​​បណ្តឹង​រដ្ឋប្បវេណី​មក​ពិភាក្សា ដើម្បី​​សម្រេច​នៅ​ថ្ងៃ​ទី​៤ ផង៕