កម្មករ​រោងចក្រ​កាត់​ដេរ​ជាង​២០០​នាក់​ដួល​សន្លប់

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ថា មាន​កម្មករ​ជាង ២០០​នាក់ នៅ​រោងចក្រ​កាត់​ដេរ​ឈ្មោះ ឃីង ហ្វេស៊ិន (King's Fashion) នៅ​ខណ្ឌ​ដង្កោ ជាយ​ទីក្រុង​ភ្នំពេញ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់លាស់ ចាប់​ទាំង​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា មក។

រថយន្ត​ពេទ្យ​ជា​ច្រើន​គ្រឿង មាន​ដូច​ជា​រថយន្ត​ធុន​ធំ រថយន្ត​សង្គ្រោះ​បន្ទាន់ និង​រថយន្ត​ឯកជន បាន​មក​ដឹក​កម្មករ​រង​គ្រោះ​ជា​បន្តបន្ទាប់​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន។ មាន​គ្រូពេទ្យ​ជា​ច្រើន​នាក់​មក​ពិនិត្យ​នៅ​រោងចក្រ​ផង​ដែរ។

ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា ដែល​បាន​តាមដាន​ករណី​នេះ បាន​មាន​ប្រសាសន៍​ថា ៖ «កម្មករ​គាត់​ប្រាប់ គាត់​អត់​ច្បាស់​ថា​មូលហេតុ​អ្វី​ដែរ ប៉ុន្តែ​ដំបូង​ទ្បើយ​គេ​សង្ស័យ​ថា ពុល​ទឹក ប៉ុន្តែ​ខ្ញុំ​ស្ដាប់​ប្រសាសន៍​របស់​ប៉ូលិស​ម្នាក់ គាត់​បាន​និយាយ គឺ​ថា ដូច​ជា​មិន​ពុល​ទឹក​ទេ ពីព្រោះ​មាន​អ្នក​ដែល​អត់​ញ៉ាំទឹក​ក៏​ពុល​ដែរ។ អ៊ីចឹង​ប្រហែល​ជា​ក្លិន​ក្រណាត់​ច្រើន​ជាង។ ខ្ញុំ​បាន​ឃើញ​មាន​មន្ត្រី​ខាង​បរិស្ថាន និង​ខាង ប.ស.ស. គេ​ទៅ​ដែរ ប៉ុន្តែ​មិន​ដឹង​ថា ហេតុផល​នៃ​ការ​ដួល​សន្លប់​គាត់​រក​ឃើញ​ថា យ៉ាង​ម៉េច​ទេ»

រោងចក្រ​កាត់ដេរ​ឈ្មោះ ឃីង ហ្វេស៊ិន នេះ មាន​កម្មករ​សរុប​ចំនួន​ជាង ៤.០០០​នាក់៕