មន្ត្រីខុទ្ទកាល័យព្រះមហាក្សត្រ លោក អ៊ុំ តារាវុធ បានមានប្រសាសន៍ថា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ បានត្រាស់បញ្ជាឲ្យធ្វើការផ្តល់សម្ភារៈលើកទឹកចិត្តទាហានខ្មែរនេះ តាមរយៈមន្ត្រីចៅហ្វាវាំង លោក គង់ សំអុល ។
លោក អ៊ុំ តារាវុធ មានប្រសាសន៍ដូច្នេះថា ៖ «ឥឡូវនេះ លោកទាំងបីអង្គ ក្នុងនាមព្រះមហាក្សត្របានបញ្ជូនជំនួយទៅប្រាសាទព្រះវិហារសម្រាប់ប្រជាជនយើង យុទ្ធជនយើង និងព្រះសង្ឃដែលគង់នៅក្នុងវត្តប្រាសាទព្រះវិហារនេះ ដោយលោកបានបញ្ជាទៅលោកចៅហ្វាវាំង គង់ សំអុល ម្សិលមិញ ថា ឲ្យយកអង្ករ ត្រីងៀត ត្រីខកំប៉ុង ហើយជាពិសេស តង់សម្រាប់ការបោះជំរំនៅ ព្រោះទាហានយើងរងាអត់មានតង់ ... លោកបញ្ជាឲ្យទិញតង់យកទៅឲ្យទាហានដែលយាមការពារប្រាសាទព្រះវិហារ» ។
ព្រះរាជទានផ្តល់សម្ភារៈលើកទឹកចិត្តទាហាន គឺនៅស្របនឹងដំណើរគណៈប្រតិភូខ្មែរ ដែលគ្រោងនឹងធ្វើដំណើរនៅស្អែកនេះ ទៅប្រទេសថៃ ដើម្បីជួបចរចាលើកដំបូងបំផុត ជាមួយនឹងគណៈប្រតិភូថៃ ក្នុងបំណងចរចាជុំវិញបញ្ហាតានតឹងយោធានៅតំបន់ប្រាសាទព្រះវិហារ ។
គណៈប្រតិភូខ្មែរដែលនឹងធ្វើដំណើរនៅស្អែកនេះ មានចំនួន ១០នាក់ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ។
ការធ្វើដំណើររបស់គណៈប្រតិភូ គឺតាមឧទ្ធម្ភាគចក្រទៅឈប់នៅប៉ោយប៉ែត ហើយពីប៉ោយប៉ែត នឹងធ្វើដំណើរតាមរថយន្តឆ្លងកាត់ព្រំប្រទល់ថៃ ចូលទៅកាន់ខេត្តស្រៈកែវ ដើម្បីជួបចរចាជាមួយគណៈប្រតិភូថៃ ដឹកនាំដោយអគ្គមេបញ្ជាការកងទ័ពថៃ លោក ប៊ុនស្រាង ណុបប្រាឌីត ៕
