អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា មានប្រសាសន៍ថា រហូតមកដល់រសៀលថ្ងៃ២៩ មេសា នេះ គ.ជ.ប ទើបតែទទួលបានពាក្យសុំចុះបញ្ជីឈ្មោះ គណបក្សចូលរួមក្នុងការបោះឆ្នោតតែ៣ ប៉ុណ្ណោះ ។
លោក ទេព នីថា មានប្រសាសន៍ថា ៖ «ពីរថ្ងៃនេះយើងបានទទួលគណបក្ស៣ ទេមកចុះឈ្មោះ ។ ១ គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃ២៨ ហើយទីពីរ គណបក្សសង្គមខ្មែរនិយម ហើយទី៣ គណបក្សហង្សដារ៉ាចលនាប្រជាធិបតេយ្យ» ។
ទោះបីជាយ៉ាងនេះក្តី អ្នកនាំពាក្យគណបក្សនរោត្តម រណឫទ្ធិ លោក មុត ចន្ថា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅល្ងាចថ្ងៃ២៩ មេសា ថា គណបក្សនេះកំពុងរៀបចំឯកសារដើម្បីផ្ញើទៅគ.ជ.ប បើទោះជាគ្មានវត្តមានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សក៏ដោយ ។
លោក មុត ចន្ថា ថ្លែងដូច្នេះថា ៖ «យើងមិនទាន់ដាក់នៅឡើយទេ ប៉ុន្តែយើងមិនឲ្យហួសកាលបរិច្ឆេទរបស់យើងទេ ។ យើងបានរៀបចំរួចរាល់អស់ហើយ គ្រាន់តែថាយើងជ្រើសរើសថ្ងៃដាក់តែប៉ុណ្ណឹង» ។
ដូចគ្នានេះដែរ ប្រធានគណបក្សសិទ្ធិមនុស្ស គឺលោក កឹម សុខា មានប្រសាសន៍ថា គណបក្សលោកនឹងដាក់ពាក្យចូលរួមប្រកួតប្រជែងនៅគ្រប់មណ្ឌលក្នុងទូទាំងប្រទេស ៖ «យើងបានរៀបចំហើយកំពុងតែសម្រិតសម្រាំង ហើយយើងកំណត់ថានឹងដាក់នៅសប្ដាហ៍ក្រោយ ពីព្រោះយើងធ្វើទាំង២៤ ខេត្តក្រុង» ។
រីឯគណបក្សប្រឆាំងធំជាងគេក្នុងប្រទេសកម្ពុជាគឺគណបក្សសមរង្ស៊ី និយាយថា ខ្លួនកំពុងពិចារណាអំពីលទ្ធភាពនៃការចូលរួម ឬ មិនចូលរួមក្នុងការបោះឆ្នោតនេះ ។
អគ្គលេខាធិការគណបក្សលោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ៖ «គណបក្សសមរង្ស៊ីហ្នឹងមិនមានអីត្រូវប្រញាប់ពេកទេ យើងនឹងរៀបចំតាមបែបបទ... ដើម្បីចុះឈ្មោះនៅពេលណាមួយសមរម្យ ។ (សំណួរវិទ្យុអាស៊ីសេរី ៖ សង្ឃឹមថានឹងចូលរួម ១០០% ទេ?) យើងមិនទាន់សម្រេចជាផ្លូវការទេ អាហ្នឹងគឺគណៈមជ្ឈិមបក្សគេនឹងប្រជុំសម្រេចនូវអំឡុងប្រហែលជាចុងសប្ដាហ៍ទី១ នៃដើមខែក្រោយ» ។
ប្រធានគណៈកម្មាធិការអព្យាក្រឹតនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជាបណ្ឌិត ពុទ្ធា ហង្ស មានប្រសាសន៍ថា ថ្វីត្បិតតែមានគណបក្សជាង ៥០ បានចុះឈ្មោះនៅក្រសួងមហាផ្ទៃ តែគណបក្សដែលនឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតថ្ងៃ២៧ កក្កដា ខាងមុខនេះ មិនមានច្រើននោះទេ ៖ «យើងខ្ញុំគិតថាប្រហែលជាមិនគ្រប់ចំនួនដែលចុះឈ្មោះនៅក្រសួងមហាផ្ទៃទេ ពីព្រោះគណបក្សខ្លះលោកអាចនឹងមិនចូលរួមក្នុងការប្រកួតប្រជែងនឹងការបោះឆ្នោតនេះ» ។
គួរបញ្ជាក់ថា ការបោះឆ្នោតសកលអាណត្តិទី១ ឆ្នាំ១៩៩៣ មានគណបក្សចំនួន ២០អាណត្តិ ទី២ ឆ្នាំ១៩៩៨ គណបក្សចំនួន៣៩ អាណត្តិទី៣ ឆ្នាំ២០០៣ មានគណបក្សចំនួន២៣ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលនោះ ៕