មតិ​ពលរដ្ឋ​ខ្មែរ​ជុំវិញ​បញ្ហា​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ

មន្រ្តី​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ជាំសាង៉ាំ​ភាគ​ឧត្តរ​នៃ​ប្រទេស​កម្ពុជា​មាន​ប្រសាសន៍​ថា ថៃ​នៅតែ​មាន​គំនិត​ឈ្លានពាន​រំលោភ​មក​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា ។

0:00 / 0:00

មន្ត្រី​នគរបាល​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «គិត​ទៅ​គំនិត​ថៃ​គឺ​នៅ​ដដែល ដូច​ខ្មែរ​យើង​កាលពី​មុន​ថា គំនិត​ថៃ​ចោរ​គឺ​នៅតែ​ចោរ»

ការដាក់​ទ័ព​ឈ្លានពាន​របស់​កងទ័ព​ទាហាន​ឈុត​ខ្មៅ​របស់​ថៃ​បាន​កើត​មាន​ឡើង​ក្រោយពី​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ និង​ក្រោយពី​ប្រទេស​កម្ពុជា​បាន​បា្ររព្ធ​ពិធី​អបអរសាទរ​ពី​ភាព​ជោគជ័យ​ក្នុង​ការដាក់​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិភណ្ឌ​ពិភពលោក ។

ប្រជាពលរដ្ឋ​កត់សម្គាល់​ថា​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ថៃ​បាន​ធ្វើ​សកម្មភាព​ចល័ត​ទ័ព រថពាស​ដែក និង​កាំភ្លើង​តូច​ធំ​គ្រប់​ប្រភេទ ហើយ​បាន​តម្រង់​ទិសដៅ​មក​ប្រទេស​កម្ពុជា ៖ «ថ្ងៃ​ហ្នឹង​ឃើញ​តែ​កាំភ្លើង​ធំ​ដឹក​ចូល​ពេល​យប់ ដល់​ពេល​កូន​ខ្ញុំ​ចូល​ទៅ​ទិញ​អីវ៉ាន់​ថៃ វា​ថា​ឃើញ​គេ​ដាក់»

រីឯ​លោក​វរសេនីយ៍​ឯក នាក់ វង្ស មេ​បញ្ជាការ​កងពល​៤២ បាន​មាន​ប្រសាសន៍​ថា​ទាហាន​ឈុត​ខ្មៅ​ថៃ​ជាង​៣០០​នាក់ កាលពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា បាន​ឈ្លានពាន​ចូល​ពង្រាយ​កម្លាំង​យ៉ាង​កំរោល​មក​ហួស​ប្រាសាទ​តាមាន់​ធំ​របស់​ខ្មែរ​លើ​ខ្នង​ភ្នំ​ដងរែក​ចម្ងាយ​៣០០​ម៉ែត្រ នៅ​ភាគ​ឧត្តរ​នៃ​ប្រទេស​កម្ពុជា ។

លោក​វរសេនីយ៍​ឯក នាក់ វង្ស បាន​មាន​ប្រសាសន៍​ថា ៖ «រឿង​នេះ​មែនទែន យើង​មាន​ការប្រយុទ្ធ​ដែរ មិនមែន​អត់​ប្រយុទ្ធ​ទេ តែ​យើង​ប្រយុទ្ធ​យ៉ាង​ម៉េច គឺ​យើង​ដាក់​កម្លាំង យើង​មក​ពី​ខាង​ក្រោយ​ដើម្បី​ធ្វើ​ឲ្យ​វា​ភ័យ​ដែរ នៅ​ថ្ងៃ​ហ្នឹង​យើង​យក​កម្លាំង​ដាក់ ដល់​ពេល​អ៊ីចឹង​វា​នៅ​ពី​មុខ​យើង វា​ត្រូវតែ​ដក ។ កម្លាំង​វា​មក​៣០០​នាក់​ជាង»

សុផល មុន្នី ៖ ហើយ​នៅ​ពេល​ហ្នឹង​តើ​យើង​អាច​ដាក់​កម្លាំង​យើង​ប៉ុន្មាន​នាក់​ដែរ ?

នាក់ វង្ស ៖ ខ្ញុំ​ឡើង​មក​២២០​នាក់ ។ ខ្ញុំ​ឡើង​មក​លើ​នេះ (ខ្នង​ភ្នំ​ដងរែក) តែ​៥០​នាក់​ទេ ។

យោង​តាម​ការអង្កេត​ជាក់ស្តែង​នៅ​លើ​ខ្នង​ភ្នំ​ដងរែក​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​បន្សល់​ទុក​នូវ​ក្រណាត់​ពណ៌​លឿង និង​កំណាត់​ឈើ​ចង​ជាប់​តាម​ដើម​ឈើ​ក្រោយពី​ការដក​ចេញ​កាលពី​ថ្ងៃ​ទី​៥ សីហា ឆ្នាំ​២០០៨ ។

លោក​វរសេនីយ៍​ឯក នាក់ វង្ស មេ​បញ្ជាការ​កងពល​៤២​បាន​ថ្លែង​ថា មុន​ការដក​ចេញ​កងទ័ព​ភាគី​ទាំង​ពីរ​បាន​ប្រឈម​មុខ​ដាក់​គ្នា ប៉ុន្តែ​មិន​មាន​ការផ្ទុះ​អាវុធ​អ្វី​កើត​ឡើង​ដែរ ។

លោក​វរសេនីយ៍​ឯក នាក់ វង្ស បាន​បញ្ជាក់​ថា ៖ «យើង​មក​ដេញ​ឲ្យ​ទៅ​វិញ មិនមែន​ជា​រឿង​ធម្មតា​ទេ គឺ​មក​ដេញ​ឲ្យ​ទៅ​តែម្ដង យើង​មិន​ឲ្យ​នៅ»

សុផល មុន្នី ៖ យើង​ប្រាប់​គេ​ថា​ម៉េច​ខ្លះ​នៅ​ពេល​ហ្នឹង ?

នាក់ វង្ស ៖ យើង​ប្រាប់​គេ​ថា លោក​មក​នេះ​មក​ហួស​ខុស​ពី​ភាព​ធម្មតា បាន​ន័យ​ថា លោក​ចល័ត​និង​កិល​មក​មុខរំ​លោភ​ចូល​ដី​ខ្មែរ អ៊ីចឹង​លោក​ត្រូវតែ​ដក​ចេញ ។

ទោះ​ជា​ថៃ​បាន​ដក​ទ័ព​ចូល​បន្ទាយ​របស់​ខ្លួន​វិញ កាលពី​ថ្ងៃ​ទី​៥ សីហា ក៏ដោយ តែ​ទាហាន​ឈុត​ខ្មៅ​ថៃ​នៅតែ​កាន់កាប់​ប្រាសាទ​តាមាន់​ធំ​ដដែល ចំណែក​កងទ័ព​កម្ពុជា​ដែល​ឈរ​ជើង​ការពារ​នៅ​ទី​នោះ​ថៃ​មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​បរិវេណ​ប្រាសាទ​តាមាន់​ធំ​នោះ​ឡើយ ។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​៨ ខែ​៨ ឆ្នាំ​២០០៨ ទាហាន​ឈុត​ខ្មៅ​ថៃ​ជាង​១០​នាក់​បាន​ចេញ​មក​ពី​បន្ទាយ​របស់​ខ្លួន​ខាង​ក្រោយ ចូល​មក​ក្នុង​បរិវេណ​ប្រាសាទ​តាមាន់​ធំ ហាមឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ទៅ​ខាង​ក្នុង​បរិវេណ​ប្រាសាទ ដើម្បី​ប្រារព្ធ​ពិធី​បួងសួង​តាម​បែប​ព្រហ្មញ្ញ​សាសនា​នៅ​ទី​នោះ​ទេ ។

លោក​វរសេនីយ៍​ឯក នាក់ វង្ស មេ​បញ្ជាការ​កងពល​៤២​បាន​ថ្លែង​ថា លោក​បាន​ស្នើសុំ​ទៅ​ភាគី​ថៃ​ដើម្បី​ឲ្យ​ពុទ្ធបរិស័ទ​ខ្មែរ​ដែល​ដឹកនាំ​ដោយ​លោក មឿង សុន ប្រធាន​សមាគម​ទ្រទ្រង់​អរិយធម៌​ខ្មែរ ចូល​ទៅ​ធ្វើ​ពិធី​ក្នុង​ទី​ប្រាសាទ​នោះ ប៉ុន្តែ​ត្រូវ​បាន​ខាង​ភាគី​ថៃ​បដិសេធ​មិន​ឲ្យ​ចូល​ដោយ​និយាយ​ថា រង់ចាំ​បទបញ្ជា​ពី​មេ​បញ្ជាការ​ថៃ​ក្នុង​រយៈពេល​២​សប្តាហ៍​ទៀត ។

លោក​វរសេនីយ៍​ឯក នាក់ វង្ស បាន​ឲ្យ​ដឹង​ថា ៖ «យើង​បាន​សុំ​គេ​ហើយ យើង​បាន​ជម្រាប​គេ​មុន​ហើយ ក៏ប៉ុន្តែ​គេ​ឆ្លើយ​ថា​រង់ចាំ​បទបញ្ជា​ពី​ថ្នាក់លើ​គេ​ពីរ​សប្តាហ៍ ។ គេ​អត់​ថា​ម៉េច​ទេ គេ​ឲ្យ​រង់ចាំ​បទបញ្ជា​សិន»

លោកស្រី ព្រាប ស៊ីណូរ៉ា ដែល​បាន​ខំ​ប្រឹង​ធ្វើ​ដំណើរ​ឡើង​ទៅ​ដល់​ខ្នង​ភ្នំ​ដងរែក​នោះ បាន​សម្តែង​ការខក​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​ជនជាតិ​ខ្មែរ​មិន​អាច​ចូល​ទៅ​កាន់​ប្រាសាទ​តាមាន់​ធំ​របស់​ខ្មែរ​បាន ។

លោកស្រី​បាន​បន្ត​ថា​សៀម​មិន​គោរព​នូវ​អធិបតេយ្យភាព​របស់​ខ្មែរ មិន​គោរព​ច្បាប់​អន្តរជាតិ ហើយ​សៀម​មិន​គោរព​នូវ​កិច្ច​ព្រមព្រៀង​ក្នុង​នាម​ប្រទេស​ជា​អាស៊ាន​ទេ ។

លោកស្រី ព្រាប ស៊ីណូរ៉ា បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​សប្បាយ​រីករាយ​ដែល​បាន​មក​ឃើញ​ប្រាសាទ​របស់​ខ្មែរ តែ​ខ្ញុំ​មាន​ការទោមនស្ស​យ៉ាង​ខ្លាំង​ដែល​ឃើញ​ប្រាសាទ​ខ្មែរ​ហើយ​ខ្មែរ​មិន​អាច​ចូល​បាន ។ សៀម​ឈ្លានពាន​ខ្មែរ សៀម​អត់​គោរព​នូវ​ច្បាប់​អន្តរជាតិ ពួក​យើង​ស្ថិត​នៅ​ក្នុង​អាស៊ាន​ទាំងអស់​គ្នា គួរ​ណា​តែ​សៀម​គោរព​ច្បាប់​របស់​អាស៊ាន​ផង»

លោក សាយ វណ្ណារ៉េត មេ​បញ្ជាការ​កង​៥០៣ ការពារ​ព្រំដែន​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា បាន​ដាក់​ការសង្ស័យ​ថា​ថៃ​បាន​ប្រើ​យុទ្ធវិធី​កងទ័ព គ្រឿង​សព្វាវុធ ចល័ត​នៅ​តាម​ព្រំដែន​ជា​បន្ត​បន្ទាប់​នោះ ទំនង​គ្រាន់តែ​ជា​រូបភាព​មួយ​ដើម្បី​ដាក់​សម្ភាធ​គាប​សង្កត់​នយោបាយ​ការទូត​បង្ខំ​មក​លើ​រដ្ឋាភិបាល​ខ្មែរ​ឲ្យ​បើក​ការចរចា​ជាមួយ​ខ្លួន​តែប៉ុណ្ណោះ ។

ពាក់ព័ន្ធ​នឹង​សភាពការណ៍​តានតឹង​នៃ​ការប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​ទាំង​ពីរ​នៅ​តាម​ក្រវ៉ាត់​ព្រំដែន​ជា​បន្ត​បន្ទាប់​នា​ពេល​កន្លងមក ប្រទេស​ទាំង​ពីរ​បាន​ជួប​ចរចា​គ្នា​ចំនួន​ពីរ​លើក​រួច​មក​ហើយ ជំនួប​ទី​មួយ​គឺ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២១ ខែ​កក្កដា នៅ​ក្នុង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ រវាង​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​លើក​ទី​២ នៅ​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា រវាង​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ​ទាក់ទង​បញ្ហា​ព្រំដែន​និង​ការប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ។

កម្ពុជា​ថៃ​គ្រោង​ជួប​គ្នា​ជា​ថ្មី​ម្តង​ទៀត រវាង​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​ប្រទេស​ថៃ នា​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ ២០០៨ នេះ ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​និង​មេ​បញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​ការពារ​នៅ​តាម​ព្រំដែន​បាន​ថ្លែង​ប្រហាក់​ប្រហែល​គ្នា​ថា ពួក​គេ​មិន​ចង់​ឲ្យ​កើត​មាន​នូវ​សង្រ្គាម​ដែល​នាំ​មក​នូវ​ការបង្ហូរ​ឈាម​ទេ ប៉ុន្តែ​រដ្ឋាភិបាល​ខ្មែរ​គួរ​ធ្វើ​យ៉ាង​ណា​រៀបចំ​ប្តឹង​ទៅ​អង្គការ​សហ​ប្រជាជាតិ ដើម្បី​ទាមទារ​យក​ទឹក​ដី​និង​រាល់​ប្រាសាទ​ទាំងឡាយ​ដែល​សៀម​កំពុង​ឈ្លានពាន​នោះ​មក​វិញ ៖ «សំណូមពរ​រដ្ឋាភិបាល​ឲ្យ​គិតគូរ​នូវ​ប្រាសាទ​ទាំងឡាយ​ដែល​ត្រូវ​គេ​ឈ្លានពាន ដែល​យើង​មាន​ប្រាកដ​ថា​ដី​របស់​យើង​ហើយ ។ សូម​ឲ្យ​ធ្វើការ​ប្ដឹង​ទៅ​អង្គការ​សហ​ប្រជាជាតិ ដើម្បី​ជួយ​ឲ្យ​បាន​ប្រាសាទ​ហ្នឹង​មក​ជា​របស់​ខ្មែរ​យើង ។ ខ្ញុំ​ចេះតែ​គិត​ថា​រឿង​ជាតិ​វា​ធំ​ជាង​រឿង​អី​ទាំងអស់ រឿង​ស្អី​ដទៃ​ទៀត បើសិន​ជា​អត់​ជាតិ​យើង​ត្រូវ​រលាយ»