យោងតាមរដ្ឋធម្មនុញ្ញដែលបានតាក់តែងឡើងកាលពីឆ្នាំ១៩៩៣ បានចែងថា ព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិ តែព្រះអង្គមិនកាន់អំណាចទេនោះ ប្រជាពលរដ្ឋខ្មែរមានមតិខុសៗគ្នា ចំពោះព្រះរាជបេសកកម្មបម្រើមាតុភូមិរបស់ព្រះអង្គ ។
ប្រជាពលរដ្ឋម្នាក់ដែលមានមុខរបរជាអ្នករត់ម៉ូតូឌុបមានទីលំនៅស្រុកបាទីខេត្តតាកែវ គឺលោក ទី ភាជ មានប្រសាសន៍ថា ក្នុងអារម្មណ៍របស់គាត់ព្រះមហាក្សត្រខ្មែរ ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី គឺជាក្សត្រមួយអង្គគួរជាទីគោរពសក្ការៈ និងជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជាពលរដ្ឋខ្មែរៗគ្រប់រូប ។
លោក ទី ភាជ ថ្លែងដូច្នេះថា ៖ «រាល់ថ្ងៃខ្ញុំស្រលាញ់ព្រះមហាក្សត្រ ព្រោះព្រះមហាក្សត្រជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្ត្រទូទៅ ទោះបីជានៅក្នុងមជ្ឈដ្ឋានក្នុងសង្គមយើង ឬក៏ទៅខាងក្រៅ ក៏គេគោរពខ្លបខ្លាចព្រះអង្គ ហើយខ្ញុំសំណូមពរថាចង់ឲ្យព្រះអង្គគង់ជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្រ្តទូទៅជាដរាប» ។
លោក ទី ភាជ ថ្លែងដូច្នេះថា ៖«រាល់ថ្ងៃខ្ញុំស្រលាញ់ព្រះមហាក្សត្រ ព្រោះព្រះមហាក្សត្រជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្ត្រទូទៅ ...»។
កសិករវ័យ៥១ឆ្នាំ មានទីលំនៅៗទីក្រុងប៉ៃលិនឈ្មោះ ម៉ា ណារិន មានប្រសាសន៍ថា ថ្វីត្បិតតែព្រះអង្គជាព្រះមហាក្សត្រដែលមានព្រះរាជហឫទ័យពោរពេញដោយក្តីសណ្តោសប្រណីនិងជួយប្រជាពលរដ្ឋគ្រប់ពេលវេលា ប៉ុន្តែ ព្រះអង្គគួរតែជួយប្រជាពលរដ្ឋបន្ថែមទៀត លើបញ្ហាយុត្តិធម៌ ។
លោក ម៉ា ណារិន បានបន្តថា គឺមានតែព្រះមហាក្សត្រទេ ដែលអាចជួយកែលំអប្រព័ន្ធយុត្តិធម៌នៅកម្ពុជាបាន ៖ «ក្នុងនាមព្រះអង្គជាប្រធានឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម មានតែជួយដោះស្រាយរាស្រ្តតាមរយៈប្រព័ន្ធយុត្តិធម៌ហ្នឹងសំខាន់បំផុត ព្រោះបច្ចុប្បន្ននេះ ប្រព័ន្ធយុត្តិធម៌វាយ៉ាប់មែនទែន នៅស្រុកខ្មែរ កន្លែងណា ក៏ដូចកន្លែងណាដែរ វាដូចជាទៅទាំងស្រុងទៅហើយ ។ ចង់ឲ្យព្រះមហាក្សត្ររៀបចំឧត្ដមក្រុមប្រឹក្សាអង្គចៅក្រមហ្នឹងដើម្បីត្រួតពិនិត្យតុលាការហ្នឹងឲ្យបានដិតដល់» ។
ជាមួយការកោតគោរព ព្រមទាំងមានជំនឿទុកចិត្តទាំងស្រុងចំពោះព្រះបញ្ញាញាណដ៏ឆ្លាតវៃនៃអង្គព្រះមហាក្សត្រលើការដឹកនាំប្រទេសជាតិក្នុងនាមជាមហាក្សត្រក្នុងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ គិលានុប្បដ្ឋាយិកា មន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត អ្នកស្រី សោម ច័ន្ទមុនី មានប្រសាសន៍ថា ៖ «ចំពោះព្រះមហាក្សត្របច្ចុប្បន្ន លោកជាអ្នកល្អដែរ ជួយប្រជារាស្រ្ត ឃើញក្រីក្រក្មេងក្មាងនៅតាមជនបទអី ហើយឥរិយាបថសម្ដេចដូចទន់ភ្លន់តាំងពីដូនតា ពូជពង្សវង្សត្រកូល របស់ព្រះអង្គ ហើយតាមប្រជារាស្ត្រអីមើលទៅមតិភាគច្រើនក៏គេចូលចិត្តព្រះអង្គដែរ ព្រោះព្រះអង្គនៅក្មេងមែនតែលោកវៃឆ្លាត ហើយម្យ៉ាងលោកអត់មានគ្រួសារ ប្រពន្ធកូនអីអ៊ីចឹងលោកត្រូវតែជួយជាតិហើយអាហ្នឹង» ។
ទោះបីជាយ៉ាងនេះក្តី អ្នកស្រីបានសំណូមពរសូមឲ្យព្រះមហាក្សត្រជួយកសាងមន្ទីរពេទ្យជូនប្រជាពលរដ្ឋ នៅតាមជនបទបន្ថែមទៀត ៖ «ព្រះអង្គសព្វថ្ងៃលោកជួយប្រជារាស្ត្រហើយ ប៉ុន្តែដូចថាជួយសមិទ្ធផលឲ្យកកើតឡើងឲ្យធំធេងលើសពីហ្នឹងតទៅទៀត ព្រោះប្រជារាស្ត្រនៅតាមជនបទនៅក្រីក្រណាស់ តាមខ្ញុំមើលឃើញទៅ អ្នកមកឈឺអីខ្វះខាតគ្មានថវិកា គ្មានសោហ៊ុយអីមកមើលទៅខ្វះខាតច្រើនណាស់ ។ រាលថ្ងៃហ្នឹងព្រះអង្គលោកបានជួយធំដុំបង្កើតជាមន្ទីរពេទ្យ ជួយបង្កើតជាសាលារៀននៅតាមខេត្តជនបទអីថែមតទៅទៀត អាហ្នឹងចេះតែល្អហើយ» ។
ផ្ទុយពីអ្នកស្រី សោម ច័ន្ទមុនី គ្រូបង្រៀននៅវិទ្យាល័យទ្រាលក្នុងខេត្តកំពង់ធំ លោក ស៊ុន ធន់ មានប្រសាសន៍ថា ថ្វីត្បិតតែព្រះអង្គបានបំពេញព្រះរាជបេសកកម្មជូនជាតិជាច្រើនមកហើយ ប៉ុន្តែហាក់ពុំទាន់គ្រប់គ្រាន់តាមរដ្ឋធម្មនុញ្ញនៅឡើយ ។
លោក ស៊ុន ធន់ បញ្ចេញមតិដូច្នេះថា ៖ «ជាទស្សនៈខ្ញុំផ្ទាល់ ដើម្បីឲ្យប្រយោជន៍ជាតិឲ្យបានល្អ គឺថាត្រូវតែគោរពតាមច្បាប់រដ្ឋធម្មនុញ្ញមានសមាជជាតិអីអ៊ីចឹង ហើយមហាក្សត្រត្រូវផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ដែលរងទុក្ខវេទនា គ្រូបង្រៀន មន្រ្តីរាជការតូចតាច ប្រជាពលរដ្ឋក្រីក្ររងគ្រោះ ។ ត្រូវឲ្យប្រជាពលរដ្ឋមានសិទ្ធិជួបថ្វាយញត្តិជួបផ្ទាល់ ដើម្បីសម្ដែងទុក្ខកង្វល់ហ្នឹង ឲ្យមហាក្សត្រទទួល ហើយឲ្យមហាក្សត្រមានលទ្ធភាពជួយដោះស្រាយរឿងហ្នឹង ជួយដោះស្រាយទុក្ខកង្វល់នេះឲ្យបាន ។ បើមហាក្សត្រមានសិទ្ធិអំណាចបានដូចស្រុកថៃអី មានឱកាសឲ្យរាស្រ្តគេអាចទូលញត្តិបានអីអ៊ីចឹង បានខ្ញុំពេញចិត្ត» ។
រីឯយុវតី ទូរ្យ ណារីតា និស្សិតឆ្នាំទី២ នៃសកលវិទ្យាល័យបៀលប្រាយ ទីក្រុងភ្នំពេញនិយាយថា សម្រាប់យុវវ័យជាទូទៅគឺគោរពនិងស្រឡាញ់អង្គព្រះមហាក្សត្រព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី គ្រប់ៗគ្នា ៖ «ព្រះអង្គគឺជាព្រះមហាក្សត្រមួយដែលមានទសពិធរាជធម៌ ទ្រង់តែងតែគិតដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ មិនថាប្រជាពលរដ្ឋ ឬកូនចៅទ្រង់ជួបនូវឧបទ្ទវហេតុ ដូចជាគ្រោះរាំងស្ងួត ឬមួយក៏ជួបនូវគ្រោះទុរ្ភិក្សអ្វីក៏ដោយ នៅឆ្ងាយដល់ណាក៏ដោយ ក៏ព្រះអង្គទ្រង់តែងតែផ្ដល់នូវអំណោយផ្សេងៗ ដើម្បីជួយកូនចៅព្រះអង្គ ។ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ ព្រះអង្គពេលខ្លះទ្រង់ក៏បានចុះទៅជួបផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋដែលរស់នៅឆ្ងាយៗយ៉ាងណាក្ដី ក៏ទ្រង់ខំធ្វើឲ្យអស់កម្លាំងកាយចិត្ត ដើម្បីបម្រើប្រជាពលរដ្ឋរបស់ទ្រង់» ។
យ៉ាងណាក៏ដោយ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មាយុគម្រប់ ៥៥ យាងចូល ៥៦ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ១៤ ឧសភានោះ ក្រៅពីការផ្តល់មតិយោបល់របស់ខ្លួនប្រជាពលរដ្ឋទាំងនោះក៏បានថ្វាយនូវព្រះស័ព្ទសាធុការពរចំពោះព្រះមហាក្សត្រព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី គ្រប់ៗគ្នា ។
ក្នុងព្រះរាជពិធីចម្រើនព្រះជន្មនេះផងដែរ រាជរដ្ឋាភិបាលខ្មែរ ក៏បានផ្តិតព្រះឆាយាល័ក្ខណ៍របស់ព្រះអង្គលើក្រដាសប្រាក់ ២០.០០០រៀល ដែលទើបបោះពុម្ពថ្មីដើម្បីជាកិច្ចអបអរសាទរ ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីព្រះមហាវីរក្សត្រ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ទ្រង់បានដាក់រាជ្យ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ត្រូវបានឧត្តមក្រុមប្រឹក្សារាជបល្ល័ង្កជ្រើសតាំងឲ្យឡើងគ្រងរាជសម្បត្តិកាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០០៤ ៕