អ្នកហោរាសាស្ត្របានទស្សន៍ទាយនៅថ្ងៃសុក្រ ទី២៣ ឧសភានេះថា ប្រទេសកម្ពុជានៅក្នុងឆ្នាំនេះនឹងទទួលបានផលស្រូវល្អបង្គួរ ៖ «ទូលព្រះបង្គំសូមព្រះរបមរាជានុញ្ញាតទូលថ្វាយនិងជម្រាបជូនអំពីការផ្សងប្រផ្នូលតាមរយៈគោឧសភរាជឲ្យបរិភោគអាហារទាំង៧មុខទៅតាមតម្រាពីបរមបុរាណហើយដែលគោឧសបរាជបានបរិភោគអាហារដូចតទៅ ៖ ១ ស្រូវទទួលផលបានបង្គួរ ២ សណ្ដែកក្នុងឆ្នាំនេះទទួលផលបានមធ្យម ៣ ពោតក្នុងឆ្នាំនេះទទួលផលបានល្អ» ។
ការទស្សន៍ទាយនេះបានធ្វើឡើងដោយព្រាហ្មណ៍ព្រះរាជគ្រូ កង កេន ដែលផ្អែកតាមបរិមាណអាហារដែលគោព្រះឧសភរាជបានបរិភោគក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ក្រោមរាជអធិបតីភាពរបស់ព្រះរាជាខ្មែរ ព្រះបរមនាថ នរោត្ដម សីហមុនី ដែលប្រព្រឹត្តទៅនៅវាលព្រះមេរុ ស្ថិតនៅជាប់នឹងព្រះបរមរាជវាំង ។
បន្ទាប់ពីបានលែងគោព្រះឧសភរាជឲ្យបរិភោគអាហារទាំង៧មុខរួមមាន ស្រូវ ពោត ល្ង សណ្ដែក ស្មៅ ទឹក និងសុរា ដើម្បីផ្សងប្រផ្នូលពីទិន្នផលនាពេលខាងមុខ គេសង្កេតឃើញថា គោព្រះឧសភរាជ បានបរិភោគអាហារបីមុខ គឺបរិភោគស្រូវបានច្រើនបង្គួរ ពោតបានច្រើន និងសណ្ដែកបានមធ្យម ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន មានសេចក្ដីសង្ឃឹមថា ឆ្នាំនេះទិន្នផលកសិកម្មនឹងមានភាពល្អប្រសើរ ដូចទៅតាមការទស្សន៍ទាយរបស់ព្រាហ្មណ៍ព្រះរាជគ្រូ ប៉ុន្តែលោកបានមានប្រសាសន៍ថា ទិន្នផលបានល្អមិនល្អគឺអាស្រ័យលើកសិករនិងលទ្ធភាពទឹកផងដែរ ។
លោករដ្ឋមន្ត្រីក្រសួងកសិកម្មក៏បានមានប្រសាសន៍ផងដែរថា ក្រសួងបានជំរុញឲ្យប្រជាកសិករធ្វើការដាំដុះស្រូវស្រាលនាដើមរដូវវស្សានេះ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដើម្បីបង្កើនទិន្នផល ។
លោក ច័ន្ទ សារុន បានមានប្រសាសន៍ថា ៖ «តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំគិតថាវានៅលើកសិករ កាលណាមានទឹកគឺធ្វើហើយ ប៉ុន្តែបុណ្យប្រព្រឹត្តជាប្រពៃណីជាធម្មតាយ៉ាងដូច្នេះ ។ ឥឡូវនេះគឺកំពុងតែភ្លៀងដើមឆ្នាំយ៉ាងដូច្នេះ ខ្ញុំកំពុងជំរុញស្រូវស្រាលដើមរដូវ ដើម្បីធ្វើម៉េចឲ្យផលិតផលកាន់តែកើនឡើងថែមទៀត» ។
នៅក្នុងកិច្ចប្រារព្ធរាជពិធីបុណ្យច្រត់ព្រះនង្គ័លនោះ អនុប្រធានទីពីរនៃព្រឹទ្ធសភា លោក ទេព ងន គឺជាស្ដេចមាឃ ហើយភរិយារបស់លោកគឺជាមេហួ ហើយនិងមានអ្នកមកទស្សនាការប្រារព្ធរាជពិធីនោះចំនួនជាង ១ពាន់នាក់ ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លត្រូវបានប្រារព្ធជារៀងរាល់ដើមរដូវវស្សាតាំងពីបុរាណកាលរៀងមក ដើម្បីបួងសួងសូមឲ្យមានភ្លៀងធ្លាក់ឲ្យបានច្រើន សម្រាប់ការបង្កបង្កើនផលកសិកម្ម និងធ្វើការទស្សន៍ទាយពីផលដែលអាចនឹងទទួលបាននារដូវខាងមុខ ។
នៅក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនោះ មានការដាក់តាំងបង្ហាញដល់សាធារណជននូវផលិតផលរបស់ក្រសួងមួយចំនួនរួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងទេសចរណ៍ ។ ការតាំងបង្ហាញផលិតផលទាំងនេះ នឹងបន្តរយៈពេល៧ថ្ងៃទៀតសម្រាប់ឲ្យប្រជាពលរដ្ឋមកទស្សនា ៕
