នាយក​រដ្ឋមន្ត្រី​ប្រកាស​ឲ្យ​នគរបាល​ប្រកួត​ប្រជែង​គ្នា​ថែ​រក្សា​សន្តិសុខ

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ឲ្យ​អាជ្ញាធរ​នគរបាល​នានា​នៅ​មូលដ្ឋាន ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា​ក្នុង​ការងារ​ថែ​រក្សា​សន្តិសុខ នៅ​តាម​ភូមិ​ឃុំ នៅ​ទូទាំង​ប្រទេស។
ដោយ សុខ សេរី
2010.05.17
ហ៊ុនសែន​៣០៣ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា
AFP Photo

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​១៧ ឧសភា​នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​យក​ស្នាដៃ​ក្នុង​ចំណោម​មន្ត្រី​នគរបាល​នានា ដើម្បី​ការពារ និង​រក្សា​សណ្ដាប់ធ្នាប់​សង្គម និង​សន្តិសុខ​នៅ​មូលដ្ឋាន ដូច​ជា​ភូមិ​ឃុំ​នៅ​ទូទាំង​ប្រទេស ប្រឆាំង​នឹង​អំពើ​ប្លន់ អំពើ​ចាប់​រំលោភ​ស្តី្រ​ភេទ និង​កុមារ ប្រឆាំង​អំពើ​ជួញដូរ​គ្រឿង​ញៀន ជួញដូរ​មនុស្ស និង​ការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង។

ការ​ប្រកាស​ឲ្យ​អនុវត្ត​លើ​ផែនការ​នេះ គឺ​ត្រូវ​ចាប់ផ្ដើម​ជា​លើក​ដំបូង​ចាប់​ពី​ពេល​នេះ​ត​ទៅ រហូត​ដល់​ឆ្នាំ​២០១១។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី​៦៥ នៃ​ការ​បង្កើត​នគរបាល​ជាតិ​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៤៥​មក។

លោក ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​ពិធី​នោះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​មន្ត្រី​នគរបាល​ចំនួន​ជាង ៥០០​នាក់ នៅ​ក្នុង​សាល​មហោស្រព​ចតុមុខ ក្នុង​ទីក្រុង​ភ្នំពេញ​ថា ៖ «ចលនា​ប្រឡង​ប្រណាំង​មួយ​នេះ ពី​នេះ​ដល់​ឆ្នាំ​ក្រោយ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា ឆ្នាំ​ក្រោយ​ប្រធានបទ​នេះ​អាច​នឹង​មិន​ទាន់​ចប់​ទេ នឹង​បន្ត​ទៅ​ទៀត ដំណាក់កាល​បន្ត​ទៅ​ទៀត ព្រោះ​វា​សំខាន់។ បើ​សន្តិសុខ​នៅ​តាម​ភូមិ​ឃុំ​បាន​សម្រេច​ហើយ គឺ​មាន​ន័យ​ថា ទូទាំង​ប្រទេស​ក៏​សម្រេច​បាន ហើយ​បញ្ហា​សន្តិភាព​របស់​យើង ដែល​យើង​ចង់​បាន មិន​មែន​គ្រាន់​តែ​ជា​បញ្ហា​បាត់​ស្នូរ​អាវុធ ឈប់​ច្បាំង​គ្នា​នោះ​ទេ ក៏​ប៉ុន្តែ​យើង​ចង់​ឲ្យ​សន្តិភាព​កើត​ឡើង​សម្រាប់​ប្រជា​ពលរដ្ឋ​របស់​យើង ទាំង​ផ្លូវ​កាយ​ហើយ​ផ្លូវ​ចិត្ត​ទៀត។ គាត់​មិន​បារម្ភ​ពី​ចោរ​ប្លន់ គាត់​មិន​បារម្ភ​អំពី​ការ​វាយ​ប្រហារ​នានា។ នេះ​ទើប​ជា​សន្តិភាព​ពិត​ប្រាកដ»

ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​វាំងចាស់ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ដែល​កាល​ពី​ថ្មី​ៗ​នេះ បាន​ត្អូញត្អែរ​អំពី​ក្មេង​ទំនើង​ដែល​តែងតែ​បង្ក​ការ​អុកឡុក​ប្រើ​អំពើ​ហិង្សា និង​ជក់​គ្រឿង​ញៀន បាន​ថ្លែង​សាទរ​ថា  ផែនការ​នេះ​អាច​ជោគជ័យ​ទៅ​បាន លុះ​ត្រា​តែ​មន្ត្រី​នគរបាល​នៅ​មូលដ្ឋាន​មិន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ៖ «សំណូមពរ​ឲ្យ​រាជ​រដ្ឋាភិបាល​ជួយ​យ៉ាង​ម៉េច​បង្ក្រាប​ក្មេង​ទំនើង​ហ្នឹង ពួក​ជក់​គ្រឿង​ញៀន​ហ្នឹង! បំបាត់​ចោល​អំពើ​ទាំង​អស់​ហ្នឹង​ទៅ ពីព្រោះ​ខ្ញុំ​ខ្លាច​អំពើ​ហ្នឹង​ណាស់! បាតុភាព ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ​ស្រុក​ទេស​យើង​វា​យ៉ាង​ម៉េច​ៗ​ណា៎!»

ប្រភព​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​កម្លាំង​នគរបាល​សរុប​ចំនួន ៥៥០០០​នាក់ ដោយ​មិន​ទាន់​គិត​កម្លាំង​កង​រាជ​អាវុធ​ហត្ថ និង​យោធា​នៅ​ឡើយ​ទេ។

អគ្គ​ស្នងការ​នគរបាល​ជាតិ​កម្ពុជា លោក​ឧត្ដមសេនីយ៍​ឯក នេត សាវឿន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី​៦៥ នៃ​ការ​បង្កើត​នគរបាល​ជាតិ​កម្ពុជា​នោះ ថា ៖ «យើង​បាន​ម្ចាស់ការ​ទប់​ស្កាត់​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​ឧបាយកល​បំបែក​បំបាក់​សាមគ្គី​ភាព​ប្រជាជាតិ ការ​បង្ក​អស្ថិរភាព អសន្តិសុខ​នយោបាយ ការ​ប៉ុនប៉ង​ចលាចល វឹកវរ​សង្គម។ ជា​ពិសេស​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ពុះពារ​ទប់​ស្កាត់​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ​នៅ​តំបន់​ព្រំដែន​ប៉ែក​ខាង​លិច ដោយ​ការពារ​បាន​យ៉ាង​ម៉ត់ចត់ និង​គត់​មុត នូវ​អធិបតេយ្យ និង​បូរណភាព​ទឹក​ដី​របស់​ជាតិ»

របាយការណ៍​ពិស្ដារ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​កម្ពុជា​សម្រាប់​ឆ្នាំ​២០០៩ កន្លង​ទៅ​នេះ បាន​ឲ្យ​ដឹង​ថា បទល្មើស​បាន​កើន​ឡើង ១៩,៩៦% លើស​ឆ្នាំ​២០០៨​កន្លង​ទៅ គឺ​ឆ្នាំ​២០០៩ មាន​ចំនួន ៣៤៥៦​ករណី ប្រៀបធៀប​នឹង​ឆ្នាំ​២០០៨ គឺ​មាន​ចំនួន ២៨៨១​ករណី។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា សមត្ថកិច្ច​បាន​ទប់​ស្កាត់ និង​បង្ក្រាប​ក្មេង​ទំនើង​បាន​ចំនួន ១៧៤៩​លើក ដោយ​មាន​ការ​អប់រំ, ចាត់​វិធានការ​រដ្ឋបាល​ចំនួន ១១២៥​លើក និង​ឲ្យ​ចុះ​កិច្ច​សន្យា​ចំនួន ២៤៤២​នាក់, អនុវត្ត​វិធានការ​ច្បាប់​ចំនួន ១២៨​លើក និង​បាន​ចាប់​ខ្លួន​មុខសញ្ញា​ក្មេង​ទំនើង​ចំនួន ៤៥៤​នាក់​ឲ្យ​តុលាការ​ធ្វើ​ការ​កាត់​ទោស៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។