ហ៊ុនសែន​ព្រមាន​ចំពោះ​អ្នក​បាច​ខិត្តប័ណ្ណ​ប្រឆាំង​ថ្ងៃ​៧ មករា

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ដោយ​ព្រមាន​ចំពោះ​ជន​ដែល​បាន​បាច​ត្រាក់​នៅ​ព្រំដែន​ថៃ ប្រឆាំង​នឹង​ថ្ងៃ​៧ មករា​ថា លោក​ទទួល​បាន​ត្រាក់​ដែល​ជេរ​ប្រមាថ​លោក​នោះ​ហើយ ហើយ​លោក​កំពុង​បញ្ជា​ឲ្យ​តាម​ចាប់​ខ្លួន​ជន​នោះ ព្រោះ​លោក​ដឹង​មុខ​សញ្ញា​នោះ​ហើយ។

ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដូច្នេះ គឺ​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ជាតិ​លេខ​១​ឲ្យ​ប្រើប្រាស់​និង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​នេះ​បន្ត​នៅ​ក្នុង​ស្រុក​កៀនស្វាយ ខែត្រ​កណ្តាល នៅ​ព្រឹក​ថ្ងៃ​ទី​៥ មករា។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ដោយ​ព្រមាន​ចំពោះ​អ្នក​ដែល​បាន​បាច​ត្រាក់​ប្រឆាំង​នឹង​ថ្ងៃ​ទី​៧ មករា ដូច្នេះ ៖ «ខិត្តប័ណ្ណ​ឯង​ដែល​បោះ​នៅ​លើ​ដី​ថៃ​ចូល​មក​ដល់​ភ្នំពេញ​ហើយ។ អញ​ដឹង​មុខ​ហើយ​ខិត្តប័ណ្ណ​ជេរ​៧ មករា។ អ្ហែង​តែ​បោះ​អញ​ចាប់​ហើយ អញ​ដឹង​មុខ​ច្បាស់​ហើយ។ ម្សិល​មិញ​អញ​ឃើញ​ហើយ ជេរ​អា ហ៊ុន សែន ហើយ​ខិត្តប័ណ្ណ​គេ​បោះ​នៅ​លើ​ដី​ថៃ​បញ្ជូន​ចូល​មក​កម្ពុជា​ដើម្បី​បោះ។ ប្រាប់​ទៅ​បែក​ការណ៍​ហើយ ហើយ​អាង​អី​រត់​សម្ងំ​នៅ​បាងកក​ហ្នុង​ទៅ ឲ្យ​សម្ងំ​នៅ​ហ្នុង​ទៅ អា​បាច​មុន​ក៏​ទៅ​ហ្នុង អា​ត្រៀម​មក​បាច​ទៀត បែក​ការណ៍​ហើយ ខ្ញុំ​មើល​ហើយ​ខិត្តប័ណ្ណ​ហ្នឹង​នោះ ឥឡូវ​នៅ​ត្រង់​ណា​អី​ត្រង់​ណា។ អស់​លោក​ហើយ! សន្តិភាព បង្រួប​បង្រួម​ជាតិ ឯករាជ្យ វា​សំខាន់​ណាស់​សម្រាប់​ប្រទេស គ្មាន​ប្រទេស​ណា​មួយ​អភិវឌ្ឍ​ទៅ​កើត​នៅ​ពេល​ដែល​ប្រទេស​ច្របូក​ច្របល់​នោះ​ទេ។ កម្ពុជា​ទើប​មាន​ការ​ឯកភាព​ទឹក​ដី​ជាង​១១​ឆ្នាំ​តែប៉ុណ្ណឹង​ទេ ពិត​មែន​តែ​យើង​រំដោះ​បាន​៣១​ឆ្នាំ ប៉ុន្តែ​សង្រ្គាម​រ៉ាំរ៉ៃ​អត់​ទាន់​បញ្ចប់ ឥឡូវ​យើង​បញ្ចប់​បាន​តាម​រយៈ​នយោបាយ​ឈ្នះៗ»

កន្លង​មក​គឺ​ឲ្យ​តែ​ថ្ងៃ​ខួប​៧ មករា មក​ដល់ គឺ​តែង​តែ​មាន​សកម្មភាព​ជំទាស់​ផ្សេងៗ​កើត​មាន​ឡើង ដូច​ជា​មាន​ការ​សុំ​ធ្វើ​បាតុកម្ម​ប្រឆាំង​ជាដើម៕