នាយករដ្ឋមន្ត្រី​គាំទ្រ​ចំពោះ​ការ​លើក​តម្កើង​វប្បធម៌​អ៊ិស្លាម

នៅ​គ្រា​កំពុង​ធ្វើ​កិច្ច​សម្ពោធ​វិហារ​អ៊ិស្លាម​មួយ​កន្លែង នៅ​​ទីក្រុង​ភ្នំពេញ លោក​នាយករដ្ឋមន្ត្រី​ខ្មែរ បាន​ថ្លែង​គាំទ្រ​ចំពោះ​ការ​លើក​តម្កើង​វប្បធម៌​អ៊ិស្លាម ។

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ថ្លែង​គាំទ្រ​ឲ្យ​មាន​កម្មវិធី​ផ្សាយ​ភាសា​ជា​ចាម នៅ​តាម​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​មួយចំនួន ក៏ដូចជា​ប្រកាស​ឲ្យ​បង្កើត​កន្លែង សម្រាប់​សាសនិក​អ៊ិស្លាម​ថ្វាយបង្គំ នៅ​តាម​ព្រលាន​យន្តហោះ និង​ទី​សាធារណៈ​ដទៃ​ទៀត​ក្នុង​ប្រទេស​កម្ពុជា ។

នៅ​ក្នុង​ពិធី​សម្ពោធ​វិហារ​អ៊ិស្លាម​មួយ​កន្លែង នៅ​ភាគ​ខាង​ជើង​ទីក្រុង​ភ្នំពេញ​នា​ថ្ងៃ​ដដែល​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​សហគមន៍​អ៊ិស្លាម​នៅ​លើ​ពិភពលោក រួម​ទាំង​ប្រទេស​នៅ​តំបន់​មជ្ឈិម​បូព៌ា​ផង កុំ​ឲ្យ​ស្ទាក់ស្ទើរ​ក្នុង​ការ​បន្ត​រឹត​ចំណង​ការ​ទូត និង​ផ្តល់​ជំនួយ​ដល់​ប្រជាជន​ខ្មែរ​និង​ចាម​នៅ​កម្ពុជា ។

លោក​នាយករដ្ឋមន្ត្រី​ខ្មែរ បាន​មាន​ប្រសាសន៍​ថា ៖ «ហើយ​សូម​ឯកឧត្ដម អស់លោក កុំ​បារម្ភ​ថា អត់​ហ៊ាន​យក​ជំនួយ​ពី​មជ្ឈិម​បូព៌ា​ទេ ទាំង​អារ៉ាប៊ីសាអ៊ូឌីត ទាំង​គុយវែត... ឬ​កាតា... ។ យក​មក​ឲ្យ​តែ​បាន មក​ពី​ត្រង់​ណា​ក៏​ដោយ ខ្ញុំ​បើក​ទ្វារ​ទទួល​ពី​គ្រប់​កន្លែង​ហ្នឹង កុំ​ទៅ​បារម្ភ ។ ហើយ​និស្សិត ឲ្យ​តែ​បើក​អាហារូបករណ៍ បញ្ជូន​ហើយ បញ្ជូន​ទៅ​រៀន»

ថ្លែង​ទៅ​កាន់​សាសនិក​អ៊ិស្លាម​ប្រមាណ​៥០០០​នាក់ ក្នុង​ពិធី​សម្ពោធ​ព្រះវិហារ​អ៊ិស្លាម​ដដែល​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ថ្លែង​ប្រាប់​ក្រសួង​អប់រំ​ឲ្យ​អនុញ្ញាត​ឡើងវិញ ដល់​សិស្សានុសិស្ស​ចាម នៅ​ទូទាំង​ប្រទេស​កម្ពុជា​អាច​ស្លៀក​សម្លៀក​បំពាក់​ប្រពៃណី​ជនជាតិ​របស់​ខ្លួន នៅ​ក្នុង​សាលារៀន​ទូទៅ​ផងដែរ ។

ជាមួយ​គ្នា​នេះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ថ្លែង​រំឭក​ឡើងវិញ​អំពី​ទំនាក់​ទំនង​រវាង​ជន​មូស្លឹម​នឹង​បញ្ហា​ភេវរកម្ម​ផង​ដែរ ដោយ​លោក​បាន​បន្ត​អំពាវនាវ​កុំ​ឲ្យ​អ្នក​សារព័ត៌មាន និង​អ្នក​នយោបាយ ភ្ជាប់​ជន​មូស្លឹម​ទាំងអស់​ទៅ​នឹង​ក្រុម​ភេរវកម្ម​ជា​សកល ។

ខណៈ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​មាន​ការ​បើក​ទូលាយ​ចំពោះ​ជន​មូស្លឹម​នោះ លោក​តំណាងរាស្ត្រ សុន ឆ័យ បាន​ស្នើ​សុំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​យកចិត្តទុកដាក់​ដូច​គ្នា​ចំពោះ​ពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម​ផង​ដែរ ។

លោក សុន ឆ័យ បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​ថា​រឿង​ហ្នឹង​វា​អត់​មាន​អី​ប្លែក​ទេ ប្រទេស​កម្ពុជា​យើង យើង​មិន​ដែល​ភ្ជាប់​បងប្អូន​អ៊ិស្លាម​ទៅ​នឹង​ភេរវកម្ម ។ អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ជា​ភេរវកម្ម គឺ​កាត់​សេចក្ដី​ទៅ​តាម​ការ​ដែល​គេ​បាន​ប្រព្រឹត្ត​ជាក់ស្ដែង ។ ខ្ញុំ​មាន​ការ​ងឿង​ឆ្ងល់​ថា ហេតុ​អី​បាន​ជា​នាយករដ្ឋមន្ត្រី​លើក​បញ្ហា​នេះ​ពេល​បច្ចុប្បន្ន ។ ខ្ញុំ​ថា​គួរតែ​បារម្ភ​ពាក់ព័ន្ធ​នឹង​បងប្អូន​ខ្មែរក្រោម​យើង​ដែល​នៅ​កម្ពុជាក្រោម ដែល​គេ​បង្ខំ​ឲ្យ​គាត់​ស្លៀក​ពាក់​អាវ​ផាយ​អី​ទៅ​រៀន​នៅ​សាលា»

សូម​ជម្រាប​ថា កាលពី​ឆ្នាំ​ពាក់កណ្តាល​២០០៣​កន្លង​ទៅ អាជ្ញាធរ​ខ្មែរ​បាន​សម្រេច​បិទ​សាលា​រៀន អ៊ិស្លាម​មួយ​កន្លែង​ឈ្មោះ អ៊ុមអ៊ាល់គូរ៉ា ស្ថិត​នៅ​ខាង​ជើង​ក្រុង​ភ្នំពេញ ដោយសារ​តែ​សាលា​រៀន​នោះ មាន​ទំនាក់​ទំនង​នឹង​បណ្តាញ​ភេរវកម្ម Jemaah Islamiah នៅ​អាស៊ី ៕