លោក ហ៊ុន សែន សារភាព​ថា​កម្ពុជា​ទទួល​ឥទ្ធិពល​វប្បធម៌​ចិន

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​លោក មិន​អាច​ទប់​ស្កាត់​ឥទ្ធិពល​វប្បធម៌​ចិន ដែល​កំពុង​វាយ​លុក​ចូល​ដល់​ឫសកែវ​សង្គម​វប្បធម៌​ខ្មែរ​យ៉ាង​ពេញ​ទំហឹង​ដូច​សព្វ​ថ្ងៃ​នេះ​បាន​ទេ។

0:00 / 0:00

មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​បាន​សារភាព​ថា សូម្បី​តែ​ក្នុង​ក្រុម​គ្រួសារ​របស់​លោក ក៏​វប្បធម៌​ប្រពៃណី​ចិន វាយ​លុក​ចូល​ដល់​ក្នុង​ផ្ទះ​ដែរ។ បើ​ដូច្នេះ តើ​នរណា​ជា​អ្នក​ដោះស្រាយ​បញ្ហា​នេះ​ទៅ?

បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា កំពុង​ទទួល​យក​​ប្រពៃណី​ចិន​យ៉ាង​ពេញ​ទំហឹង។ បើ​ទោះ​បី​ជា​បុណ្យ​ចូល​ឆ្នាំ​ចិន មិន​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា ជា​ថ្ងៃ​បុណ្យ​ជាតិ​ក៏​ដោយ ក៏​សាលារៀន​រដ្ឋ ទីផ្សារ ក្រសួង មន្ទីរ​រដ្ឋាភិបាល​មួយ​ចំនួន ក៏​នៅ​តែ​បាន​បិទ​ទ្វារ​ក្នុង​ពេល​ចូល​ឆ្នាំ​ចិន​ម្ដងៗ។

មាន​មតិ​រិះគន់​ត​ៗ​គ្នា​ថា ចូល​ឆ្នាំ​ចិន​ស្រវឹង​ខ្មែរ ចូល​ឆ្នាំ​ចិន​កូន​ខ្មែរ​មិន​ទៅ​សាលា មន្ត្រី​រាជការ​មិន​បំពេញ​តួនាទី។ បញ្ហា​នេះ​គឺ​ដោយសារ​ថា សិស្សានុសិស្ស​លោក​គ្រូ អ្នក​គ្រូ រួម​ទាំង​មន្ត្រី​រាជការ​មួយ​ចំនួន ជា​កូន​ចៅ​ចិន។ ក៏​ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា ជា​ផ្លូវការ​ពួកគេ​ធ្វើការ​បម្រើ​ឲ្យ​ជាតិ​ខ្មែរ​ទាំង​មូល។

បញ្ហា​នេះ​បាន​កើត​ឡើង​ជ្រាំ​ដែលៗ ពី​មួយ​ឆ្នាំៗ​អស់​រយៈ​ជាង ២០​ឆ្នាំ​មក​ហើយ ទើប​តែ​ពេល​នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​មុខ​ប្រកាស​ជា​សាធារណៈ​ថា បញ្ហា​នេះ​មិន​ដឹង​ជា​ត្រូវ​ដោះស្រាយ​ដូចម្ដេច​ទេ ព្រោះ​ថា សូម្បី​តែ​វង្សត្រកូល​ក្រុម​គ្រួសារ​របស់​លោក​ក៏​ជាប់​សែស្រឡាយ​ចិន​ដែរ។

លោក ហ៊ុន សែន៖ «ខ្ញុំ​រក​ឆ្លើយ​តប​មិន​កើត​ដែរ ព្រោះ​នៅ​ផ្ទះ​ខ្ញុំ​រក​ធ្វើ​អី​មិន​ចេញ​ដែរ។ ព្រោះ​គេ​ថា​ ថ្ងៃ​ចូល​ឆ្នាំ​សកល​ចូល​ទាំង​អស់​គ្នា ដល់​ពេល​ចូល​ឆ្នាំ​ចិន​នេះ... មាន​អ្នក​មួយ​ចំនួន ពួក​ករុម​បង​ប្អូន​គេ​មាន​បំណង​ល្អ សុំ​ឲ្យ​យើង​ទប់​ស្កាត់​ចូល​ឆ្នាំ​សកល ឬ​ចូល​ឆ្នាំ​ចិន។ ឥឡូវ​ទប់​យ៉ាង​ម៉េច បើ​ខ្ញុំ​ខ្លួន​ឯង​ទប់​វា​មិន​ជាប់ នៅ​ក្នុង​ផ្ទះ​ខ្ញុំ​មាន​តែ​ខ្ញុំ​មួយ ហើយ​ក្រៅពី​នោះ​ទៅ​សែន​ទាំង​អស់​ ឲ្យ​ខ្ញុំ​ទប់​យ៉ាងម៉េច​អា​ហ្នឹង​នោះ»

បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ថា កូន​ចៅ​ចិន​នៅ​ស្រុក​ខ្មែរ​កំពុង​មាន​មុខមាត់​នៅ​ក្នុង​សង្គម​យ៉ាង​ហ៊ឺហារ។ ខុស​ពីក្នុង​របប​នយោបាយ​មុនៗ កូន​ចៅ​ចិន​ត្រូវ​បាន​គេ​ធ្វើ​ទុក្ខ​មុក​ម្នេញ និង​ប្រកាន់​ពូជ​សាសន៍។ កត្តា​នេះ គឺ​ជាហេតុ​ផល​មួយ​ដែល​លោក​នាយករដ្ឋមន្ត្រី​អះអាង​ថា រដ្ឋាភិបាល​របស់​លោក​ត្រូវ​ជៀសវាង​ដាន​ប្រវត្តិសាស្ត្រ។

លោក ហ៊ុន សែន៖ «ហើយ​ដល់​អ៊ីចឹង​ឲ្យ​ទប់​យ៉ាង​ម៉េច? ទប់​មិន​ជាប់​ទេ ហើយ​ចូល​ដល់​រឿង​ប្រកាន់​ពូជ​សាសន៍​ទៀត។ បើ​ឲ្យ​ទប់​អា​ហ្នឹង​មិន​ឲ្យ​ចូល​ឆ្នាំ​សកល ចូល​ដល់​ដំណាក់កាល​ប្រកាន់​ពូជ​សាសន៍​ទៅ​ទៀត។ ហាម​ចូល​ឆ្នាំ​ចិន ហាម​លោត​ម៉ុងសាយ ហាម​ហែរ​អ្នកតា​ ចូល​ដល់​អា​រឿង​ប្រកាន់​ពូជ​សាសន៍​ទៅ​ទៀត»

ឯកសារ​ប្រវត្តិសាស្ត្រ​នានា​សរសេរ​ថា ជន​ជាតិ​ចិន បាន​ធ្វើ​អន្តោប្រវេសន៍​ពី​ចិន​ដី​គោក មក​ស្រុក​ខ្មែរ​ក្នុង​អំឡុង​ឆ្នាំ​១៩៣០។ ចិន​ភៀស​ខ្លួន​ទាំង​នោះ គេ​ហៅ​ថា ចិន​ឆៅ​ ក្រោយ​មក​ចិន​ឆៅ​ទាំង​នោះ បាន​រៀប​ការ​ជាមួយ​ខ្មែរ បង្កើត​កូន​ពូន​ជា​ចៅ ហើយ​កូន​ចៅ​ចិន​កើត​ក្រោយៗ​នៅ​ស្រុក​ខ្មែរ​ទាំង​នោះ គេ​និយម​ហៅ​ថា «កូន​ចៅ​ចិន»។

ឯកសារ​របស់​​លោក វីល្លាម វីលម៉ត (William Willmott) អ្នក​ស្រាវ​ជ្រាវ​អំពី​ជន​ជាតិ​ចិន​នៅ​កម្ពុជា សរសេរ​ថា ចិន​នៅ​ស្រុកខ្មែរ​បង្កើត​​បាន​​ជា​ជន​ជាតិ​ភាគតិច​ធំ​ជាង​គេ​មួយ​នៅ​ឆ្នាំ​១៩៦០។ នៅ​ចុង​ឆ្នាំ​១៩៦០ ចិន​ ឬ​កូនចៅ​ចិន​មាន​ចំនួន​ប្រមាណ ​៤២៥.០០០​នាក់។ ក៏​ប៉ុន្តែ​ក្រោយ​មក​ចំនួន​នេះ​បាន​ធ្លាក់​ចុះ ដោយ​សារ​សង្គ្រាម​ផង និង​ដោយសារ​ការ​កាប់​សម្លាប់​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត បើ​ទោះ​បី​របរប​នេះ មាន​សម្ពន្ធភាព​យ៉ាង​ជិតស្និទ្ធិ​ជាមួយ​ប្រទេស​ចិន ប្រជាមានិត​ក៏ដោយ។ ព្រោះ​របប ប៉ុល ពត បាន​ចាត់​ទុក​កូន​ចៅ​ចិន​ថា ជា​សត្រូវ​បដិវត្តន៍ ជា​ក្រុម​វណ្ណៈ​នាយ​ទុន ជញ្ជក់​ឈាម​សេដ្ឋកិច្ច​ប្រទេស​ជាតិ។

ឯកសារ​ដដែល​សរសេរ​ថា នៅ​ឆ្នាំ​១៩៨៤ ពោល​គឺ​ក្នុង​របបរ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា គាំទ្រ​ដោយ​វៀតណាម ចំនួន​​ខ្មែរ​កាត់​ចិន​នៅសល់​​ប្រហែល​ ៦១.០០០​នាក់។

លោក​បណ្ឌិត សុខ ទូច អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​កម្ពុជា មាន​រំលឹក​ថា នៅ​ទសវត្សន៍​ឆ្នាំ​១៩៨០ ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​ដែល​មាន​ជំនាញការ​វៀតណាម ដាក់​ទិស​នយោបាយ​នៅ​ពេល​នោះ​ បាន​ចាត់​ទុក​កូន​ចៅ​ចិន​ក្នុង​បញ្ជី​ខ្មៅ​ដោយ​ដាក់​លេខ «៣៥១»។ បញ្ជី​នេះ​មាន​ន័យ​ថា ជា​ក្រុម​ជន​ដែល​មាន​សមាសភាព​ផ្នែក​នយោបាយ​មិន​ល្អ ដែល​រដ្ឋាភិបាល​វៀតណាម ជំនាន់​នោះ​​មិន​ទុក​ចិត្ត ព្រោះ​នយោបាយ​វៀតណាម ប្រឈម​មុខ​ជាមួយ​ប្រទេស​ចិន នៅ​ពេល​នោះ។

បណ្ឌិត សុខ ទូច រំលឹក​ថា បញ្ជី ៣៥១ បាន​ប៉ះពាល់​ដល់​កូន​ចៅ​ចិន ដែល​មាន​មុខ​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ជំនាន់​នោះ ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​ខ្លាច​ជំនាញការ​វៀតណាម ដក​បុណ្យស័ក្ដិ ឬ​ត្រូវ​ដាក់​ទោស ហើយ​ដើម្បី​លាក់​អត្តសញ្ញាណ​ចៅ​ចិន ក្រុម​មន្ត្រី​ទាំង​នោះ​បាន​ប្ដូរ​ឈ្មោះ​បែប​ជា​ចិន មក​ឈ្មោះ​ខ្មែរ​វិញ។

លោក សុខ ទូច៖ «កាល​ពី​មុន​យើង​ដឹង​ហើយ កូន​ចៅ​ចិន ដឹក​នាំ​ជំនាន់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​មក​កាន់​អំណាច​ក្នុង​រាជាណាចក្រ​ទី​ពីរ​នេះ អ៊ីចឹង​ក្រុម​ថ្នាក់​ដឹក​នាំ​រដ្ឋមន្ត្រី​ភាគ​ច្រើន​សុទ្ធតែ​ដូរ​ឈ្មោះ​ទាំង​អស់ ហើយ​យើង​ឃើញ​ហើយ​សូម្បី​តែ​មុខ​មាត់ អាកប្បកិរិយា​រហូត​ដល់​ថ្ងៃ​សែន​ហ្នឹង សឹងតែ​ទាំង​អស់​នៅ​ក្នុង​ជួរ​ដឹក​នាំ ក្នុង​ជួរ​រដ្ឋាភិបាល​ហ្នឹង​​ច្រើន​មែន​ទែន។ យើង​មិន​អាច​លើក​ឈ្មោះ​គេ​ទេ ព្រោះ​ក្រមសីលធម៌​វិជ្ជាជីវៈ តែ​ខ្ញុំ​ដឹង​ថា (កូន​ចៅ​ចិន) មាន​ច្រើន​នៅ​ក្នុង​​ថ្នាក់​ដឹកនាំ​របស់​យើង»

លោក​ថា នៅ​ពេល​នោះ​ចៅ​ចិន​មួយ​ចំនួន បាន​នាំ​គ្នា​ភៀស​ខ្លួន​ទៅ​នៅ​ក្រៅ​ប្រទេស គេច​ចេញ​ពី​ការ​ធ្វើ​ទុក​បុក​ម្នេញ​ក្នុង​របប​​នយោបាយ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​កាល​នោះ​មាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ជា​រដ្ឋមន្ត្រី​ការបរទេស។

បច្ចុប្បន្ន​ចំនួន​​ចិន​កាត់​ខ្មែរ​​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។ របាយការណ៍​ស្ថិតិ​របស់​សមាគម​ចិនទាជីវ បង្ហាញ​ថា សព្វថ្ងៃ​នេះ​ចិន​កាត់​ខ្មែរ​បាន​កើន​ឡើង​ដល់​​ទៅ ៧​សែន​នាក់។ ទន្ទឹម​ពេល​នេះ​ដែរ ចៅ​ចិន​ភាគ​ច្រើន​មាន​ជីវភាព​ល្អ សម្បូរ​អ្នក​មាន​ទ្រព្យធន និង​មួយ​ចំនួន​មាន​មុខ​ដំណែង​ខ្ពង់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល។

ស្រប​ពេល​នេះ​ដែរ លោក សុខ ទូច បាន​ព្រមាន​ថា វប្បធម៌​ចិន​កំពុង​មាន​ឥទ្ធិពល​លើ​ខ្មែរ​យ៉ាង​ខ្លាំង ហើយ​ខ្មែរ​ក៏​កំពុង​ទទួល​ដោយ​មិន​ដឹង​ខ្លួន៖ «សព្វថ្ងៃ​នេះ​យើង​ឃើញ​សង្គមវប្បធម៌ (ចិន) មក​គាប​សង្គត់​យើង​មាន​៣។ ទី​១ គឺ​ការ​និយាយ ដូច​ជា​ការ​និយាយ ដូជ​ជា​ពាក្យ អាហ៊ា ពាក្យ ចែ ពាក្យ​អ៊ី​ហ្នឹង បាន​ប្រើប្រាស់​ទូទាំង​ប្រទេស​កម្ពុជា ហើយ​ពេញ​និយម​ទៅ​ទៀត។ រហូត​ដល់​គេ​ឃើញ​អ្នក​ណា​រាង​មាន​លុយ​ច្រើន មាន​សម្បុរ​ស​បន្តិច​វា​ទៅ​ជា​អាហ៊ា​អ៊ីចឹង​ទៅ។ ចំណុច​ទី​២ ចិន​បាន​បង្រៀន​ខ្មែរ​អោយ​ទទួល​យក​អត់​ដឹង​ខ្លួន គឺ​ទទួល​ទាន​ចង្កឹះ ដែល​ធ្វើ​ឲ្យ​ចិន មាន​ឥទ្ធិពល​ខ្លាំង​មែន​ទែន។ ចំណុច​ទី​៣ គឺ​កែប្រែ​ខ្មែរ​ឲ្យ​ខ្មែរ​ឈប់​ទទួល​ទាន​នំបញ្ចុក​នៅ​ពេល​ព្រឹក និង​លែង​ទទួល​ទាន​នំ​អន្សម​នៅ​ពេល​ត្រូវ​ការ ទៅ​ជា​ហូប​នំប៉ាវ និង​ហូប​គុយទាវ​ទៅ​វិញ នេះ​ជា​ឥទ្ធិពល​ចិន»

ចំពោះ​រឿង​មន្ត្រី​រាជការ​មិន​ធ្វើ​ការ សាលារៀន ទីផ្សារ​បិទ​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ម្ដង​ៗ​នោះ លោក សុខ ទូច ថ្លែង​ថា រដ្ឋាភិបាល​ត្រូវ​មាន​អនុសាសន៍​មួយ​ជាក់លាក់ ដូច​​ជា​ប្រទេស​ជិត​ខាង​ខ្មែរ ធ្វើ​យ៉ាង​ណា​ធានា​ថា ដំណើរការ​ប្រចាំ​ថ្ងៃ​របស់​រដ្ឋ​ជា​ធំ ប្រព្រឹត្ត​ទៅ​ធម្មតា​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន ហើយ​មិន​រំលោភ​សិទ្ធិ​មនុស្ស និង​មិន​ប្រកាន់​ពូជ​សាសន៍៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។