អ្នក​វិភាគ៖ ការ​ប្រើប្រាស់​សារ​ឆ្លងឆ្លើយ​ជា​បរិបទ​នយោបាយ​ថ្មី

ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​គិត​ថា ការ​ប្រតិកម្ម​បញ្ច្រាស​មក​វិញ​របស់​លោក ហ៊ុន សែន ឬ​អ្នក​គាំទ្រ​របស់​លោក ប្រឆាំង​នឹង​ការ​រិះគន់​ក្នុង​ន័យ​កែលំអ​ចំណុច​ខ្វះខាត ឬ​ភាព​ចន្លោះ​ប្រហោង​ក្នុង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ថា គឺ​ជា​ការ​វិវត្ត​ថ្មី​មួយ​ទៀត នៃ​បរិបទ​នយោបាយ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​នៃ​ពន្លក​របប​លទ្ធិ​ប្រជាធិបតេយ្យ ជា​ជាង​ការ​សម្លាប់​បំបិទ​មាត់។

លោក កែម ឡី អ្នក​ស្រាវជ្រាវ និង​ជា​អ្នក​វិភាគ​សង្គម លោក​ហៅ​ការ​ប្រតិកម្ម​ប្រឆាំង​នឹង​ក្រុម​អ្នក​រិះគន់​របស់​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន ថា គឺ​ជា​ដំណើរ​ឆ្ពោះ​ទៅ​រក​សង្គម​ប្រជាធិបតេយ្យ។ លោក​គិត​ថា ប្រសិន​បើ​សារ​ដែល​លោក ហ៊ុន សែន និង​មន្ត្រី​ក្រោម​បង្គាប់​របស់​លោក វាយ​ប្រហារ​យ៉ាង​ចាស់​ដៃ​ទៅ​លើ​មន្ត្រី​បក្ស​ប្រឆាំង ឬ​ក្រុម​អ្នក​វិភាគ​បញ្ហា​សង្គម​យ៉ាង​ណា​ក្ដី តែ​ថា នេះ​ជា​យន្តការ​ដ៏​ប្រសើរ ជា​ជាង​ការ​ប្រើប្រាស់​មធ្យោបាយ​តាម​សង្គម​ងងឹត ដើម្បី​បំបិទ​មាត់។

លោក កែម ឡី៖ «ជា​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ពិភាក្សា​ស៊ី​ជម្រៅ​បន្ថែម​ទៀត ម្ខាងៗ​កាន់​តែ​មាន​ការ​គិតគូរ​បន្ថែម​ទៀត ពិចារណា​បន្ថែម​ទៀត រក​ហេតុផល​បន្ថែម​ទៀត ហើយ​ក៏​អាច​ថា​ឆ្លុះ​បញ្ចាំង​ខ្លួន​ឯង​ហ្នឹង​ថា ខ្លួន​ឯង​និយាយ​ហ្នឹង​មាន​កំហុស​ទេ ឬ​មួយ​ក៏​ប៉ះពាល់​ទេ ហើយ​មាន​ភាព​អព្យាក្រឹត្យ​ទេ អ៊ីចឹង​ចង់​និយាយ​អីចឹង។ ជា​ការ​រីហ្ល្វៀកសិន (Reflection=ការ​ជះ​ត្រឡប់) មួយ ឬ​ក៏​ការ​ពិនិត្យ​ឡើង​វិញ​ខ្លួន​ឯង​មួយ​សម្រាប់​យើង​ធ្វើ​បន្ត​ទៅ​ទៀត។ ខ្ញុំ​គិត​ថា ចំណុច​ហ្នឹង​គឺ​ជា​ចំណុច​ល្អ វា​លែង​តែ​យើង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ យើង​ប្រើប្រាស់​ការ​បាញ់​ប្រហារ យើង​ប្រើប្រាស់​អ្វី​ដែល​មិន​មែន​ជា​ប្រជាធិបតេយ្យ»

ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន តែង​ប្រើប្រាស់​វេទិកា​វាយ​បក​ទៅ​លើ​ក្រុម​អ្នក​វិភាគ ឬ​មន្ត្រី​បក្ស​ជំទាស់​ថា គឺ​ជា​អ្នក​ដែល​ប្រឆាំង​ផ្កាប់​មុខ ដែល​ផ្ទុយ​ពី​គោល​នយោបាយ​របស់​រដ្ឋាភិបាល ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​របស់​លោក៖ «ដូច្នេះ ខ្ញុំ​ពិត​ជា​មាន​ការ​សោកស្ដាយ​នូវ​ការ​អសមត្ថភាព ឬ​អាច​និយាយ​បាន​ម្ខាង​ទៀត​ថា អគតិ​ចំពោះ​អ្វី​ដែល​ជា​បញ្ហា​ត្រូវ​បាន​លើក​ឡើង​ដោយ​អ្នក​វិភាគ​នយោបាយ​មួយ​ចំនួន រាប់​ទាំង​អ្នក​ដែល​គេ​ហៅ​ថា​បណ្ឌិត ដែល​ខ្ញុំ​និយាយ​ថា​បណ្ឌិត​ក្បាល​ទំពែក ហើយ​តាំង​ខ្លួន​ថា​ជា​អ្នក​វិភាគ​ឯករាជ្យ និង​បូក​ទៅ​ដោយ​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង»

នៅ​ក្នុង​សម័យ​ប្រជុំ​សភា កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា លោក ហ៊ុន សែន ដែល​សម្រប​ខ្លួន​ក្នុង​ការ​ឆ្លើយ​បំភ្លឺ​សំណួរ​របស់​លោក សុន ឆ័យ អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស សម រង្ស៊ី ត្រូវ​បាន​អ្នក​វិភាគ​គិត​ថា លោក ហ៊ុន សែន ប្រើប្រាស់​វេទិកា​សភា​ប្រមាណ​៧០% ដើម្បី​បកស្រាយ​រឿង​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ដើម្បី​រិះគន់​មន្ត្រី​បក្ស​ប្រឆាំង ជា​ជាង​ការ​បំភ្លឺ​ផ្នែក​បច្ចេកទេស អំពី​បញ្ហា​ប្រឈម​នៃ​មន្ទិល​សង្ស័យ​ថា ការ​បោះ​បង្គោល​ព្រំដែន​នេះ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ត្រូវ​បាត់​បង់​បូរណភាព​ទឹក​ដី​ទៅ​ប្រទេស​វៀតណាម។

លោក សុខ ទូច បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក​មាន​ប្រសាសន៍​ថា ការ​រិះគន់​មន្ត្រី​សាធារណៈ ឬ​មេ​ដឹកនាំ​ជាន់​ខ្ពស់ គឺ​ជា​រឿង​ធម្មតា ហើយ​ការ​ឆ្លងឆ្លើយ​ណា​មួយ​តាម​មធ្យោបាយ​សន្តិវិធី គឺ​ជា​យុទ្ធសាស្ត្រ​សម្រាប់​សង្គម​ប្រជាធិបតេយ្យ។ លោក​គិត​ថា ចំពោះ​អ្នក​វិភាគ​សង្គម តែង​មើល​ឃើញ​ពី​បញ្ហា​ប្រឈម ឬ​ចំណុច​ខ្វះខាត​សម្រាប់​ផល​ប្រយោជន៍​រួម ជា​ជាង​ការ​រិះគន់​ដើម្បី​បុគ្គល។ ក្នុង​ន័យ​នេះ លោក សុខ ទូច អះអាង​ថា អ្នក​នយោបាយ​គួរ​សាទរ ឬ​កែតម្រូវ​នូវ​អ្វី​ដែល​គិត​ថា​ជា​ប្រការ​ឆ្គាំឆ្គង ប្រសើរ​ជាង​ប្រតិកម្ម​ប្រឆាំង​ពី​កំហុស​ដែល​ត្រូវ​គេ​រក​ឃើញ។

លោក សុខ ទូច៖ «ការ​រិះគន់ ការ​ផ្ដល់​គំនិត​ទៅ​លើ​បុគ្គល​សាធារណៈ ព្រោះ​គេ​យល់​ថា​មិន​មែន​ជា​របស់​បុគ្គល​ណា​ម្នាក់​ទេ វា​ជា​របស់​យើង​ទាំង​អស់​គ្នា។ កាល​ណា​បើ​ជា​របស់​យើង​គ្នា គេ​នឹង​ផ្ដល់​គំនិត​ហើយ គេ​មិន​អាច​ផ្ដល់​គំនិត​ដល់​គ្រួសារ​នេះ​យក​ប្រពន្ធ​អញ្ចេះ​យក​ប្រពន្ធ​អញ្ចោះ អា​ហ្នឹង​វា​ជា​រឿង​បុគ្គល។ តែ​បើ​រឿង​ទាក់​ទង​នឹង​សាធារណៈ ដែល​ជា​របស់​យើង​ទាំង​អស់​គ្នា គេ​មាន​សិទ្ធិ ហើយ​អា​ការ​ដែល​មាន​សិទ្ធិ​នេះ គេ​ត្រូវ​ផ្ដល់ គេ​រស់​ក្នុង​ម្លប់​ហ្នឹង​ទាំង​អស់​គ្នា ហើយ​ជា​ផល​ប្រយោជន៍​រួម​របស់​សង្គម​ទាំង​មូល»

ទោះ​ជា​បែប​ណា ក្នុង​ពេល​កន្លង​ទៅ នាយក​រដ្ឋមន្ត្រី​ លោក ហ៊ុន សែន បាន​ប្រតិកម្ម​ប្រឆាំង​នឹង​របាយការណ៍​របស់​អង្គការ​អន្តរជាតិ​មួយ​ចំនួន ដូច​ជា​អង្គការ​ឃ្លាំ​មើល​បរិស្ថាន​ពិភពលោក (Global Witness) អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស (Human Rights Watch) របស់​លោក ប្រែត អាដាម (Brad Adams) របាយការណ៍​របស់​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​របស់​លោក យ្ហាស ហ្គាយ (Yash Ghai) ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា និង​ថ្មីៗ​នេះ របាយការណ៍​មួយ​ដែល​ចេញ​ដោយ​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ដែល​រក​ឃើញ​ថា ប្រទេស​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន នៅ​តែ​ធ្វើ​ឲ្យ​ខកខាន​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នេះ នៅ​តែ​ក្មេង​ខ្ចី​នៅ​ឡើយ។

យ៉ាង​នេះ​ក្ដី ក្រៅ​ពី​ការ​ថ្លែង​សារ​ជា​សាធារណៈ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំណែក​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ដោយ​រួម​ទាំង​វិទ្យុ ទូរទស្សន៍ និង​អនឡាញ (Online) អ្នក​នៅ​ក្រោម​បង្គាប់​តែង​បញ្ចេញ​ការ​អត្ថាធិប្បាយ​ជុំវិញ​ការ​ថ្លែង​របស់​លោក ហ៊ុន សែន ក្នុង​ន័យ​បង្ហាញ​ការ​គាំទ្រ ឬ​យោង​លើ​ព្រឹត្តិការណ៍ ដើម្បី​រិះគន់​ជាដើម។ ករណី​នេះ ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​បញ្ហា​សង្គម​គិត​ថា វា​បាន​ក្លាយ​ទៅ​ជា​វប្បធម៌​គាំទ្រ​សម្ដី​របស់​អ្នក​ធំ ឬ​មេ​ដឹកនាំ​ប្រទេស ទោះ​ចេញ​ពី​ចិត្ត​ពិត ឬ​គ្រាន់​តែ​បំពង​សំឡេង​ហៃអើ​តាម​ក្រោយ នោះ​មាន​ន័យ​ថា ធ្វើ​ឡើង​ដើម្បី​លាភ​សក្ការៈ និង​សិទ្ធិ​អំណាច​ដែល​កំពុង​ចាក់​ឫស​យ៉ាង​ជ្រៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន ដោយ​ពុំ​បាន​គិត​ពី​គុណវិបត្តិ ឬ​ផល​ប៉ះពាល់​ប្រទេស​ជាតិ​សម្រាប់​ថ្ងៃ​អនាគត​ឡើយ។

ក៏ប៉ុន្តែ បើ​ទោះ​ជា​បែប​នេះ​ក្ដី ប្រធាន​វិទ្យាស្ថាន​ពលរដ្ឋវិទ្យា និង​ជា​អ្នក​វិភាគ​ព្រឹត្តិការណ៍​សង្គម​ប្រចាំ​ទូរទស្សន៍​បាយ័ន លោក​បណ្ឌិត ឈឹម ផលវរុណ លោក​គិត​ថា ការ​រិះគន់​ក្នុង​ន័យ​កែលំអ ពិត​ជា​ត្រូវ​ការ​ជា​ចាំបាច់​ដោយ​ចៀស​មិន​បាន​នៅ​ក្នុង​សង្គម​មួយ។ ក៏ប៉ុន្តែ ការ​រិះគន់​នោះ​ត្រូវ​ប្រាកដ​ថា ពុំ​មែន​មាន​ចេតនា​បន្តុះបង្អាប់​ក្នុង​ន័យ​រារាំង​នោះ​ទេ។

លោក ឈឹម ផលវរុណ៖ «មនុស្ស​មិន​អាច​មាន​ទស្សនៈ​ដូច​គ្នា​នោះ​ទេ អ៊ីចឹង​ហើយ​យើង​ចង់​ឲ្យ​ទស្សនៈ​ខុស​គ្នា​អាច​រស់នៅ​ជុំ​គ្នា​ក្នុង​សហគមន៍​ជាតិ​តែ​មួយ ដើម្បី​កុំ​ឲ្យ​ក្លាយ​ទៅ​ជា​ខ្មាំង​សត្រូវ។ ប៉ុន្តែ ពហុ​គំនិត​ត្រូវ​ការ​វប្បធម៌​នយោបាយ​ថ្លៃថ្នូរ ដែល​មិន​មែន​ជា​ពហុ​គំនិត​មាន​ន័យ​ថា​ជេរ ចោទ​ប្រកាន់ វាយ​ប្រហារ​ទេ ពហុ​គំនិត​គឺ​ចង់​បញ្ជាក់​ថា គំនិត​អ្នក​យ៉ាង​ម៉េច ពហុ​គំនិត​ខ្ញុំ​យ៉ាង​ម៉េច គំនិត​អ្នក​ដទៃ​ទៀត​យ៉ាង​ម៉េច ហើយ​គំនិត​ណា​អាច​យក​ទៅ​អភិវឌ្ឍន៍​ប្រទេស​បាន វា​អាស្រ័យ​តែ​គំនិត​នោះ​ត្រូវ​បាន​គាំពារ​ដោយ​មតិ​ភាគ​ច្រើន។ ឯ​ក្រុម​ភាគ​តិច នៅ​តែ​មាន​គំនិត​ដដែល ប៉ុន្តែ​ត្រូវ​តែ​គោរព​គំនិត​ភាគ​ច្រើន ហើយ​ក្រុម​ភាគ​ច្រើន​ត្រូវ​តែ​គាំពារ​នូវ​គំនិត​របស់​ក្រុម​ភាគ​តិច តែ​មិន​មែន​មាន​ន័យ​ថា ឲ្យ​អ្នក​ភាគ​ច្រើន​ទៅ​យក​គំនិត​ក្រុម​ភាគ​តិច​មក​អនុវត្ត​ទេ។ ប៉ុន្តែ គោរព​គាំពារ​ភាគ​តិច ដើម្បី​ឲ្យ​ភាគ​តិច​គ្នា​អាច​បញ្ចេញ​គំនិត តែ​មិន​មែន​បញ្ចេញ​មតិ ដើម្បី​ជេរ​វាយ​ប្រហារ​ចោទ​ប្រកាន់​គេ​ទេ»

អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​គិត​ថា ភាព​ផ្ទុយ​គ្នា​រវាង​អ្នក​នយោបាយ និង​អ្នក​វិភាគ គឺ​ដោយ​ហេតុ​ថា អ្នក​នយោបាយ​ធ្វើ​ឡើង​ដើម្បី​ផល​ប្រយោជន៍​បក្ស ក្នុង​ការ​កៀងគរ​រក​សំឡេង​គាំទ្រ។ ក៏ប៉ុន្តែ អ្នក​វិភាគ​បញ្ហា​សង្គម​ពិនិត្យ​មើល​ពី​កំហុស​បច្ចេកទេស ដែល​ជា​យុទ្ធសាស្ត្រ​សម្រាប់​ប្រព័ន្ធ​គ្រប់គ្រង​គោល​នយោបាយ​តែ​ប៉ុណ្ណោះ។ បើ​ទោះ​ជា​រូបភាព​នៃ​ទស្សនៈ​ទាំង​ពីរ​នេះ ហាក់​មាន​ភាព​ខុស​គ្នា​ក្ដី អ្នក​វិភាគ​គិត​ថា នេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ការ​តាក់​តែង​គោល​នយោបាយ​របស់​បក្ស ឬ​រដ្ឋាភិបាល ដើម្បី​គ្រប់គ្រង​អំណាច។

បើ​យ៉ាង​នេះ​ក្ដី ជានិច្ចកាល គេ​សង្កេត​ឃើញ​ថា ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ក្រោម​ឱវាទ​មួយ​ចំនួន តែង​ចាត់​ទុក​ការ​រិះគន់​របស់​ក្រុម​អ្នក​វិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​នេះ​ថា ជា​ប្រការ​ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​សម្រាប់​គោល​នយោបាយ​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ ឬ​ក៏​ថា ការ​រិះគន់​នោះ​ជា​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ​របស់​បក្ស​ណា​មួយ​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។