លោក ហ៊ូ ជិនតាវ ប្រធានាធិបតី​ចិន ធ្វើ​ទស្សនកិច្ច​​នៅ​ខេត្ត​សៀមរាប

មាន​ក្រុម​សិស្ស​សាលា និង​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ២ ម៉ឺន​នាក់ បាន​ឈរ​រាយ​បណ្ដាក់​គ្នា អម​សង​ខាង​ដង​ផ្លូវ​ជា​ច្រើន​គីឡូ​ម៉ែត្រ ចាប់​តាំង​ពី​ព្រះលាន​យន្តហោះ​អន្តរជាតិ រហូត​ដល់​ក្នុង​ទី​រួម​ខេត្ត​សៀមរាប។

0:00 / 0:00

ការ​ឈរ​រាយ​បណ្ដាក់​គ្នា ដោយ​ក្នុង​ដៃ​កាន់​ទង់​ជាតិ​​ប្រទេស​កម្ពុជា និង​ចិន​ផង​នោះ គឺ​ដើម្បី​ចាំ​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​មេ​ដឹកនាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក ហ៊ូ ជិនតាវ នៅ​ក្នុង​ខេត្ត​នេះ។

អាជ្ញាធរ​រដ្ឋាភិបាល​បាន​ហៅ​ដំណើរ​ទស្សនកិច្ច​នេះ​ថា ជា​ការ​ដែល​ធ្វើ​ឱ្យ​កាន់​តែ​រីក​ចំរើន​ខាង​មិត្តភាព និង​ការ​ជួយ​អភិវឌ្ឍន៍​លើ​វិស័យ​ផ្សេងៗ សម្រាប់​កម្ពុជា។

ប្រធានាធិបតី​ចិន លោក ហ៊ូ ជិនតាវ (Hu Jintao) និង​ភរិយា បាន​មក​ដល់​ខេត្ត​សៀមរាប តាម​យន្ត​ហោះ​ពិសេស​របស់​ចិន កាល​ពី​វេលា​ម៉ោង​ជាង ១០ ព្រឹក ថ្ងៃ​អាទិត្យ​ទី ១ ខែ​មេសា។

ដំណើរ​មក​កាន់​ខេត្ត​សៀមរាប​នេះ គឺ​ក្នុង​គោល​បំណង​ទស្សនា​ប្រាសាទ​បូរាណ​មួយ​ចំនួន​ផង និង​ពិនិត្យ​មើល​ប្រាសាទ​បូរាណ​ខ្លះ ដែល​ប្រទេស​ចិន​ផ្ដល់​មូលនិធិ​ជួសជុល​ផង។

លោក​ប្រធានាធិបតី​ចិន បាន​មក​ទស្សនកិច្ច​ខេត្ត​សៀមរាប បន្ទាប់​ពី​លោក​បាន​ធ្វើ​ទស្សនកិច្ច​ផ្លូវការ នៅ​ឯ​រាជ​ធានី​ភ្នំពេញ និង​បាន​ចូល​គាល់​ព្រះ​មហាក្សត្រ​ខ្មែរ និង​ជួប​ជាមួយ​ឥស្សរជន​រដ្ឋាភិបាល​សំខាន់ៗ ចំនួន ២ ថ្ងៃ​រួច​មក។

លោក ស៊ូ ភិរិន្ទ ជា​អភិបាល​ខេត្ត​សៀមរាប។ នៅ​ឯ​ព្រះលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ លោក​មាន​ប្រសាសន៍​ថា ក្នុង​នាម​មន្ត្រី​រាជការ ប្រជា​ពលរដ្ឋ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់ លោក​សូម​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ ចំពោះ​ដំណើរ​ទស្សនកិច្ច របស់​លោក​ប្រធានាធិបតី​ចិន មក​កាន់​ខេត្ត ដែល​ជា​តំបន់​ទេសចរណ៍​របស់​កម្ពុជា​មួយ​នេះ។

លោក ស៊ូ ភិរិន្ទ៖ «គឺ​ទាំង​អស់​គ្នា​គេ​ពេញ​ចិត្ត គេ​ពេញ​ថ្លើម​ណាស់ ដោយសារ​ប្រជាជន​ចិន​ចុង​ក្រោយ​នេះ គឺ​បាន​ជួយ​ព្រះរាជាណាចក្រ​កម្ពុជា សន្ធឹក​សន្ធាប់​ណាស់ តាំង​ពី​ផ្លូវ​ថ្នល់​ស្ពាន និង​បញ្ហា​សំខាន់ៗ ជា​ច្រើន​ទៀត។ ជា​ទំនៀមទម្លាប់​របស់​ខ្មែរ​យើង យើង​កាន់​ព្រះពុទ្ធសាសនា យើង​ត្រូវ​មាន​រត្តញ្ញូ​កតវេទិតា​ធម៌ ចំពោះ​អ្នក​ដែល​បាន​ជួយ​យើង​ទាន់​យើង​គ្រា​ក្រ។ ហើយ​និង​ចុង​ក្រោយ គឺ​សំណូមពរ​ឱ្យ​ចិន​មក​ប្រទេស​កម្ពុជា និង​ខេត្ត​សៀមរាប​ឱ្យ​ច្រើន ព្រមទាំង​ភ្ញៀវ​ទេសចរណ៍​ផង ដើម្បី​បាន​ចំណូល​ច្រើន​ក្នុង​ប្រទេស​យើង ក៏​ដូច​ឱ្យ​បង​ប្អូន​កូន​ចៅ មាន​ការងារ​ច្រើន មាន​ចំណូល​ច្រើន​ក៏​កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​វិស័យ​ទេសចរណ៍​ដែរ»។

លោក ស៊ូ ភិរិន្ទ មាន​ប្រសាសន៍​ទៀត​ថា ខេត្ត​សៀមរាប ត្រូវ​ការ​អ្នក​វិនិយោគ​របស់​ប្រទេស​ចិន ដើម្បី​ឱ្យ​ចូល​មក​រកស៊ី នៅ​ក្នុង​ខេត្ត​នេះ ដោយសារ​តែ​បច្ចុប្បន្ន មាន​អ្នក​ទេសចរណ៍​ចិន​ជា​ច្រើន​ម៉ឺន​នាក់ បាន​មក​ទស្សនា​ប្រាសាទ​បុរាណ។ ក៏​ប៉ុន្តែ មិន​ទាន់​មាន​អ្នក​វិនិយោគ​ទុន​ចិន ចូល​មក​រក​ស៊ី ឱ្យ​បាន​ច្រើន​នៅ​ឡើយ​ទេ។

ចំណែក​លោក អ៊ី ឈាង ជា​អនុ​ប្រធាន​សមាគម​ខ្មែរ-ចិន ប្រចាំ​ខេត្ត​សៀមរាប។ លោក​ថ្លែង​ថា ជា​លើក​ដំបូង ដែល​លោក​បាន​ទៅ​ចូលរួម​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​មេ​ដឹកនាំ​ចិន។ លោក អ៊ី ឈាង យល់​ថា វត្តមាន​របស់​មេ​ដឹកនាំ​ចិន នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​ជា​ច្រើន នៅ​ពេល​ខាង​មុខ។

លោក អ៊ី ឈាង៖ «មាន​អារម្មណ៍​ថា រំភើប​ណាស់ បាន​គាត់ (ហ៊ូ ជិនតាវ) មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​យើង។ អបអរសាទរ ដែល​គាត់​បាន​មក​ជាន់​ទឹក​ដី​ខេត្ត​សៀមរាប នាំ​ផល​ប្រយោជន៍​ល្អ​សម្រាប់​ប្រទេស​យើង ធ្វើ​ឱ្យ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ។ ខ្ញុំ​យល់​ឃើញ​ថា ជា​ការ​មួយ​ល្អ​បំផុត ព្រោះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ យើង​បាន​រក្សា​នូវ​មិត្តភាព​គង់វង្ស​ល្អ​ណាស់»។

កម្មវិធី​ទស្សនកិច្ច​របស់​លោក ហ៊ូ ជិនតាវ បាន​ឱ្យ​ដឹង​ថា ដំណើរ​មក​កាន់​ខេត្ត​សៀមរាប នៅ​​​​​ថ្ងៃ​ទី​១ ខែ​មេសា គឺ​លោក និង​ភរិយា មាន​គម្រោង​ទៅ​ទស្សនា​ប្រាសាទ​បូរាណ មាន​ប្រាសាទ​អង្គរ​វត្ត ប្រាសាទ​បាយ័ន ប្រាសាទ​ចៅ​សាយ​ទេវតា ដែល​ចិន​ធ្លាប់​បាន​ផ្ដល់​មូលនិធិ​ជួសជុល និង​ប្រាសាទ​តា​ព្រហ្ម​ជា​ដើម៕

កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែល​មិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។