លោក ហុង លីណូ ចោទ​គ្រូពេទ្យ​ថា​ធ្វេស​ប្រហែស​បណ្ដាល​ឲ្យ​ភរិយា​លោក​ស្លាប់

ការ​ទទួល​ខុស​ត្រូវ​របស់​គ្រូ​ពេទ្យ​ជំនាញ នៅ​ក្នុង​ប្រទេស​កម្ពុជា គេ​សង្កេត​ឃើញ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ក្តី​ព្រួយ​បារម្ភ នៅ​ពេល​ពួក​គាត់​សម្រេច​ចិត្ត​ចូល​ទៅ​ព្យាបាល​ជំងឺ នៅ​មន្ទីរ​ពេទ្យ​ម្តងៗ។

0:00 / 0:00

ជាក់ស្តែង ភរិយា​របស់​តន្ត្រី​ករ និង​ជា​អ្នក​និពន្ធ​ជើង​ចាស់​ល្បី​ឈ្មោះ​មួយ​រូប គឺ​លោក ហុង លីណូ បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ បន្ទាប់​ពី​បាន​វះ​កាត់​ដំ​សាច់​ក្នុង​ស្បូន (គីស) បាន​ប្រហែល​ជាង​មួយ​សប្ដាហ៍ កាល​ពី​ដើម​ខែ​ឧសភា កន្លង​ទៅ។

លោក ហុង លីណូ អះអាង​ថា ការ​ស្លាប់​របស់​ភរិយា​គាត់ ដោយ​សារ​គ្រូ​ពេទ្យ​មិន​យក​ចិត្ត​ទុក​ដាក់ និង​ពុំ​មាន​ការ​ទទួល​ខុស​ត្រូវ​លើ​ជំនាញ​របស់​ខ្លួន។

ពាក្យ​ចាស់​លោក​ពោល​ថា ស៊ូ​ឲ្យ​ស្លាប់​បា​កុំ​ឲ្យ​ស្លាប់​មេ។ សុភាសិត​បុរាណ​មួយ​ឃ្លា​នេះ បាន​ធ្វើ​ឲ្យ​លោក ហុង លីណូ ពិចារណា​ហើយ​ពិចារណា​ទៀត​ថា ការ​បាត់​បង់​ជា​ស្ត្រី​មេ​ផ្ទះ ជា​ឧត្តម​ភរិយា ជា​មាតា​ដ៏​ល្អ ពិត​ជា​ផ្តល់​នូវ​ការ​លំបាក​រក​ទី​បំផុត​គ្មាន សម្រាប់​គ្រួសារ​ទាំង​មូល។

លោក ហុង លីណូ មាន​អាយុ​៦០​ឆ្នាំ លោក​មាន​ភរិយា​ឈ្មោះ មោក ទូច អាយុ​៥២​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ​២០១២ នេះ និង​មាន​កូន​ប្រុស​ម្នាក់​អាយុ​ប្រមាណ​ជាង​២០​ឆ្នាំ ជា​ចំណង​ដៃ​នៃ​ជីវិត​អាពាហ៍ពិពាហ៍​របស់​លោក។

លោក ហុង លីណូ ជា​តន្ត្រីករ អ្នក​និពន្ធ​បទ​ភ្លេង និង​ទំនុក​ច្រៀង​ជើង​ចាស់​ល្បី​ឈ្មោះ​ម្នាក់ នៅ​អំឡុង​ឆ្នាំ​១៩៧២-១៩៧៣ និង​ចាប់​ពី​ឆ្នាំ​១៩៧៩-១៩៨០ ក្រោយ​របប​ខ្មែរ​ក្រហម​រហូត​មក។

ជីវិត​ជា​សិល្បករ មាន​ពេល​ខ្លះ​សប្បាយ មាន​ពេល​ខ្លះ​ក៏​មាន​រឿង​ទុក្ខ​សោក​ជា​ធម្មតា ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​មាន​ទុក្ខសោក និង​ឈឺ​ចាប់​បំផុត​នៅ​ក្នុង​ឆ្នាំ​២០១២ នេះ ធ្វើ​ឲ្យ​លោក​មិន​អាច​រក​អ្វី​មក​ថ្លែង​ឲ្យ​ស្មើ​ពុំ​បាន ចំពោះ​ការ​ស្លាប់​ភរិយា​ជា​ទី​ស្រឡាញ់​របស់​លោក៖ «ខ្ញុំ​និយាយ​ទៅ​ចង់​តែ​ហូរ​ទឹក​ភ្នែក បើ​ថា​មិន​សម​មនុស្ស​រាប់​លាន​នាក់​គេ​ទៅ​វះ​គីស មិន​ដែល​ស្លាប់ រឿង​អី​ក៏​ប្រពន្ធ​ចូល​ទៅ​វះ​គីស​ស្លាប់ ទុក​ចិត្ត​ពេទ្យ​កាល់ម៉ែត្រ ពេក រហូត​ដល់​ពេល​ខ្ញុំ​ឈឺ​ចាប់ ចុក​ចាប់​មែន​ទែន»

លោក​ថា ការ​ស្លាប់​របស់​ប្រពន្ធ​គាត់ ដោយ​សារ​លោក​ពុំ​មាន​លុយ​គ្រប់គ្រាន់ ទើប​ពេទ្យ​មិន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ។

ប្រពន្ធ​របស់​លោក បាន​កើត​ជំងឺ​ដុំ​សាច់​ក្នុង​ស្បូន ឬ​ហៅ​ថា​គីស ជាច្រើន​ឆ្នាំ​មក​ហើយ រហូត​មក​ដល់​ជិត​ពាក់​កណ្ដាល​ឆ្នាំ​២០១២ នេះ ជំងឺ​ប្រពន្ធ​គាត់​បាន​ឈាន​ដល់​ដំណាក់​ការ​វះ​កាត់​យក​គីស​នោះ។ គ្រួសារ​គាត់​បាន​សម្រេច​ចិត្ត​ចូល​ទៅ​ព្យាបាល​នៅ​ពេទ្យ​កាល់ម៉ែត្រ ពីព្រោះ​ពេទ្យ​ឯកជន​គេ​យក​ថ្លៃ​ពេក ចំនួន​៧០០​ដុល្លារ ចំណែក​ឯ​ពេទ្យ​កាល់ម៉ែត្រ ចំណាយ​តែ​ជាង​៤០០​ដុល្លារ​ទេ។

នៅ​ថ្ងៃ​វះ​កាត់ កាល​ពី​ចុង​ខែ​មេសា ប្រពន្ធ​គាត់​បាន​ឆ្លង​ផុត​គ្រោះថ្នាក់ ត្រឡប់​មក​ផ្ទះ​ជា​ធម្មតា។ ប៉ុន្តែ​ក្រោយ​វះ​កាត់​បាន​ប្រមាណ​៧ថ្ងៃ ប្រពន្ធ​គាត់​មាន​អាការៈ​មិន​ស្រួល​ខ្លួន​ប្លែក ក៏​យក​ទៅ​មន្ទីរ​ពេទ្យ​ម្តង​ទៀត៖ «ថ្ងៃ​ដែល​កាត់​ថ្នេរ កាត់​ចេស​ហ្នឹង យប់​ហ្នឹង​ម៉ោង​បី​ភ្លឺ ញាក់​ពី​ក្នុង​ពោះ​ហ្មង ញាក់​ហើយ​ខ្ញុំ​ក៏​ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ ទៀត។ ខ្ញុំ​រង់ចាំ​ពេទ្យ​ហ្នឹង​តាំង​ពី​ម៉ោង​បី ម៉ោង​បួន​ភ្លឺ រហូត​ដល់​ម៉ោង​ប្រាំបួន​ព្រឹក បាទ​បាន​ជួប​ពេទ្យ​ហ្នឹង។ ហើយ​ប្រពន្ធ​ខ្ញុំ​ទៅ​ដេក​ដោយ​ញាក់ញ័រ និង​រុញ​ទៅ​គ្រែ​យ៉ាង​អត់​អនាម័យ។ ខ្ញុំ​ក៏​បាន​រង់ចាំ​ពេទ្យ​ហ្នឹង​មក រហូត​ដល់​ម៉ោង​ប្រាំបួន មក​កាត់​ចេស​អោយ​ប្រពន្ធ​ខ្ញុំ ថា​អត់​អី​ទេ ស្អាត​ចែស។ ប្រពន្ធ​ខ្ញុំ​ហ្នឹង គាត់​អត់​និយាយ​ប្រាប់​ថា ខ្ញុំ​ញាក់ យប់​មិញ​ខ្ញុំ​អត់​បាន​គេង ខ្ញុំ​ញាក់។ ហើយ​ខ្ញុំ និង​ជាមួយ​កូន​ប្រុស​ខ្ញុំ​ម្នាក់​ទៀត​ហ្នឹង ក៏​បាន​សុំ​លោក​គ្រូ​ពេទ្យ​ហ្នឹង ដេក​តាម​ដាន​ពិនិត្យ​ជំងឺ​ទៀត​ដែរ។ ប៉ុន្តែ​គាត់​ថា មិន​អី​ទេ ស្អាត​ចែស​ហ្មង កន្លែង​កាត់​ថ្នេរ​ស្អាត ស្អាត​តែ​ខាង​ក្រៅ ប៉ុន្តែ​ខាង​ក្នុង​មិន​ដឹង​យ៉ាង​ម៉េច។ វិជ្ជាជីវៈ​របស់​ពេទ្យ គួរ​តែ​ចាប់​អារម្មណ៍​នៅ​ពេល​ដែល​អ្នក​ជំងឺ​ពោល​ថា​ខ្លួន​ឯង​អត់​មាន​អាការៈ​អត់​ស្រួល»

ក្រោយ​បាន​ពិនិត្យ​រួច គ្រូ​ពេទ្យ​បាន​អះអាង​ថា អ្នក​ជំងឺ​មាន​ស្ថានភាព​ធម្មតា ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​បាន​ចេញ​វេជ្ជ​បញ្ជា​ឲ្យ​ទិញ​ថ្នាំ​លេប​នៅ​ផ្ទះ។

ប៉ុន្តែ​ក្រោយ​ពី​ត្រឡប់​ទៅ​ផ្ទះ​បាន​២​ថ្ងៃ ប្រពន្ធ​គាត់​មាន​អាការៈ​កាន់​តែ​ធ្ងន់ធ្ងរ​ទ្វេ​ឡើង ក៏​ត្រឡប់​មក​មន្ទីរ​ពេទ្យ​ម្តង​ទៀត​ជា​លើក​ទី​៣ នៅ​ថ្ងៃ​ទី​៤ ឧសភា ឆ្នាំ​២០១២។ ថ្ងៃ​នោះ​ហើយ ដែល​ប្រពន្ធ​របស់​លោក គាត់​មាន​វាសនា​អាក្រក់​ដែល​ពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ទាន់​ពេល៖ «ត្រលប់​ទៅ​វិញ​ម្តង​ទៀត គ្មាន​អ្នក​ទទួល​ខុស​ត្រូវ វេជ្ជ​បណ្ឌិត​ជើង​ចាស់​ណា​មួយ សុទ្ធ​តែ​ពេទ្យ​ស្ដារ ដូច​យក​ប្រពន្ធ​ខ្ញុំ​ទៅ​ពិសោធន៍ អោយ​ប្រពន្ធ​ខ្ញុំ​ស្លាប់​អ៊ីចឹង ខ្ញុំ​ឈឺ​ចាប់​ចុក​ចាប់​មែន​ទែន»

លោក ហុង លីណូ បន្ត​ថា ក្រោយ​ប្រពន្ធ​លោក​ស្លាប់ គ្រូ​ពេទ្យ​ដែល​ទទួល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ នោះ មិន​បាន​ទទួល​ខុស​ត្រូវ​អ្វី​ទាំង​អស់ ហើយ​ក៏​មិន​មាន​ការ​បកស្រាយ​ណា​មួយ​ច្បាស់​លាស់ ជុំវិញ​មូលហេតុ​ដែល​នាំ​ឲ្យ​ប្រពន្ធ​លោក​ស្លាប់ ដើម្បី​ឲ្យ​លោក​អស់​ចិត្ត​នោះ​ទេ។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​លោក​រឹត​តែ​មាន​ការ​ឈឺ​ចាប់៖ «ព្រោះ​តាម​ខ្ញុំ​ស្តាប់ ក្រោយ​ពី​ភរិយា​ខ្ញុំ​ស្លាប់​ហ្នឹង ខ្ញុំ​ទើប​នឹង​ដឹង​ថា មាន​គេ​ស្លាប់​ច្រើន​គ្នា​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ បាទ។ ហើយ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ហ្នឹង នៅ​ពេល​ដែល​គ្រួសារ​ខ្ញុំ​បាត់​បង់​ជីវិត ប្រពន្ធ​ខ្ញុំ​បាត់​បង់​ជីវិត​ហ្នឹង អោយ​យក​ខ្មោច​ចេញ​ទាល់​តែ​បង់​លុយ​មន្ទីរ​ពេទ្យ​ហ្នឹង​ទៀត។ ខ្ញុំ​ចុក​ចាប់​មែន​ទែន មួយ​ថ្ងៃ​៤៥​រៀល ហើយ​យក​ទៅ​ដាក់​ក្នុង​បន្ទប់​សង់​ត្រល់​នេះ កូន​ក៏​ដោយ ប្តី​ក៏​ដោយ គេ​អត់​មាន​សិទ្ធិ​អោយ​យើង​ចូល​ទៅ​កំដរ​ទេ អ៊ីចឹង​ទៀត»

លោក ហេង តៃគ្រី រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​អតីត​ប្រធាន​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ លោក​មាន​ប្រសាសន៍​ពន្យល់​ថា ការ​ទទួល​ខុស​ត្រូវ​របស់​គ្រូ​ពេទ្យ នៅ​ពេល​ដែល​ព្យាបាល​ជំងឺ​គេ​មិន​ជា ហើយ​ស្លាប់​នេះ វា​មាន​ជាប់​ពាក់ព័ន្ធ​បញ្ហា​ជាច្រើន ក្នុង​នោះ​មាន​បញ្ហា​បច្ចេកទេស​ជំនាញ​ពេទ្យ ដែល​គេ​ហៅ​ថា មនុស្ស​ឃាត​ដោយ​អចេតនា៖ «ឧបមា​ថា​លោក​ឯង​មក​ដល់​បាញ់​គ្នា​ធ្លាយ​សួត ធ្លាយ​បេះដូង ទៅ​វះ​ឆាច់ៗ​ទៅ ដល់​វះ​ទៅ យើង​ជួយ​មិន​ទាន់ អាហ្នឹង​ស្លាប់ អាហ្នឹង​គេ​ថា​អ៊ីចឹង គេ​ថា​មនុស្ស​ឃាត​ដោយ​អចេតនា។ យើង​មើល​ជំងឺ​គេ​អ៊ីចឹង​ទៅ យើង​ថា​មិន​អី​ទេៗ ដូច​អា​គ្រោះថ្នាក់​ចរាចរណ៍​អ៊ីចឹង បុក​ម៉ាំង​ទៅ​ត្រូវ​ក្បាល​អត់​អី​ទេ ដើរ​សើច​ស្ញេញ​ដាក់​ពេទ្យ​លេង ស្អែក​ឡើង​ដាច់​សរសៃ​ឈាម ហើម​ខួរ​ឯ​ណា សន្លប់​ភីង គេ​អាច​បន្ទោស​ពេទ្យ​ថា​មិន​យក​ចិត្ត​ទុក​ដាក់»

លោក​បន្ត​ថា នៅ​មាន​កត្តា​ផ្សេង​ទៀត​ដែល​អាច​មក​ពី​អ្នក​ជំងឺ និង​គ្រូ​ពេទ្យ៖ «ហើយ​គ្រូ​ពេទ្យ​ខ្លះ យើង​ពេល​ខ្លះ​ខ្វះ​ចន្លោះ​ដែរ ដូច​ថា​យាម​២៤​ម៉ោង អ្នក​ជំងឺ​ចូល​មក​មួយ​យប់​៦០​នាក់ ដូច​កាល់ម៉ែត្រ អ៊ីចឹង វា​គ្មាន​បាន​សម្រាក​ទេ»

ការ​ខ្វះ​ចន្លោះ​របស់​គ្រូ​ពេទ្យ បាន​កើត​ជា​ញឹក​ញាប់​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ជំងឺ​បាត់​បង់​សេចក្តី​ទុក​ចិត្ត ហើយ​បាន​សម្រេច​ចិត្ត​ចេញ​ទៅ​រក​សេវា​ព្យាបាល​នៅ​ក្រៅ​ប្រទេស ទោះ​បី​មាន​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ។

នៅ​ពេល​ខាង​មុខ​នេះ លោក ហុង លីណូ នឹង​និពន្ធ​កំណាព្យ បទ​ចំរៀង​មួយ​ចំនួន ដើម្បី​អប់រំ​ដាស់​សតិ​ដល់​គ្រូ​ពេទ្យ ដែល​ពុំ​គិតគូរ​ពី​ក្រម​សីលធម៌ វិជ្ជាជីវៈ ជា​គ្រូ​ពេទ្យ ដើម្បី​ឲ្យ​ពួក​គាត់​ភ្ញាក់​រលឹក​គិត​ដល់​ការ​ឈឺ​ចាប់​របស់​គ្រួសារ​អ្នក​ជំងឺ ដែល​ត្រូវ​បាត់​បង់​សមាជិក​គ្រួសារ​ជា​ទី​ស្រឡាញ់ និង​សូម​ឲ្យ​ពួក​គេ​មាន​ការ​ទទួល​ខុស​ត្រូវ​លើ​ជំនាញ​របស់​ខ្លួន​ឲ្យ​បាន​ខ្ពស់ ជា​ទី​ទុក​ចិត្ត​ដល់​អ្នក​ជំងឺ​គ្រប់​រូប ដោយ​មិន​រើស​អើង។ ម្យ៉ាង​ទៀត ក៏​ដើម្បី​បន្ធូរ​នូវ​ទុក្ខសោក និង​ការ​ឈឺ​ចាប់ ចំពោះ​ការ​ស្លាប់​របស់​ភរិយា​របស់​លោក​ផង​ដែរ៖ «ខ្ញុំ​ចង់​សរសេរ​កំណាព្យ​មួយ​ដែរ កំណាព្យ​នេះ​ខ្ញុំ​ចង់​ផ្ញើ​ទៅ​អោយ​លោក​គ្រូ​ពេទ្យ​ដែល​វះ​សម្លាប់​ប្រពន្ធ​ខ្ញុំ​ផ្ទាល់​ទៀត។ មាន​អត្ថន័យ​ដែល​ប្រពន្ធ​ខ្ញុំ​ស្លាប់​បាត់​បង់​ជីវិត ដោយ​សារ​ពេទ្យ​មិន​យក​ចិត្ត​ទុក​ដាក់​ទីមួយ ហើយ​និង​ការ​តក់​ស្លុត​របស់​យើង អាច​បណ្ដាល​ប្រពន្ធ​ខ្ញុំ​ស្លាប់​បាត់​បង់​ជីវិត ខ្ញុំ​នឹង​ព្យាយាម​សរសេរ ពីព្រោះ​ខ្ញុំ​អត់​អាច​បំភ្លេច​អ្វី​បាន​ទេ នូវ​ការ​ឈឺ​ចាប់​នេះ»

លោក​ក៏​សូម​ឲ្យ​ប្រជាពលរដ្ឋ មាន​ការ​ប្រុង​ប្រយ័ត្ន​មុន​ពេល​សម្រេច​ចិត្ត​ចូល​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ណា​មួយ ជាពិសេស​សូម​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​ឡើង​វិញ អោយ​ម៉ត់ចត់​ចំពោះ​ក្រម​សីលធម៌​របស់​គ្រូ​ពេទ្យ​បច្ចុប្បន្ន និង​ការ​ទទួល​ខុស​ត្រូវ​របស់​ពួក​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។