លោក សាន់ ចាន់ថេត អាជីវករលក់សាច់ជ្រូកនៅភ្នំពេញបានឲ្យដឹងថា បញ្ហាក្រុមហ៊ុន៤ដែលបានច្របាច់ចូលគ្នាតែមួយរកស៊ីផ្តាច់មុខលើទីផ្សារជ្រូកនេះអាចធ្វើឲ្យពួកគេដំឡើងថ្លៃស្រេចតែចិត្តបាន។
លោក សាន់ ចាន់ថេត បញ្ជាក់ថា ៖ «ពីមុនវាមាន៦ក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងកសិកម្ម ក៏ប៉ុន្តែកាលដើមឡើយដែលមិនទាន់មានបាតុភាព ដោយសារតែគេលក់តាមទីតាំងរៀងៗខ្លួន អាហ្នឹងយើងគិតថា វាជាទីផ្សារសេរី ហើយដល់ពេលក្រោយមកបួនក្រុមហ៊ុនហ្នឹងគេសហការគ្នា គេទិញអាជ្ញាប័ណ្ណដូចជាទិញសិទ្ធិពីរក្រុមហ៊ុនទៀតអត់ឲ្យធ្វើចរាចរណ៍ គេសហការគ្នាគេ សហការប្រមូលផ្តុំគ្នា គឺគេយកមកលក់តែទីតាំងតែមួយទេ»។
លោកបន្តថា មកដល់ពេលនេះពុំទាន់មានការឆ្លើយតមយ៉ាងណាឡើយពីមន្ទីរកសិកម្មរាជធានី ឬក៏នាយកដ្ឋានបសុព្យាបាលរាជធានីភ្នំពេញនោះទេ។
អាជីវករ សាន់ ចាន់ថេត បន្ថែមទៀតថា ៖ «បាទ! ខ្ញុំនៅរង់ចាំប្រហែលថ្ងៃច័ន្ទ ថ្ងៃអង្គារ បើសិនគេមិនដោះស្រាយខ្ញុំនិងអាជីវករទាំងអស់នឹងប្រហែលជាទៅសំណូមពរដល់ក្រសួងកសិកម្មទៀត»។
មន្រ្តីគម្រោង USAID MSME កម្ពុជា លោក ធឿន ថន ដែលធ្វើការពង្រឹងសហគ្រាសខ្នាតតូចនិងមធ្យមកម្ពុជាផ្នែកលើកកម្ពស់អាជីវកម្មជ្រូកនៅតាមសហគមន៍ បានសម្តែងនូវក្តីព្រួយបារម្ភចំពោះធ្វើអាជីវកម្មផ្តាច់មុខនេះថា វាមិនត្រឹមតែបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាជីវករប៉ុណ្ណោះទេ វាថែមទាំងប៉ះពាល់ដល់អាជីវកម្មចិញ្ចឹមជ្រូកកម្ពុជានៅតាមសហគមន៍ដែលរដ្ឋាភិបាលកំពុងតែពង្រឹងនោះផង។
លោក ធឿន ថន មានប្រសាសន៍ថា ៖ «អាហ្នឹងហើយដែលគ្រោះថ្នាក់បំផុត។ បន្តិចទៀតគឺមានអ្នកចិញ្ចឹមជ្រូក មានអ្នកតំណាងសហគមន៍ក្តី សមាគមក្តីគេនឹងតវ៉ា ព្រោះអីដោយសារជ្រូកគេប៉ុន្មានថ្ងៃហ្នឹងលក់អត់ចេញ ដោយសារក្រុមហ៊ុនហ្នឹងគេបង្ខំឲ្យយកជ្រូកពិក្រុមហ៊ុន។ ចំពោះកសិករ កសិដ្ឋានដែលលក់ហ្នឹងពួកហ្នឹងគេអត់ហ៊ានទៅយកទេ ដោយសារគេផាកពិន័យចាប់ពីមួយលានដល់១៥លាន(រៀល)»។
ប្រធាននាយកដ្ឋានបសុព្យាបាល លោក កៅ ផល មិនទាន់អាចពន្យល់អំពីបញ្ហានេះបានទេដោយលោកជាប់រវល់។
ប្រធានសមាគមចិញ្ចឹមជ្រូកកម្ពុជា លោក ស្រុន ពៅ ក៏មានប្រត្តិកម្មដែរចំពោះការនាំជ្រូកចូលពីបរទេសផ្តាច់មុខនេះ ដោយលោកបញ្ជាក់ថា ជាការសម្លាប់មុខរបរចិញ្ចឹមជ្រូកក្នុងស្រុក។
លោក ស្រុន ពៅ បន្តថា ៖ «ការនាំចូលនេះគឺបញ្ហាទីមួយ គឺថា ធ្វើឲ្យប៉ះពាល់ដល់អ្វីដែលហៅថា នាំជំងឺខ្លះមក តិចច្រើនអីវាត្រូវតែមានហើយ ហើយទី២ កាលណាគាត់នាំមកច្រើនអ៊ីចឹង វានាំឲ្យអ្នកកាប់នោះ កុងស៊ីហ្នឹងគាត់អត់ចាប់ជ្រូកកសិករទេ»។
ក្រុមហ៊ុនដែលផ្គត់ផ្គង់សាច់ជ្រូកនាំចូលពីប្រទេសថៃចំនួន៤ ដែលច្របាច់ចូលគ្នានោះ មានក្រុមហ៊ុនយុវពាណិជ្ជ មេគង្គពាណិជ្ជ ងួន សុចិត្រអភិវឌ្ឍន៍និងក្រុហ៊ុនថូគឹមស្រៀងនោះ បានទទួលអាជ្ញាប័ណ្ណពីរដ្ឋាភិបាលកាលពីពេលថ្មីៗនេះ។ ក្រុមហ៊ុននេះបានចាប់ផ្តើមធ្វើការដំឡើងថ្លៃសាច់ជ្រូកដែលលក់ទៅឲ្យអាជីវករលក់បន្តពី៨.២០០ទៅ៩.៥០០រៀលក្នុងមួយគីឡូក្រាម។
នៅក្រោយមានការច្របាច់ក្រុមហ៊ុនចូលគ្នាតែមួយនោះដែរ គេឃើញមានការរឹតត្បិតការនាំជ្រូកចូលពីខេត្តចំនួនបីមកលក់នៅភ្នំពេញ។ ខេត្តទាំងបីនោះមានខេត្តព្រៃវែង តាកែវ និងខេត្តស្វាយរៀង ដែលជាខេត្តជាប់ព្រំដែនប្រទេសវៀតណាម ដែលជាច្រកមួយក្នុងការនាំជ្រូកចូលមកកម្ពុជាដែរ៕